(ភ្នំពេញ)៖ ថ្លែងក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅអគារពិព័រណ៍កោះពេជ្រ លោក អ៉ិត សំហេង រដ្ឋមន្ត្រីការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើកទឹកចិត្តដល់ភាគីរដ្ឋ-ឯកជនទាំងអស់អនុវត្តតាមអនុសាសន៍ ៥ចំណុច ដើម្បីបន្តរក្សាបាននូវភាពប្រកួតប្រជែងលើវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង។
លោក អ៉ិត សំហេង បានលើកឡើងថា ដើម្បីបន្តរក្សាបាននូវភាពប្រកួតប្រជែង កម្ពុជាត្រូវខិតខំអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយជាតិ ដែលបានដាក់ចេញកន្លងមក ជាពិសេសគោលនយោបាយជាតិ ស្តីពីការអភិឌ្ឍន៍ឧស្សាហកម្ម គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅសម្រេចឱ្យបានការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
លោករដ្ឋមន្ត្រី អ៉ិត សំហេង បានលើកទឹកចិត្ត និងស្នើសុំការចូលរួមពីគ្រប់ភាគី៖
១៖ នៅកម្រិតជាតិកិច្ចការសំខាន់ដំបូង គឺការបង្កើតឡើងនូវវប្បធម៌ នៃផលិតភាព និងការរៀនសូត្រ និងលើកម្ពស់សមត្ថភាពជាប់មិនដាច់របស់ប្រជាជនកម្ពុជា។
២៖ នៅកម្រិតវិស័យ សមាគមនិយោជក និងសភាពាណិជ្ជកម្ម ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហការគ្នា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្សែចង្វាក់ផ្គត់ផ្គង់ ចាប់យកមកអនុវត្តនូវស្តង់ដា និងការអនុវត្តល្អ ព្រមទាំងផ្តល់ការបណ្តុះបណ្តាល លើកកម្ពស់ជំនាញកម្លាំងពលកម្មជាក់លាក់តាមវិស័យនីមួយៗ។
៣៖ នៅកម្រិតសហគ្រាស-គ្រឹះស្ថាន ក្រុមហ៊ុននីមួយៗ គឺជាអ្នកនាំមុខក្នុងការផ្តួចផ្តើមដើម្បីចាប់យកផ្នត់គំនិតបត់បែនលឿន និងស្របគ្នាល្អ, ធ្វើនវានុវត្តន៍ និងវិនិយោគលើបច្ចេកវិទ្យា សំដៅប្រកួតប្រជែងកាន់តែមានប្រសិទ្ធភាព។
៤៖ រីឯនៅកម្រិតកម្មករនិយោជិតវិញម្នាក់ៗ ត្រូវប្រកាន់យកនូវឥរិយាបថ និងផ្នត់គំនិតក្នុងការបន្តលើកកម្ពស់ និងពង្រីកជំនាញ ដើម្បីមានភាពបត់បែនលឿន ឆ្លើយតបទាន់ទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងការប្រែប្រួលពីអាជីពតែមួយ និយោជកតែមួយពេញមួយជីវិត មកអាជីពតែមួយ និយោជកច្រើនក្នុងជីវិតការងារ នៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។
៥៖ សហជីពក៏មានតួនាទីយ៉ាងសំខាន់ ក្នុងការជួយកម្មករនិយោជិតឱ្យទទួលបានជំនាញថ្មី និងកាន់តែខ្ពស់ និងរក្សាទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយភាពសុខដុមរមនា ដើម្បីចូលរួមចំណែកលើកម្ពស់ផលិតភាពរបស់អាជីវកម្ម។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) រៀបចំមហាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំគឺ «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨» ដែលនាំមកនូវឱកាសការងារគ្រប់ប្រភេទប្រមាណ ២ម៉ឺនមុខតំណែង ដែលផ្តល់ដោយក្រុមហ៊ុន/សហគ្រាសធំៗ ១៥៦ ក្នុងបញ្ជរសរុបចំនួន ៣០០ រយៈពេលពីរថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យ ទី២៧ និង២៨ ខែតុលា ឆ្នាំ២០១៨ នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង៨ព្រឹកដល់៨យប់។
ពិព័រណ៍នេះក៏នឹងរៀបចំផងដែរនូវសិក្ខាសាលារយៈពេលពីរថ្ងៃ ស្តីពីផលិតភាពដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងពីផលិតភាព ការបង្ហាញអំពីវិធីសាស្រ្តបំពេញការងារ គំនិតច្នៃប្រឌិតថ្មី ជំនាញ និងឧបករណ៍បច្ចេកវិទ្យា ស្របតាមការវិវត្តនៃបច្ចេកវិទ្យាក្នុងយុគសម័យឧស្សាហកម្មទី៤ ដែលពឹងផ្អែកជាចម្បងលើប្រព័ន្ធឌីជីថល ដោយមានការចូលរួមពីសំណាក់វាគ្មិនជាតិអន្តរជាតិល្បីៗ។ លើសពីនេះ អ្នកចូលរួមទាំងអស់នឹងទទួលបាននូវឱកាសដ៏កម្រ ក្នុងការបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញធនធានមនុស្ស អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងធុរជនសំខាន់ៗ។
ជាក់ស្តែង សម្រាប់ឆ្នាំ២០១៨នេះ ក្រុមហ៊ុន-សហគ្រាសធំៗចំនួន ១៥៦ នៅក្នុងវិស័យសំខាន់ៗ ដូចជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, សំណង់, សណ្ឋាគារ និងបដិសណ្ឋារកិច្ច, ទូរគមនាគមន៍, ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ, កម្មន្តសាល និងភ្នាក់ងារជ្រើសរើសឯកជនបានចូលរួមយ៉ាងសកម្ម។ យុវជនសិស្ស-និស្សិត និងអ្នកស្វែងរកការងារទាំងអស់ មានឱកាសទទួលបានការងារធ្វើភ្លាមៗ, ការប្រឹក្សាយោបល់អំពីអាជីព, វិធីសាស្ត្រជោគជ័យក្នុងការដាក់ពាក្យស្វែងរកការងារ, ការត្រៀមលក្ខណៈចូលទីផ្សារការងារ និងវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ដោយវាគ្មិនល្បីៗ ដែលទទួលបានជោគជ័យក្នុងអាជីព និងទីផ្សារការងារ។
ពិព័រណ៍ដ៏ធំនេះ ត្រូវបានរំពឹងថាមានអ្នកចូលរួមទស្សនាប្រមាណ ៣ម៉ឺននាក់ ដែលភាគច្រើនជាសិស្ស-និស្សិត យុវជន អ្នកស្វែងរកការងារ និងកម្មករនិយោជិតពីគ្រប់វិស័យ។ ដូច្នេះដើម្បីទទួលបានឱកាសការងារ និងការយល់ដឹងអំពីការបង្កើនផលិតភាពសូមយុវជន សិស្ស-និសិ្សត អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតទាំងអស់ចូលរួមទស្សនា និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយដើម្បីដាក់ពាក្យស្នើសុំការងារដោយផ្ទាល់ជាមួយនិយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម៕