(កំពង់ស្ពឺ)៖ មានករណីភ្លើងឆក់កម្មករការិនី​ម្នាក់ ឈ្មោះ​ រឿន​ ស្រី​លីន​ អាយុ១៩ឆ្នាំ មានទីលំនៅភូមិទី៤​ ឃុំ​ត្រែង​ត្រយឹង​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ​ បណ្ដាល​ឲ្យ​សន្លប់ ប៉ុន្ដែភ្លាមៗខាងថៅកែរោងចក្រ មិនបានខ្នះខ្នែង បញ្ជូនជនរងគ្រោះទៅព្យាបាលទេ តែត្រូវបានកម្មករដូចគ្នា ជួយបញ្ជូនជនរងគ្រោះ ​ទៅមន្ទីរពេទ្យបង្អែកខេត្ត។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៦៖៤០នាទី​ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨​នេះ នៅចំណុចរោងចក្រកាត់ដេរសំលៀកបំពាក់​ អេស​ យ័ន​ ខេមបូឌា​ ខូអិលធីឌី​ ស្ថិតនៅភូមិក្រាំងពលទេព​ សង្កាត់​រកាធំ​ ក្រុងច្បារមន​ ខេត្ត​កំពង់​ស្ពឺ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់រោងចក្រហាក់មិនយកចិត្តទុកដាក់ លើកម្មករ-កម្មាការិនីរបស់ខ្លួន ដែលរងគ្រោះការងារទេ មិនតែប៉ុណ្ណោះព្យាយាម មិនឲ្យសមត្ថកិច្ចចូលពិនិត្យថែមទៀត។

សមត្ថកិច្ចដដែលបានបញ្ជាក់ថា មូលហេតុដែលថៅកែរោងចក្រចងបំបិទភស្តុតាង មិនចង់ឲ្យសមត្ថកិច្ចដឹង ព្រោះថាការឆក់នោះ គឺឆក់ជាមួយ និងម៉ាស៊ីនដេរ មិនមែនឆក់កន្លែងផ្សេង ដូច្នេះហើយបើឆក់ ជាមួយម៉ាស៊ីនដេរ គឺត្រូវមានការទទួលខុសទាំងបច្ចេកទេស និងអាយុជីវិតកម្មករ។ មិនតែប៉ុណ្ណោះហ៊ានទុកអ្នករងគ្រោះចោល តែបានកម្មករដូចគ្នាបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដោយមិនមានថៅកែណាអើពើជួយឡើយ៕