(ភ្នំពេញ)៖ ក្រុមអតីតសិស្សានុសិស្សសាលាមធ្យម​សិក្សាកម្រិត២បឹងត្របែកជាច្រើននាក់ ជំនាន់​ឆ្នាំ​១៩៨៦ ​និងឆ្នាំ១៩៨៧ បានបង្ហាញពីការរឹតចំណងមិត្តភាពជាមួយគ្នាឲ្យកាន់តែរឹងមាំ ហើយរួម​គ្នា​រំលឹក​គុណ​គ្រូជារៀងរាល់ឆ្នាំ ដើម្បីសម្តែងការដឹងគុណចំ​ពោះលោកគ្រូអ្នកគ្រូ ដែល​បានបង្ហាត់​បង្រៀន​កន្លងមក។

ក្រុមអតីតសិស្សានុសិស្សសាលាមធ្យមសិក្សាកម្រិត២បឹងត្របែកជំនាន់ឆ្នាំ១៩៨៦ និងឆ្នាំ១៩៨៧ ជិត១០០នាក់ បានជួបជុំគ្នាសម្តែងការដឹកគុណចំពោះលោកគ្រូអ្នក គ្រូផង និង​បង្ហាញ​ពីការនឹករលឹកគ្នាទៅវិញទៅមកបន្ទាប់ពីបានបែកគ្នាជាច្រើនឆ្នាំកន្លងទៅ។

ក្នុងឱកាសជួបជុំគ្នាដ៏សប្បាយរីករាយ កាលពីរាត្រីថ្ងៃទី២៦ ខែតុលា លោក វង្ស ប៊ុនន្ទា្រវុធ ប្រ​តិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ និងជាអតីតសិស្សានុសិស្ស សាលាមធ្យមសិក្សាកម្រិត២បឹងត្របែក ជំនាន់ឆ្នាំ១៩៨៦ បានឲ្យដឹងថា ការជួបជុំគ្នា​នា​ពេល​​​នេះបានផ្តល់ឱកាសដល់ក្រុមអតីតសិស្សទាំង​អស់នេះ បានជួបជុំគ្នា​សម្ដែងនូវ​ការតបស្នង​ចំ​ពោះ​​គុណូបការៈ លោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀនមិត្តគ្រប់ជំនាន់ ឲ្យក្លាយជា​ពលរដ្ឋ ជាឪពុកម្តាយល្អ ពិសេសមានចំណេះ​ដឹងជាមូលដ្ឋានគ្រឹះ​ឈោងទៅចាប់យកជំនាញ​វិជ្ជាជីវៈ​ដើម្បី​មានចំណេះដឹងគ្រប់គ្រាន់ ធ្វើការងារបំរើជាតិមាតុភូមិ។

លោកបានបញ្ជាក់ថា រយៈពេល​ជាង៣០ឆ្នាំហើយ ដែលលោកគ្រូអ្នកគ្រូធ្លាប់បានបង្រៀន ហើយក៏បានបែកពីលោកគ្រូ​អ្នកគ្រូ និង​មិត្តភត្តិរួមជំនាញផងដែរ ដើម្បីទៅបំពេញការងាររៀងៗខ្លួន ដូច្នេះក្រុមអតីតសិស្សា​នុសិស្ស​ទំាង​អស់នេះ មិនអាចបំភ្លេចការនឹករលឹកគ្នា និងគុណបំណាច់របស់លោកគ្រូអ្នកគ្រូបានឡើយ។

លោក លុន ឆេងកៃ ប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ដែលជា អតីតនាយកសាលាមធ្យមសិក្សាកម្រិត២បឹងត្របែក បានសម្តែងការកោតសរសើរចំពោះសកម្មភាព របស់ក្រុមអតីតសិស្សទំាងនេះ គឺជាសកម្មភាពដ៏គំរូសម្រាប់សិស្សានុសិស្ស ជំនាញក្រោយ​ទៀតឲ្យចេះស្រលាញ់គ្នារាប់អានគ្នា និងការដឹងគុណចំពោះលោក គ្រូអ្នកគ្រូដែលខិតខំ​បណ្តុះ​​​បណ្តាលនាពេលកន្លងមក។

សូមបញ្ជាក់ថា នេះគឺលើកទី២ ដែលក្រុមអតីតសិស្សសាលាមធ្យមសិក្សាកម្រិត២បឹងត្របែកជំនាន់ឆ្នាំ១៩៨៦ និងឆ្នាំ១៩៨៧ បានរៀបចំកម្មវិធីជួបជុំគ្នាបង្ហាញ​ពីការនឹករលឹកគ្នាទៅវិញ​ទៅ​មក រួមទំាងរំលឹកគុណគ្រូផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូដែល​បាន​ចូល​និវត្តន៍ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពបានមួយកម្រិតផងដែរ៕