(កំពង់ឆ្នាំង)៖ បន្ទាប់ពីបញ្ចប់ការរៀបចំពិធីបុណ្យទន្លេលើកទី៤ នៅខេត្តកណ្ដាល ប្រកបដោយជោគជ័យរួចមក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកខេត្តកំពង់ឆ្នាំង សម្រាប់ប្រារព្ធពិធីបុណ្យទន្លេលើកទី៥ ហើយនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងនៅបរិវេណវិមានឯករាជ្យខេត្តកំពង់ឆ្នាំង និងបន្តដឹកនាំកិច្ចប្រជុំពិភាក្សាពីការត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៥នេះ នៅសាលាខេត្តកំពង់ឆ្នាំង។
ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
➢ បង្កើតព្រឹត្តិការណ៍ទេសចរណ៍សម្រាប់ខេត្តជាប់ដងទន្លេ ដើម្បីរួមចំណែកដល់ការជម្រុញ និងអភិវឌ្ឍខេត្តតាមដងទន្លេកម្ពុជាឲ្យក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញស្របតាមយុទ្ធសាស្ត្រពិពិធកម្មផលិតផលទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។
➢ លើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងបំផុសមហាជនក្នុងការអភិរក្សធនធានធម្មជាតិ ជាពិសេស ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យាភាពរវាងផលប្រយោជន៍ខាងផ្នែកបរិស្ថាន សេដ្ឋកិច្ច-សង្កម និងវប្បធម៌។
➢ រួមចំណែកសម្រេចផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ដោយទេសចរណ៍តាមដងទន្លេ (River based Tourism) ត្រូវបានបញ្ចូលជាផលិតផលទេសចរណ៍ថ្មីមួយសម្រាប់តំបន់អាស៊ាន ព្រមទាំងជម្រុញការតភ្ចាប់ក្នុងក្របខណ្ឌតំបន់នានាដូចជា ក្របខណ្ឌតំបន់អាស៊ាន (បុណ្យទន្លេត្រូវបានដាក់បញ្ចូលក្នុងចំណោមព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗទាំងប្រាំរបស់កម្ពុជារួមមាន បុណ្យសមុទ្រ បុណ្យអុំទូក អង្គរសង្គ្រាន្ត និងម៉ារ៉ាតុងអង្គរ ដើម្បីអបអរសាទរយុទ្ធនាការឃោសនាអាស៊ាន ASEAN@50 កាលពីឆ្នាំ២០១៧) ក្របខណ្ឌមហាអនុតំបន់មេគង្គ (GMS) ក្របខណ្ឌ CLMV ក្របខណ្ឌមេគង្គ-គង្គា និងមេគង្គ-ឡានឆាងជាដើម។
អង្គប្រជុំបានលើកឡើងថា ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង គ្រោងនឹងរៀបចំរយៈពេល៣ថ្ងៃ នៅអំឡងខែមីនា ឆ្នាំ២០១៩ ដោយមានព្រឹត្តិការណ៍ និងសកម្មភាពកីឡា ទេសចរណ៍ វប្បធម៌ជាច្រើន ដូចជា ការប្រកួតកីឡាលើទឹក លើគោក ពិធីដាំដើមឈើ ការរៀបចំសិក្ខាសាលា ការតាំងពិព័រណ៍កសិទេសចរណ៍ និងផលិតផលខ្មែរ ពិព័រណ៍សិប្បកម្ម ពាណិជ្ជកម្ម មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការប្រគុំតន្ត្រី ការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗទៀតជាច្រើន។
លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការរៀបចំពិធីបុណ្យទន្លេនេះ ជាឱកាសដ៏ប្រសើរបំផុតក្នុងការរួមគ្នាគិតរួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ក្នុងការអភិវឌ្ឍទឹកដី ហេដ្ឋារចនាសម្ព័ន្ធជុំវិញខេត្ត ការលើកកម្ពស់ការយល់ដឹងជាសាធារណៈពីការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ វប្បធម៌ ទេសចរណ៍ ការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន ការចូលរួមសម្អាតទីក្រុង ទីប្រជុំជន និងផ្ទះស្នាក់ប្រកបដោយភាពស្អាត ភាពបៃតង (ដើម្បីចូលរួមក្នុងយុទ្ធនាការគ្មានសំរាមក្រោមតុ) ភាពញញឹមរួសរាយរាក់ទាក់ និងបដិសណ្ឋារកិច្ចល្អ ការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍។
ពិសេសព្រឹត្តិការណ៍នេះនឹងជួយលើកកម្ពស់មុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់ខេត្ត បង្កើតមុខរបរ ប្រាក់ចំណូល និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ ជាងនេះទៀត ខេត្តកំពង់ឆ្នាំងនឹងក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ ភាពស្អាត បៃតង និងបដិសណ្ឋារកិច្ចល្អ។
លោករដ្ឋមន្ត្រីបានលើកឡើងពីប្រវត្តិទន្លេមេគង្គប្រភពពីខ្ពង់រាបទីបេ ប្រទេសចិន មានប្រវែងប្រមាណ ៤,២០០គីឡូម៉ែត ហូរកាត់ខេត្តយូណាន ភាគខាងត្បូងប្រទេសចិន និងឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀណាម នឹងហូរកាត់ទៅតំបន់ដីសណ្ដរភាគខាងត្បូងប្រទេសវៀតណាម។
ទន្លេមេគង្គហូរកាត់ប្រទេសកម្ពុជាប្រមាណ ៥០០គីឡូម៉ែត ពីជើងទៅត្បូង និងបែកជាទន្លេផ្សែងៗ ដូចជា ទន្លេសេសាន ក្នុងខេត្តស្ទឹងត្រែង ទន្លេស្រែពក ក្នុងខេត្តរតនគីរី ទន្លេសាប និងបឹងទន្លេសាប ទន្លេបាសាក់ ទន្លេវ៉ៃគោ ក្នុងខេត្តស្វាយរៀង បឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ និងបំបែកជាដៃទន្លេ ស្ទឹងជាច្រើនទៀត។ អាស្រ័យហេតុនេះហើយ បានជានៅក្នុងយុទ្ធសាស្ត្រវិស័យធនធានទឹកបានចាត់ទុកកម្ពុជា ជាព្រះរាជាណាចក្រទឹក (Kingdom of Water)។
ប្រជាជនដែលរស់នៅតាមបណ្ដោយទន្លេមេគង្គទាំង៦ប្រទេសនេះ មានប្រមាណ ៩០លាននាក់ ក្នុងនោះកម្ពុជាមានប្រជាជនប្រមាណ ៥លាននាក់ (១ភាគ៣ នៃប្រជាជនសរុប) រស់នៅតាមបណ្ដោយទន្លេមេគង្គ (បើគិតរួមបញ្ចូលប្រជាជនដែលរស់នៅតាមខេត្តជុំវិញបឹងទន្លេសាប និងទន្លេផ្សែងៗទៀត អាចមានដល់ទៅ ១៣លាននាក់)។
សូមជម្រាបថា សម្រាប់បុណ្យទន្លេលលើកទី១ ឆ្នាំ២០១៥ នៅខេត្តក្រចេះ មានភ្ញៀវសរុបប្រមាណ ១០ម៉ឺននាក់, ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម មានភ្ញៀវសរុបប្រមាណ ៥០ម៉ឺននាក់, ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង មានភ្ញៀវសរុបប្រមាណ ១៤ម៉ឺននាក់, ឆ្នាំ២០១៨ នៅខេត្តកណ្ដាល មានភ្ញៀវសរុបប្រមាណ ១.៥លាននាក់៕