(ស្ទឹងត្រែង)៖ រថយន្តកាមរីហើមចំនួនពីរគ្រឿង ត្រូវបានក្រុមនគរបាលចរាចរណ៍ស្ទាក់ចាប់បាន នៅចំណុចបារ៉ាស់ត្រួតពិនិត្យ លើផ្លូវជាតិលេខ៩ថ្មី ស្ថិតក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង០៨៖៤៥នាទីយប់ក្នុងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។
ស្ថិតក្នុងការបង្រ្កាបនោះ ត្រូវបានគេប្រាប់ឲ្យដឹងថា រថយន្តដឹកឈើប្រណិតទាំងអស់មានចំនួនបីគ្រឿង ប្រភេទកាមរីហើម បានធ្វើសកម្មភាពលួចដឹកឈើចេញពីទឹកដីខេត្តព្រះវិហារ ឆ្ពោះមកកាន់ទីផ្សារគោលដៅ ដោយឆ្លងកាត់ ខេត្តស្ទឹងត្រែង លុះមកដល់ចំនុចបារ៉ាស់ត្រួតពិនិត្យ ក៏ត្រូវបានកម្លាំងនគរបាលចរាចរណ៍ ធ្វើការឃាត់ទុកបានតែចំនួនពីរគ្រឿង ចំណែកមួយគ្រឿងទៀត បានទំលុះគោលដៅត្រួតពិនិត្យ បន្តឆ្ពោះទៅមុខដោយសុវត្ថិភាព។
ខណៈសមត្ថកិច្ចកំពុងបង្រ្កាបរថយន្តដឹកឈើទាំងនេះ មានស្រ្តីម្នាក់ដែលអះអាងថា ជាម្ចាស់ឈើ បានចេញមុខមកបកស្រាយថា សូមឲ្យសមត្ថកិច្ចដោះលែងឈើរបស់គាត់ទៅ ព្រោះថាគាត់បានបង់លុយ រត់ការផ្លូវ នៅកន្លែងបារ៉ាស់ត្រួតពិនិត្យនេះរួចរាល់អស់ហើយ មុននឹងពួកគាត់ធ្វើសកម្មភាពដឹកជញ្ជូនឈើទាំងនេះ។
ស្ត្រីម្ចាស់ឈើខាងលើ បានយំបន្តរៀបរាប់ថា បើអាជ្ញាធរខេត្តដាក់កម្លាំងបិទឈើមិនឲ្យចេញ ចុះហេតុដូចម្តេចក៏កម្លាំងចម្រុះនៅទីនេះ មិនប្រាប់គាត់ បែរជាយកលុយគាត់ ហើយពេលដែលគាត់ដឹកឈើចេញ ស្រាប់តែចាប់គាត់ទៅវិញ?
ពាក់ព័ន្ធករណីខាងលើ កម្លាំងនគរបាលចរាចរណ៍នៅទីនោះ បានប្រាប់ថា គឺធ្វើតាមតួនាទី និងបទបញ្ជារបស់លោក អូត ស៊ីវុត្ថា ស្នងការរងទទួលផែនចរាចរណ៍ ដោយមិនឲ្យប៉ះពាល់លុយកាក់ស៊ី សំណូកសូកប៉ាន់ និងធ្វើបាបគៀបសង្កត់ប្រជាពលរដ្ឋនោះទេ។ ចំពោះរឿងនេះ ម្ចាស់ឈើគាត់បានបង់លុយឲ្យសមត្ថកិច្ចរូបណាបុគ្គលសមត្ថកិច្ចរូបនោះ គួរទទួលខុសត្រូវ។
នៅចំពោះមុខសមត្ថកិច្ច ម្ចាស់ឈើបានរៀបរាប់ ព្រមទាំងមានមានការថតសំលេងទុកស្តាប់ផងដែរ នូវឈ្មោះបុគ្គលមួយចំនួននៅគោលដៅនោះ ដែលបានយកលុយគាត់មាន លោក អឿ គឹមហេង មេព្រៃជាប្រធានគោលដៅ លោក ចំណាន ជាមន្រ្តីនគរបាលនៅស្នងការដ្ឋាននគរបាលខេត្ត (អត់ទាន់ស្គាល់នៅការិយាល័យមួយណា)។
សូមបញ្ជាក់ថា កម្លាំងចម្រុះចាំត្រួតពិនិត្យបទល្មើសនៅទីនោះ មានកម្លាំងជំនាញរដ្ឋបាលព្រៃឈើជាប្រធាន កម្លាំងស្នងការនគរបាលខេត្ត កម្លាំងយោធា និងកម្លាំងអាវុធហត្ថ ហើយក្នុងនោះ ក៏មានកម្លាំងជំនាញនគរបាល ចរាចរណ៍ជើងគោកផងដែរ ដែលសរុបប្រហែលជិត២០នាក់ ក្នុងគោលដៅនីមួយៗ។
តាបបទបញ្ជារបស់ប្រធានគណៈបញ្ជាការឯកភាពខេត្តដែលមានលោក ម៉ុម សារឿន ជាប្រធាន បានអនុញ្ញាត្ដឲ្យដាក់ប៉ុស្តិ៍ត្រួតពិនិត្យបទល្មើសផ្សេងៗ ជាពិសេសបទល្មើសព្រៃឈើ ចំនួនបីកន្លែងសំខាន់ៗ គឺគោលដៅទី១៖ លើកំណាត់ផ្លូវជាតិលេខ៩ ពីស្ទឹងត្រែងទៅខេត្តព្រះវិហារ ត្រង់ចំនុចអូរចង្ហារ, គោលដៅទី២៖ លើផ្លូវជាតិលេខ៧៨ ពីខេត្តស្ទឹងត្រែង ទៅខេត្តរតនគិរី ត្រង់ចំនុចជិតស្ពានស្រែពក និងគោលដៅទី៣៖ លើផ្លូវជាតិលេខ៧ ពីស្ទឹងត្រែងទៅខេត្តក្រចេះ ត្រង់ចំនុចស្នាក់ការរដ្ឋបាលព្រៃឈើភ្នំក្រហម។
បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងខាងលើ ត្រូវបានជំនាញយកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង ដើម្បីចាត់ការនិតិវិធីច្បាប់៕