(ភ្នំពេញ)៖ ក្នុងរយៈពេល០២ថ្ងៃ គឺថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបានជនសង្ស័យ១៤នាក់ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតបានក្រាមពណ៌សថ្លា០៧កញ្ចប់ (ប្រភេទម៉ាទឹកកក) នៅចំណុចទីតាំងផ្សេងៗគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
របាយការណ៍របស់កងរាជអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យទាំង១៤នាក់នេះមាន ទី១៖ឈ្មោះ យ៉ាវ រក្សា ហៅទ្រា អាយុ១៩ឆ្នាំ, ទី២៖ឈ្មោះ ចឺត ជាតិ អាយុ២២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួននៅចំណុចភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
ទី៣៖ឈ្មោះ សោម វណ្ឌជា ហៅវណ្ឌ អាយុ៣៩ឆ្នាំ ត្រូវសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុច មុខផ្ទះបើកហ្គេមគ្មានលេខ ផ្លូវលេខ៤២៤ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ទី៤៖ឈ្មោះ ចិន្តា ម៉ារ៉ាឌី ហៅឌី អាយុ២៥ឆ្នាំ, ទី៥៖ឈ្មោះ ស្រី វ៉ៃ ហៅវុន អាយុ៣២ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ពួកគេទាំង០៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបាន នៅពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។
ចំណែកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ០៩នាក់ បន្ថែមទៀត រួមមាន ទី១៖ឈ្មោះ យុទ្ធ បូរ៉ា ហៅរ៉ា អាយុ១៩ឆ្នាំ, ទី២៖ឈ្មោះ រឿន រ៉ន ហៅស្លុយ អាយុ១៩ឆ្នាំ, ទី៣៖ឈ្មោះ សាន់ ដេតពិសិដ្ឋ ហៅសិដ្ឋ អាយុ១៨ឆ្នាំ, ទី៤៖ឈ្មោះ ឆៃ វាសនា អាយុ២៨ឆ្នាំ, ទី៥៖ឈ្មោះ ហុក សុវណ្ណារ៉ា ហៅរ៉ា អាយុ២៦ឆ្នាំ, ទី៦៖ឈ្មោះ ខេង ប៊ុនរិទ្ធ ហៅយ៉ក អាយុ៣៣ឆ្នាំ, ទី៧៖ឈ្មោះ កុល សុខគា ហៅគា អាយុ២១ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុច ផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
ទី៨៖ឈ្មោះ ណាត ចានឡេង អាយុ១៨ឆ្នាំ និងទី៩៖ឈ្មោះ អាន ចាន់វិទូ អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបាននៅចំណុច ផ្លូវ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
បច្ចុប្បន្ន ជនសង្ស័យទាំង១៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕