(ភ្នំពេញ)៖ អង្គព្រះកឋិនទាន ព្រះរាជទ្រព្យ ដែលជាព្រះរាជទានដ៏ថ្លៃថ្លា របស់ព្រះមហាក្សត្រថៃ សម្តេចព្រះចៅ យូហួមហាវៈឈិរ៉ាលុងកន បឌិន្រ្ទវៈរ៉ាងគូន នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ បានប្រារព្ធពិធីដង្ហែអង្គកឋិនទាន ទៅវេរប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សា អស់កាលត្រីមាស នៅវត្តឥណ្ឌូ-កម្ពុជាធម្មនិរមិត ឬវត្តឥណ្ឌូ-កម្ពុជា ស្ថិតនៅក្នុងភូមិត្រពាំចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អង្គព្រះកឋិនទាន ព្រះរាជទ្រព្យនេះ ដឹកនាំដោយព្រះរាជតំណាងរបស់ព្រះមហាក្សត្រថៃ លោកឧត្តមសេនីយ៍ ថាន់ណៈស័ក្ត បដិមាប្រាកន និងមានការអញ្ជើញចូលរួមពី សំណាក់មន្ត្រី រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប និងបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។ ក្នុងនោះដែរ ក៏មានវត្តមានសម្តេចព្រះមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនីកាយ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ព្រះរាជពិធីបុណ្យ បានប្រព្រឹត្តទៅតាមគន្លង ទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបានប្រារព្ធ ព្រះរាជពិធីដង្ហែ អង្គព្រះកឋិនទានព្រះរាជទ្រព្យ ជុំវិញព្រះវិហារ និងថ្វាយគ្រឿងសក្ការៈបូជា ថ្វាយចំពោះព្រះពុទ្ធរូបស្នងអង្គព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង និងបានប្រារព្ធនូវ បទនមស្ការ ព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។
ក្រោយពីក្បួនដង្ហែព័ទ្ធជុំវិញ ព្រះវិហាររួច យកត្រៃចីវរអង្គកឋិនព្រះរាជទាន និងគ្រឿងបរិក្ខារពី ព្រះមហាក្សត្រថៃ មករៀបចំវេរប្រគេនព្រះសង្ឃរួចមក លោកឧត្តមសេនីយ៍ ថាន់ណៈស័ក្ត បដិមាប្រាកន បានអានប្រកាស អំពីព្រះទ័យជ្រះថ្លារបស់ព្រះមហាក្សត្រថៃ ដែលតែងតែមានបំណង ចូលរួមលើកស្ទូយវិស័យព្រះពុទ្ធសាសនា ដែលប្រទេសថៃ និងកម្ពុជា គោរពចំពោះព្រះពុទ្ធសាសនា តាមប្រពៃណីដូចគ្នា តាំងពីយូរលង់ណាស់មក។
ក្នុងពិធីបុណ្យកឋិនទាននេះ បច្ច័យដែលទទួលបានចំនួន ១៨,០៦៣ ដុល្លារអាមេរិក និងលុយបាតមានចំនួន៤៩៦,១០០ និង១២,០៩៩,០០០រៀល។
ព្រះមហាក្សត្រថៃ តែងតែបានដង្ហែ អង្គព្រះកឋិនទានព្រះរាជទ្រព្យ មកកាន់ប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ តាមរយៈក្រសួងការបរទេសថៃ ដើម្បីផ្សារភ្ជាប់ ទំនាក់ទំនងមិត្តភាព រវាងព្រះពុទ្ធសាសនា និងដើម្បីសម្ព័ន្ធមេត្រីភាព រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ នេះជាលើកទី១៩ ដែលបានរៀបចំដំណើរការ អង្គកឋិនទាន។
វត្តឥណ្ឌូ-កម្ពុជាធម្មនិរមិតនេះ បានធ្វើពិធីកាត់ឫសសីមា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។
គួរបញ្ជាក់ថា ព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា ចែកជា២គណៈ គឺគណៈមហានិកាយ នឹងធម្មយុត្តិកនិកាយ ដែលធម្មយុត្តិកនិកាយមិនសូវ ជាមានទីអារាមប៉ុន្មាននោះទេ ដែលបច្ចុប្បន្ននៅទូទាំងប្រទេសមានវត្ត ខាងធម្មយុត្តិប្រមាណតែ២០០វត្តប៉ុណ្ណោះ ខណៈដែលវត្តខាងមហានិកាយមានប្រមាណជាង៤ពាន់វត្ត៕