(តាកែវ)៖ លោក បួន លឹមហេង ប្រធានក្រុមការងារចុះជួយពង្រឹងមូលដ្ឋានឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ និងលោកស្រី ព្រមទាំងបុត្រ រួមទាំងសប្បុរសជន គណៈកម្មាធិការ ពុទ្ធបរិស័ទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យពាមមង្គលបុរី នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ បានដង្ហែកឋិនទានសាមគ្គីចូលវត្តពាមមង្គលបុរី ស្ថិតក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីប្រមូលបច្ច័យចាក់ដីបំពេញទីធ្លាក្នុងអារាម។
អង្គកឋិនទានរស្មីមហាសាមគ្គី ដែលដឹកនាំដោយ លោក បួន លឹមហេង នេះដែរ ទទួលបានបច្ច័យមួយចំនួន រួមមាន៖ សរុបរួម ១២,៣៨០ដុល្លារ និង ៤,000,០០០រៀល, ចូលរួមសមាគមន៍មនុស្សចាស់ ២,000,០០០រៀល, ឧបត្ថម្ភភ្លើងវត្ត ២,000,០០០រៀល, សរុបបច្ច័យពុទ្ធបរិស័ទ ៣៥,៨១០,០០០រៀល និង ៤,៦៥២ដុល្លារ, សរុបអង្កត់ត្រៃ ៣៩,៦១០,០០០រៀល, សរុបរួមទាំង២ផ្នែក ១៧,០៣២ដុល្លារ, បច្ច័យបួនព្រះសង្ឃ ៣,០៧០,០០០រៀល។
សូមមជម្រាបថា អង្គកឋិនទានជាទានមួយដែលមានកាលកំណត់ច្បាស់លាស់ ក្នុងចន្លោះ២៩ថ្ងៃ គិតចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលក្នុង១ឆ្នាំ វត្ត១ធ្វើបានតែម្តងគត់ តែមិនកំណត់ថាមួយ ឬពីរកឋិននោះឡើយ ទោះប៉ុន្មានក៏អាចទទួលបានដែរឲ្យតែចូលក្នុងថ្ងៃតែមួយ។
ហេតុដែលនាំឲ្យប្រជាពុទ្ធបរិស័ទសម្រេចបរិច្ចាគទ្រព្យធន ធ្វើបុណ្យកឋិន ដោយសារយល់ច្បាស់ពីហេតុផលចំនួន៤ ទី១៖បុណ្យកឋិនទាន ជាទានដែលមានផល្លានិសង្ឃខ្ពស់ ទទួលបានទាំងអ្នកធ្វើ និងភិក្ខុសង្ឃដែលជាអ្នកក្រាលគ្រង, ទី២៖ជាការលើកទឹកចិត្តចំពោះព្រះសង្ឃ ដែលបានចំណាយពេល៣ខែ ក្នុងការសិក្សារៀនសូត្រ ក្បួនច្បាប់ ធម៌វិន័យ និងប្រតិបត្តិបានត្រឹមត្រូវតាមគន្លងពុទ្ធបញ្ញត្តិ, ទី៣៖ដោយហេតុ មានការជឿជាក់ លើការកសាងសមិទ្ធផលនានាក្នុងទីអារាម មានការីកចម្រើនជាបន្តបន្ទាប់ និងទី៤៖ដោយហេតុថា អាយុសង្ខាមិនទៀង មានតែការសន្សំបុណ្យកុសល ទុកពីជាតិនេះទេ ដែលអាចជួយរំដោះទុក្ខទោសចម្លងទៅជាតិក្រោយបាន៕