(កំពង់ស្ពឺ)៖ ​នាយឧត្ដមសេនីយ៍កត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន និងលោកស្រី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ បានថ្លែងអំណរគុណ និងគោរពដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានគាំទ្រផ្ដល់យុត្តិធ​ម៌ បោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា​យ៉ាងច្រើនលើសលុប ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨កន្លងមក ទទួលបាន១២៥អាសនៈ នៅក្នុងរដ្ឋសភា។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា ជ័យជម្នះនេះបានបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាមានការជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស តែមួយគត់ បានរួមសុក្ខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ក្នុងរយៈពេលជិត៤០ឆ្នាំ កន្លងមកនេះជាគណបក្ស ដែលបានសម្រេចសមិទ្ធផលយ៉ាងធំធេងជាប្រវត្តិសាស្រ្តជូនជាតិ និងជាគណបក្ស មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសជាតិ ឲ្យសម្រេចបានជោគជ័យធំៗ ជាបន្តទៀត។​

ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោត គឺជាជ័យជម្នះរបស់ប្រជាជនកម្ពុជាទាំងមូល ដែលស្រលាញ់សន្តិភាព និងការអភិវឌ្ឍជាជ័យជម្នះ នៃកម្លាំងស្នេហាជាតិ និងលទ្ធិប្រជាធិប្បតេយ្យលើរាល់ការប៉ុនប៉ង ដែលចង់ផ្លាស់ប្តូរកម្ពុជាឲ្យវិលទៅរកអស្ថិរភាព ការបែកបាក់ជាតិសង្រ្គាម និងវិនាសសកម្ម។ ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ដោយសារមានគោលនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវ​រក្សាបានសុខសន្តិភាព មានកំណើនសេដ្ឋកិច្ច មានអ្នកវិនិយោគិនបរទេសមានភ្ញៀវទេសចរមកទស្សនាកម្ពុជាច្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ ផ្លូវថ្នល់ សំណង់ធំៗ ស្ពានអាកាសក្នុងក្រុងផ្លូវលំ ប្រព័ន្ធធារាសាស្រ្ត ស្ពាន និងហេដ្ឋារចនាសម្ពន្ធ័សង្គម ព្រមទាំងសមិទ្ធផលនានាជាច្រើនទូទាំងប្រទេស។​

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានណែនាំដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងអាជ្ញាធរដែនដី មេឃុំភូមិក្នុងមូលដ្ឋានបន្តធ្វើអំពើល្អ បម្រើសេវាសាធារណៈ សេវាតម្រូវការជូនប្រជាពលរដ្ឋឲ្យបានល្អត្រឹមត្រូវ ត្រូវបន្តអនុវត្តន៍គោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជាឲ្យបានល្អ និងដោយស្មោះត្រង់ បន្តការអភិវឌ្ឍមូលដ្ឋាន ចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំ ដើម្បីឲ្យដឹងពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋ ដោះស្រាយឲ្យបានទាន់ពេលវេលា នៅពេលប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយ។​

ក្នុងរដូវនៃបុណ្យកឋិនទាន នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី តំណាង​​សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដួចផ្ដើម ធ្វើបុណ្យកឋិនទានដង្ហែរ វត្តត្រពាំងវែង ស្ថិតនៅឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រមទាំងបាននាំយកបច្ច័យរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនវត្តបច្ច័យសង្កត់ត្រ័យ១០០លានរៀល សម្រាប់បន្តកសាងសមិទ្ធផលនានាក្នុងវត្ត​ ព្រមទាំងបានចែកក្រណាត់ស និងថវិកា​ ជូនយាយជីតាជី គណកម្មការវត្ត ក្រុមយុវជនកាកបាទក្រហមកាយរិទ្ធ សិស្សានុសិស្សលោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាសង្កាត់ និងកម្លាំងសមត្ថកិច្ច៕