(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋរស់នៅតាមតំបន់អូរខៃដន ស្ថិតក្នុភូមិកូនដំរី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងសម្ដែងការមិនពេញចិត្ត និងប្រតិកម្មយ៉ាងខ្លាំងចំពោះក្រុមហ៊ុនដឹកអាចម៍ដី ដែលកំពុងបំផ្លាញផ្លូវរថភ្លើង ស្ពានថ្ម និងផ្លូវលំ ផ្លូវគ្រួសម៉ិច ជាពិសេសបញ្ហាសុខភាពចំពោះកូនចៅរបស់ពួកគាត់ ពោលហុយពិបាកក្នុងការធ្វើដំណើរ។
ប្រជាពលរដ្ឋបានលើកឡើងទៀតថា ក្រុមហ៊ុននេះបានធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ចាប់ពីព្រលឹមវេលាម៉ោង៤ទាប់ភ្លឺ រហូតដល់យប់តែម្តង ធ្វើឲ្យហុយ ប៉ះពាល់ដល់សុខភាព ក្អក ផ្តាសាយ ផ្លូវដង្ហើម រថយន្តដឹកអាចម៍ដីឃើញ តែដឹកមិនស្រោចទឹក និងបង្កជាសម្លេងថ្លង់រហូតពេលយប់ ហើយផ្លូវស្រុចអស់ហើយ ផ្លូវរថភ្លើងដាច់ក្រិបក្រោម រីឯស្ពានថ្មចាប់ផ្តើមយោលខ្លាំងណាស់ ព្រោះតែរថយន្តដឹកអាចម៍ដីជាច្រើនណាស់។
អ្នកភូមិម្នាក់ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះថា គាត់បានឃើញការដឹកជញ្ជូនអាចម៍ដីខាងលើនេះ អស់រយៈពេល៤ឆ្នាំមកហើយ តែគ្មានមន្ត្រីជំនាញណាម្នាក់ហាមឃាត់ឡើយ រហូតបានបំផ្លាញផ្លូវរថយន្តភ្លើង គ្រិះផ្លូវរថភ្លើងដាច់សឹងអស់ហើយ មានប្រវែងប្រមាណជា៣ម៉ែត្រ។
លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល ប្រាប់ភ្នាក់ងារ Fresh News តាមរយៈទូរស័ព្ទថា រណ្តៅដីនៅអូរខៃដង ស្ថិតនៅភូមិកូនដំរី ក្រុងប៉ោយប៉ែតនេះជារបស់ លោក ចាំង តេងភាវ។
ទោះបីជាយ៉ាងណា ភ្នាក់ងារ Fresh News បានទំនាក់ទំនងទៅលោក ចាំង តេងភាវ និងបានអះអាងថា រណ្តៅនៅអូរខៃដននេះមិនជារបស់លោកទេ គឺជារបស់ក្រុមហ៊ុនកុកអាន ដែលមានមេការត្រឹមត្រូវមិនជារបស់លោកឡើយ៕