(កណ្តាល)៖ ​​លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹង​មូលដ្ឋានស្រុកមុខកំពូល នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល ដើម្បីធ្វើការត្រួតពិនិត្យ​លទ្ធផលការងារ ដែលសម្រេចបាន​ក្នុងពេលកន្លងមក និងដើម្បីដាក់ចេញនូវផែនការសកម្មភាព​សម្រាប់អនុវត្តបន្ត។

អង្គប្រជុំបានធ្វើការពិភាក្សា អំពីសភាពការណ៍រួម​នៅក្នុងស្រុកមុខកំពូល ទាំងស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយ រួមទាំងបញ្ហាសន្តិសុខ និង​សណ្តាប់ធ្នាប់សាធារណៈ។ អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង​របស់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ ដែលសម្រចបាននូវ​លទ្ធផលល្អប្រសើរ ក្នុងការបម្រើប្រជាជន ជាពិសេសកិច្ច អន្តរាគមន៍ជួយប្រជាជន ក្នុងពេលទឹកជំនន់កន្លងមក ក៏ដូចជាសកម្មភាពជួយសង្រ្គោះប្រជាពលរដ្ឋ ដែលបានជួបប្រទះបញ្ហា បណ្តាលមកពីគ្រោះធម្មជាតិផ្សេងៗ។

លោក វង្សី វិស្សុត បានណែនាំដល់មន្រ្តី​គណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបម្រើប្រជាជន ដោយស្មោះត្រង់ និងធ្វើការឲ្យកាន់តែសកម្មជាងមុន ដើម្បីផ្តល់នូវការ​ឆ្លើយតបទៅ នឹងការទន្ទឹងរង់ចាំរបស់ប្រជាជន ដោយប្រកាន់ខ្ជាប់នូវស្មារតីកែទម្រង់ ដើម្បីដោះស្រាយបញ្ហាជីវភាព របស់ប្រជាជន និងយុត្តិធម៌សង្គម ប្រកបដោយប្រសិទ្ធភាព ដើម្បីកុំឲ្យពួកគាត់មានការខកចិត្ត។

លោកបានគូសបញ្ជាក់ថា មន្ដ្រីទាំងអស់ចាំបាច់ត្រូវធ្វើកិច្ចការនេះឲ្យបានល្អបំផុត ឲ្យបានទាន់ពេលវេលា និងឲ្យដូចភ្លៀងរលឹម ដើម្បីបន្តរក្សាភាពខ្លាំង ភាពដឹកនាំមុខ និងប្រៀប​ឈ្នះរបស់គណបក្ស​សម្រាប់រយៈពេលវែងតទៅមុខទៀត និងបានបង្កើតក្រុមការងារ​ចំពោះកិច្ចមួយ ដើម្បីសិក្សា និងរៀចំផែនការ ធនធនមនុស្ស​របស់គណបក្សនៅតាមកម្រិតឃុំនីមួយៗ ក្នុងគោលដៅពង្រឹងការងារដឹកនាំបក្សនៅមូលដ្ឋាន ជាពិសេសការបន្តវេន។

មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ ក៏បានណែនាំដល់មន្រ្តីបក្សទាំងអស់ ត្រូវបន្តខិតខំធ្វើអំពើល្អ និងចេះកែលំអរនូវចំណុចខ្វះចន្លោះ និងភាពអសកម្មទាំងឡាយ ដែលអាចបង្កឲ្យមានការថ្នាំងថ្នាក់ និងការប៉ះពាល់ដល់សតិអារម្មណ៍ និងផលប្រយោជន៍របស់ប្រជាជន ដែលជាម្ចាស់ឆ្នោតនៅមូលដ្ឋាន។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការ ផ្តល់នូវសេវា​សាធារណៈផ្សេងៗ ជូនប្រជាជនឲ្យកាន់តែមានប្រសិទ្ធភាព មានគុណភាព និងទាន់ពេលវេលា ព្រមទាំងត្រូវបន្តខិតខំដោះស្រាយបញ្ហានានា នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ជាមួយគ្នានេះ មន្រ្តីគណបក្ស​គ្រប់លំដាប់ថ្នាក់ ត្រូវបន្តចូលរួមគាំទ្រ​ដល់ការអភិវឌ្ឍនៅមូលដ្ឋាន ពិសេសការជួសជុល និងស្តារឡើងវិញ​នូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយទឹកជំនន់ និងការ​ដោះស្រាយបញ្ហា បាកច្រាំងនៅក្នុងភូមិសាស្រ្តឃុំព្រែកដំបង និងឃុំឬស្សីជ្រោយ។ ក្រៅពីនេះ​ត្រូវបន្តសកម្មភាពមនុស្សធម៌ និងសង្គមផ្សេងៗ ដូចជាការជួយ​ដល់ចាស់ ជរាគ្មានទីពឹង និងបងប្អូន​ប្រជាពលរដ្ឋទីទ័លក្រ ដែលមានជីវភាពលំបាកខ្លាំង ការជួយសាងសង់ផ្ទះ និងជួយឧបត្ថម្ភដល់គ្រួសារ​ ដែលជួបគ្រោះមហន្តរាយធម្មជាតិ និងការ​ចូលរួមថវិកាបុណ្យសពជាដើម ដោយមិនប្រកាន់និន្នាការនយោបាយ។

លោកបានស្នើឲ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវមានភាពម៉ឹងម៉ាត់ក្នុងការអនុវត្តច្បាប់ រួមទាំងការពង្រឹងការអនុវត្តច្បាប់ ពិសេសការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងត្រូវរក្សាការពារឲ្យបានដាច់ខាតនូវទ្រព្យសម្បត្តិទាំងឡាយរបស់រដ្ឋ ដូចជាបឹងបួជាដើម កុំឲ្យមានការរំលោភបំពាន និងកាន់កាប់ ដោយខុសច្បាប់​៕