(ភ្នំពេញ)៖ ធនាគារ RHB Indochina Bank Limited (RHB Indochina) ដែលជាសមាជិករបស់ក្រុមហ៊ុន RHB Banking Group បានត្រៀមខ្លួនពង្រឹងតួនាទីរបស់ខ្លួននៅកម្ពុជា និងតំបន់ឥណ្ឌូចិននៅឆ្នាំ២០១៩ខាងមុខ តាមរយៈការជំរុញការពង្រីកសេវាធនាគារលក់រាយ និងការលើកកម្ពស់សេវាធនាគារតាមប្រព័ន្ធឌីជីថល។
ក្នុងចំណោមអាទិភាពសំខាន់ៗក្នុងឆ្នាំ ២០១៩ ធនាគារ RHB Indochina មានបំណងដាក់ចេញនូវយុទ្ធនាការប្រាក់បញ្ញើ ដើម្បីទាក់ទាញប្រាក់បញ្ញើរជាប្រាក់ដុល្លារ និងប្រាក់រៀល ជាពិសេស CASA និង ដើម្បីបង្កើនផលប័ត្រកម្ចីដល់សហគ្រាសធុនតូច និងមធ្យម (SME) ចំនួន ១២ ភាគរយ។
ធនាគារ RHB Indochina កំពុងស្វែងរកការទទួលប្រាក់បញ្ញើឲ្យបានចំនួន ៥៧៥ លានដុល្លារអាមេរិក និងរក្សាសមាសភាព CASA ឲ្យនៅកម្រិត ៤៥ ភាគរយនៃអាជីវកម្មរបស់ខ្លួន។ ធនាគារ RHB Indochina ក៏នឹងពង្រីកផលិតផល និងការផ្តល់សេវាកម្មរបស់ខ្លួនផងដែរ ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងរបស់សហគមន៍ធុរកិច្ច និងប្រជាពលរដ្ឋកម្ពុជា តាមរយៈការដាក់ដំណើរការសេវាកម្ម Premier Banking (PB) ប្រអប់ប្រាក់បញ្ញើសុវត្ថិភាព (SDB) និងប័ណ្ណឥណពន្ធ។
នៅក្នុងការប្រារព្ធពិធីខួបលើកទី១០ របស់ខ្លួននៅថ្ងៃនេះ ធនាគារ RHB Indochina បានបើកដំណើរការកម្មវិធីសេវាកម្មធនាគារចល័តរបស់ខ្លួន ដែលផ្តល់ជូនអតិថិជននូវបទពិសោធធនាគារសាមញ្ញ រហ័ស និងប្រកបដោយគុណភាព។
កម្មវិធីថ្មីនេះ អនុញ្ញាតឲ្យអតិថិជនអាចមើលគណនីរបស់ពួកគេបានតាមអ៊ីនធើណេត ទូទាត់វិក័យប័ត្រ ផ្ទេរប្រាក់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ និងផ្ទេរសាច់ប្រាក់តាមរយៈ RHB Pay Anyone ដោយប្រើប្រាស់អ៊ីមែល ទូរស័ព្ទ ឬគណនីហ្វេសប៊ុក ដោយមិនចាំបាច់ត្រូវការលេខគណនីធនាគារ។ ចាប់តាំងពីការបើកដំណើរការសេវាធនាគារតាមអ៊ីនធើណិត RHB Now នៅខែកញ្ញា ឆ្នាំមុន ធនាគារ RHB Indochina មានអ្នកប្រើប្រាស់សកម្មជាង ៤.០០០ ពាន់នាក់។
លោក Dato 'Khairussaleh Ramli នាយកគ្រប់គ្រងសម្ព័ន្ធរបស់ក្រុមហ៊ុន RHB Banking Group និងជាប្រធានធនាគារ RHB Indochina Bank បានមានប្រសាសន៍ថា «វិស័យសហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលចូលរួមចំណែកពី៤០ ទៅ៥០ ភាគរយនៃការងារសរុប និងសកម្មភាពអាជីវកម្មនៅកម្ពុជា»។
ក្នុងនាមជាក្រុមហ៊ុនសម្ព័ន្ធ ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុពហុជាតិ ដែលមានវត្តមានក្នុងប្រទេសចំនួន៩ នៅទូទាំងតំបន់អាស៊ាន នៅទីក្រុងហុងកុង និងប្រទេសចិន ធនាគារ RHB ស្ថិតក្នុងគោលជំហររឹងមាំ ក្នុងការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមឲ្យទទួលបានលទ្ធភាពទទួលបានហិរញ្ញប្បទាន និងដោយផ្តល់ឱកាសសម្រាប់ទំនាក់ទំនង និងបណ្តាញធុរកិច្ច តាមរយៈបេសកកម្មពាណិជ្ជកម្មដែលត្រូវបានរៀបចំឡើង ទៅកាន់ទីផ្សារសំខាន់ៗជាទីដែលធនាគារ RHB មានវត្តមាន។
លោក Dato 'Khairussaleh បានបន្ថែមថា «ក្នុងរយៈប៉ុន្មានឆ្នាំខាងមុខ យើងនឹងបន្តគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា សហគមន៍ធុរកិច្ច និងប្រជាជនកម្ពុជាជាទូទៅ តាមរយៈការពង្រឹងការផ្តល់ជូនផលិតផលរបស់យើងជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ ដែលផ្តល់ជូនដល់អតិថិជននៅផ្នែកផ្សេងៗក្នុងប្រទេសកម្ពុជា ។ យើងក៏នឹងបន្តសហការជាមួយសហគមន៍ធុរកិច្ចក្នុងស្រុកផងដែរ ដើម្បីលើកកម្ពស់ឱកាសនៃការធ្វើពាណិជ្ជកម្មនៅដីគោក និងដែនសមុទ្រ»។
ធនាគារ RHB IndoChina បានចាប់ផ្តើមដំណើារការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០៨ ក្នុងនាមជាធនាគារ OSK Indochina Bank ហើយនៅខែមេសា ឆ្នាំ២០១៣ ធនាគារ OSK Indochina Bank បានក្លាយជាសមាជិករបស់ក្រុមហ៊ុន RHB Banking Group។
បច្ចុប្បន្ននេះ ក្រុមហ៊ុនសម្ព័ន្ធមានសាខាចំនួន១២ ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះសាខាចំនួន ៨ មានទីតាំងនៅរាជធានីភ្នំពេញ និងចំនួន ៤ នៅក្នុងខេត្ដបាត់ដំបង សៀមរាប កំពង់ចាម និងព្រះសីហនុ។
ប្រតិបតិ្តការនៅកម្ពុជា ដែលមានបុគ្គលិកចំនួន ២៥០ នាក់ត្រូវបានដឹកនាំដោយលោក Lim Loong Seng ដែលជានាយកគ្រប់គ្រង/អគ្គនាយកធនាគារ RHB Indochina ។
គិតត្រឹមខែកញ្ញា ឆ្នាំ២០១៨ ធនាគារ RHB Indochina បានកត់ត្រាកំណើនប្រាក់កម្ចីចំនួន៥៣លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយប្រាក់បញ្ញើរបស់អតិថិជន ក៏កើនឡើងយ៉ាងរឹងមាំផងដែរចំនួន ១៣០ លានដុល្លារ ដោយមានកំណើនតុល្យភាពខ្លាំងពី CASA។
កំណើនប្រាក់បញ្ញើអតិថិជន បានជួយឲ្យមានកំណើនទ្រព្យសកម្មចំនួន ២១,៧ លានដុល្លារអាមេរិក។ អនុបាតចំណាយធៀបនឹងចំណូល (CIR) នៅតែមានសុខភាពល្អ ហើយត្រូវបានរក្សាឲ្យស្ថិតនៅក្រោម ១,១ ភាគរយគិតត្រឹមខែកញ្ញា ឆ្នាំ២០១៨ ធៀបនឹងគោលដៅឆ្នាំ២០១៨ ដោយសារតែការចំណាយប្រតិបត្តិការ (OPEX) ទាបជាងមុន។
ជារួមក្រុមហ៊ុនសម្ព័ន្ធ មានភាពវិជ្ជមានចំពោះលទ្ធភាពទទួលបានប្រាក់ចំណេញនៃប្រតិបត្តិការនៅប្រទេសកម្ពុជារបស់ខ្លួន ហើយនឹងអាចបិទបញ្ចប់ឆ្នាំនេះជាមួយនឹងលទ្ធផលល្អជាងមុន។
នៅឆ្នាំនេះ ធនាគារ RHB Indochina ប្រារព្ធខួបលើកទី ១០ របស់ខ្លួន ហើយបានរៀបចំយុទ្ធនាការអតិថិជនជាបន្តបន្ទាប់ ដែលរួមមានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមរបស់ធនាគារកណ្តាល ព្រមទាំងផ្តល់រង្វាន់ដល់អតិថិជនស្មោះត្រង់របស់ខ្លួនផងដែរ។
ក្នុងចំណោមការផ្តល់ជូននានា រួមមានទាំងយុទ្ធនាការ «Amazing 10» ដែលផ្តល់ជូនអត្រាការប្រាក់ប្រចាំឆ្នាំរហូតដល់ ១០ ភាគរយសម្រាប់ប្រាក់បញ្ញើមានកាលកំណត់សម្រាប់ទាំងអតិថិជនជាធុរកិច្ច និងជាអ្នកប្រើប្រាស់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ Norazzah Sulaiman តាមរយៈលេខទូរស័ព្ទ៖ ៦០៣-៩២៨០ ២១២៥ ឬអ៊ីមែល [email protected] ឬ Cynthia Blemin តាមលេខទូរស័ព្ទ ៖០១២-២៤៩ ៤០៩១ ឬអ៊ីមែល [email protected] ៕