(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី១៤ នៃការយាងគ្រងរាជសម្បត្តិរបស់ព្រះអង្គ។
នៅក្នុងសារលិខិតរបស់សម្តេចតេជោនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨, សម្តេចបានចូលរួមថ្វាយព្រះសព្ទសាធុការពរជ័យ សិរីមង្គល បវរមហាប្រសើរគ្រប់យ៉ាង ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះព្រះរាជព្រះមហាករុណាទិគុណ និងព្រះរាជព្រហ្មវិហារធម៌ ប្រកបដោយទសពិធរាជធម៌របស់ព្រះករុណាថ្លៃវិសេស ចំពោះជាតិមាតុភូមិ ប្រជានុរាស្រ្ត និងព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម ក្នុងវិស័យការបរទេសរបស់ព្រះករុណាជាអម្ចាស់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងនីតិរដ្ឋ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ ឱ្យកាន់តែមានសន្ទុៈរីកចម្រើនជឿនលឿនខ្លាំងក្លាថែមទៀតជាមួយរាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ គឺជាខួបលើកទី១៤ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២៩តុលា ២០០៤- ២៩តុលា ២០១៨)។ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្រ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ និងសម្ដេចព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ។
ព្រះអង្គត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបិតា ក្រោយពេលដែលព្រះអង្គបានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤៕
ខាងក្រោមនេះជាសារលិខិតថ្វាយព្រះពរ របស់សម្តេចតេជោ ហ៊ុន សែន៖