(សៀមរាប)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨នេះ បានចូលរួមគោរពវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ដែលត្រូវដែលបានទទួលមរណភាព កាលពីវេលាម៉ោង៩៖១០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសំដែងនូវសមានទុក្ខជាមួយក្រុមគ្រួសារសព និងសូមឲ្យដួងវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ឯក ជា ម៉ន ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានចាត់ទុកថា មរណភាពឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ គឺជាការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌របស់លោកស្រី និងក្រុមគ្រួសារ និងជាការបាត់បង់កុលបុត្រជាវិរៈយុទ្ធជន ដែលជាយុទ្ធមិត្តរួមអាវុធមួយរូប ដែលហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ លះបង់អាយុជីវិត ដើម្បីជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល គ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ទទួលបានជ័យជម្នះ ថ្ងៃ៧មករា និងជាប្រតិបត្តិករមួយរូប ក្នុងការអនុវត្តនយោបាយ ឈ្នះ!ឈ្នះ! របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍លើគ្រប់វិស័យរហូតបច្ចុប្បន្ន។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បន្តថា ឧត្តមសេនីយ៍ឯក ជា ម៉ន ជាយុទ្ធមិត្តរួមសមរភូមិប្រយុទ្ធអនុវត្តបទបញ្ជា ដ៏មានប្រសិទ្ធភាពរបស់សម្តេចតេជោ ហ៊ុន សែន ការពារបានតំបន់ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី តាំងពីព្រឹត្តិការណ៍ឆ្នាំ២០០៨ រហូតបច្ចុប្បន្នបានក្លាយជាព្រំដែនសន្តិភាព និងជាព្រំដែនអភិវឌ្ឍន៍ប្រជាជនរស់នៅសុខសប្បាយជាមួយជីវភាពធូរធា។
ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងនាយឧត្តមសេនីយ៍ផ្ទាល់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខ័ន្ធ ឧត្តមសេនីយ៍ឯក ជា ម៉ន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕