(កំពង់ធំ)៖ ថ្នាក់ដឹកនាំខេត្តកំពង់ធំ ដឹកនាំដោយលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ដោយរោគាពាធ។
ថ្នាក់ដឹកនាំខេត្តកំពង់ធំ បានចាត់ទុកដាក់ ការទទួលមរណភាពរបស់ លោកឧត្តមសេនីយ៍ឯក ជា ម៉ន គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ ចំពោះបុត្រធីតា និងចៅៗ ហើយក៏ជាការបាត់បង់នូវវីរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូបរបស់ជាតិ ដែលក្នុងឆាកជីវិតរបស់លោក បានពុះពារការលំបាកគ្រប់បែបយ៉ាង រួមចំណែកយ៉ាងស្មោះស្ម័គ្រក្នុងបុព្វហេតុជាតិ និងប្រជាជន តាមរយៈការចូលរួមក្នុងចលនាតស៊ូរំដោះជាតិ និងការពារយ៉ាងរឹងមំា នូវបូរណភាពទឹកដីនៃកម្ពុជា ហើយស្នាដៃ និងគំរូវីរភាពដ៏អង់អាចទទួលបាននូវការគោរព កោតសរសើរ និងសាទរពីសំណាក់ពលទាហាន នាយទាហាន និងកងកម្លំាងប្រដាប់អាវុធជាតិគ្រប់លំដាប់ថ្នាក់។
ជាមួយគ្នានោះ លោក សុខ លូ និងលោក ឈុន ឈន់ ព្រមថ្នាក់ដឹកនាំទាំងអស់ក្នុងខេត្តកំពង់ធំ សូមចូលរួមរំលែកទុកយ៉ាងក្រៀមក្រំបំផុតនេះជាមួយ លោកស្រី មាស សន និងក្រុមគ្រួសារ ព្រមទាំងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ជា ម៉ន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ។
សពរបស់លោក ជា ម៉ន ត្រូវបានតម្កល់ទុកនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប៕