លោក សំ ប្រជាមានិត៖ ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ចំនួន៧ខេត្ត នឹងត្រូវតែងតាំង និងផ្លាស់ប្តូរ (Video inside)
27-10-2018 16:29
(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ លោក សំ ប្រជាមានិត អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បើកកិច្ចប្រជុំលើកទី៣០ ក្រោមព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានសម្រេចធ្វើការតែងតាំង និងផ្លាស់ប្តូរព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ចំនួន៧ខេត្ត។
អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក សំ ប្រជាមានិត បានបញ្ជាក់ថា៖ ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ លោក យ៉េត ចរិយា ត្រូវតែងតាំងជាអគ្គព្រះរាជអាជ្ញារងមហាអយ្យការអមតុលាការកំពូល, លោក កែវ សុធា ព្រះរាជអាជ្ញាកំពង់ស្ពឺ មកជំនួសព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកលោក លោក រស់ សារាំ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ តែងតាំងជាព្រះរាជអាជ្ញា ខេត្តកោះកុង។ លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តែងតាំងជា ព្រះរាជអាជ្ញាខេត្តព្រះសីហនុ។ ព្រះរាជអាជ្ញាខេត្តព្រះសីហនុ, លោកស្រី ចាតសូ រស្មី ផ្ទេរមកកាន់ជា ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ។
ដោយឡែកលោក ប៊ូ ប៊ុនហាំង ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តកោះកុង ទៅកាន់ជាព្រះរាជអាជ្ញាខេត្តព្រៃវែង។ ឈ្មោះ មាស សុភ័ក្រ្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង ទៅកាន់ជាអគ្គព្រះរាជអាជ្ញារងឧទ្ធរណ៍។ លោក ហៀង សុភ័ក្រ្ត ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំ ទៅកាន់ជាព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី។ លោក ឡុង ហុកម៉េង ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី ទៅកាន់ខេត្តត្បូងឃ្មុំវិញ៕