(ស៊ុយអែត)៖ លោក លីម ដឺលុច ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន បានដឹកនាំគណៈប្រតិភូ នៃអគ្គនាយកដ្ឋានពន្ធដារ ទៅទស្សនកិច្ចសិក្សាក្នុងទីក្រុង Stockholm ប្រទេសស៊ុយអែត ស្ដីពីការពង្រឹងការផ្តល់សេវាដល់អ្នកជាប់ពន្ធ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២-២៦ ខែតុលា ឆ្នាំ២០១៨។

ទស្សនកិច្ចសិក្សានេះធ្វើឡើង ក្នុងគោលបំណងសិក្សាស្វែងយល់ អំពីការផ្តល់សេវាជូនអ្នកជាប់ពន្ធ តាមរយៈការផ្តល់សេវាដោយផ្ទាល់ (Face to Face), Call Center, Website, និងការអប់រំអ្នកជាប់ពន្ធ របស់ភ្នាក់ងារពន្ធដារស៊ុយអែត ក្រោមគម្រោងហិរញ្ញប្បទានបច្ចេកទេស របស់ប្រទេសស៊ុយអែត។

នៅក្នុងឱកាសនោះ លោកស្រី Kartin Westling Palm អគ្គនាយកទីភ្នាក់ងារពន្ធដារស៊ុយអែត បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូពន្ធដារកម្ពុជា ព្រមទាំងបានសម្តែងនូវការសង្ឃឹមជឿជាក់ថា ការធ្វើទស្សនកិច្ចសិក្សានៅទីភ្នាក់ងារពន្ធដារស៊ុយអែតនេះ នឹងផ្តល់គណៈប្រតិភូពន្ធដារកម្ពុជា នូវការស្វែងយល់ និងបទពិសោធន៍បន្ថែមទៀត នៅក្នុងវិស័យពន្ធដារនៅប្រទេសស៊ុយអែត ។

តាមរយៈទស្សនកិច្ចសិក្សានេះ គណៈប្រតិភូពន្ធដារកម្ពុជាបានសិក្សាស្វែងយល់ពីយុទ្ធសាស្រ្ដយ៉ាងរួមមាន៖

១៖ យុទ្ធសាស្រ្តនៃទំនាក់ទំនងជាមួយអ្នកជាប់ពន្ធ (Customer and Communication Strategies) ២៖ ការអនុវត្ត និងការបង្កើតប្រព័ន្ធ CRM (Customer Relationship Management) ៣៖ ការធ្វើឱ្យមានងាយស្រួលក្នុងការប្រើប្រាស់ Website, ពន្ធលើចំណូលរូបវន្តបុគ្គល (Personal Income Tax - PIT) និងវិធីសាស្រ្តក្នុងការប្រាស្រ័យទាក់ទង ដើម្បីបង្កើនទំនុកចិត្តជាមួយអ្នកជាប់ពន្ធ លើរដ្ឋបាលសារពើពន្ធ។

ជាមួយគ្នានោះគណៈប្រតិភូពន្ធដារកម្ពុជា បានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌល Call Center និងការិយាល័យផ្តល់សេវា ជូនអ្នកជាប់ពន្ធដោយផ្ទាល់ របស់ពន្ធដារស៊ុយអែត ដើម្បីសិក្សាស្វែងយល់អំពីប្រតិបត្តិការការងារប្រចាំថ្ងៃ របស់ពន្ធដារស៊ុយអែត ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាគាំទ្រ ឥរិយាបទការងារ និងគុណភាពនៃសេវាជាដើម។

នៅក្នុងអំឡុងពេលទស្សនកិច្ចសិក្សានេះ គណៈប្រតិភូពន្ធដារកម្ពុជា និងជំនាញការពន្ធដារស៊ុយអែត បានធ្វើការស្វែងយល់ និងចែករំលែកបទពិសោធន៍ការងារទៅវិញទៅមក នៅក្នុងវិស័យពន្ធដារពាក់ព័ន្ធនឹង ការផ្តល់សេវាជូនអ្នកជាប់ពន្ធ ដើម្បីបង្កើនភាពជឿទុកចិត្ត លើប្រព័ន្ធពន្ធដារ និងបង្កើនអនុលោមភាពសារពើពន្ធ តាមរយៈការផ្តល់សេវា ដែលមានភាពងាយស្រួល ក្នុងការស្វែងរកព័ត៌មាន និងរហ័សព្រមទាំងបានផ្តល់នូវមធ្យោបាយ ក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ដូចជាដំណើរការក្នុងការអនុវត្តការងារផ្តល់សេវាតាមរយៈ Call Center, Website និងការអប់រំអ្នកជាប់ពន្ធ។

ឆ្លៀតក្នុងឱកាសនោះលោក Eric Thoren ជំនាញការពន្ធដារស៊ុយអែត ដែលទទួលបន្ទុករៀបចំ និងសម្របសម្រួលទស្សនកិច្ចសិក្សានេះ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលគណៈប្រតិភូបានបង្ហាញជូន និងបានសម្រេចលទ្ធផលតាមការគ្រោងទុកនេះផងដែរ៕