(ភ្នំពេញ)៖ ព្រះនាង បេតត្រីស (Beatrice) ត្រូវជាចៅស្រីរបស់ម្ចាស់ក្សត្រី អេឡីសាបេតទី២ នៃប្រទេសអង់គ្លេស នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ បានយាងបំពេញទស្សនកិច្ចក្រៅផ្លូវការ លើកទី១ របស់ទ្រង់នៅសាលារៀនជំនាន់ថ្មី (NGS) ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីផ្សព្វផ្សាយពីកម្មវិធីសិក្សារបស់សាលារៀនជំនាន់ថ្មី ដល់សិក្សានុសិស្សកម្ពុជា។
ការយាងបំពេញទស្សនកិច្ចនេះ ធ្វើឡើងដោយមានការសម្របសម្រួលរបស់ស្ថានទូតប្រទេសអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានសហការជាមួយក្រសួងមហាផ្ទៃ ហើយនៅដំណើរយាង ទស្សនកិច្ច ក៏មានការអមដំណើរពីសំណាក់តំណាងស្ថានទូតអង់គ្លេសនៅកម្ពុជា។
ការយាងដំណើរទស្សនកិច្ចក្រៅផ្លូវការជាលើកទី១នេះ បន្ទាប់ពីព្រះនាងបានយាងបំពេញទស្សនកិច្ច នៅក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យអនុវត្ត ហ៊ុន សែន កំពង់ចាម កាលពីថ្មីៗនេះ។
លោក ឃឺត ប្រេតឌែនប៊ើក ទីប្រឹក្សបច្ចេកទេសជាន់ខ្ពស់ អង្គការ KAPE បានឱ្យដឹងថា នៅក្នុងដំណើរយាងទស្សនកិច្ចក្រៅផ្លូវការរបស់ព្រះនាង បេតត្រីស ទ្រង់មានគោលបំណងផ្សព្វផ្សាយ ពីកម្មវិធីសិក្សារបស់សាលារៀនជំនាន់ថ្មី និងលើកទឹកចិត្តដល់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដែលបានខិតខំកែលម្អប្រព័ន្ធអប់រំបែបថ្មី នៅក្នុងប្រទេសកម្ពុជា។
សូមជម្រាថា សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីសិក្សាថ្មីមួយ ដែលក្រសួងអប់រំបានដាក់ឱ្យអនុវត្តន៍ ក្នុងដំណាក់កាលសាកល្បងនៅឆ្នាំ២០១៥។ ការអនុវត្តន៍នេះ គឺធ្វើទាំងថ្នាក់បឋម និងថ្នាក់មធ្យមសិក្សាផងដែរ ក្នុងបំណងធ្វើឱ្យការអប់រំនៅកម្ពុជា កាន់តែល្អប្រសើរ ដូចទៅនឹងប្រទេសមួយចំនួន នៅក្នុងតំបន់ និងលើពិភពលោក។
បច្ចុប្បន្នមានសាលាចំនួន១០ហើយ កំពុងដាក់ឱ្យអនុវត្តកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនេះ។ ក្នុងនោះសាលាបឋមសិក្សាមានចំនួន៤ និងសាលាមធ្យមសិក្សាមានចំនួន៦។ សាលាទាំងនោះរួមមាន៖ វិទ្យាល័យព្រះស៊ីសុវត្ថិ, វិទ្យាល័យ ហ៊ុន សែន កំពង់ចាម, វិទ្យាល័យព្រែកលៀប, វិទ្យាល័យសម្តេច ជា ស៊ីម ព្រែកអញ្ចាញ, វិទ្យាល័យ ហ៊ុន សែន ពាមជីកង, អនុវិទ្យាល័យគោកព្រីង សាលាបឋមសិក្សា ហ៊ុន សែន កំពង់ចាម, សាលាបឋមសិក្សាព្រះរាជអគ្គមហេសី, សាលាបឋមសិក្សាអង្គរបាន និងសាលាបឋមសិក្សាព្រហូត៕