(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតថ្វាយព្រះពរព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យគម្រប់ខួប នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះអង្គ នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៨នេះ។
សារលិខិតថ្វាយព្រះពរមានខ្លឹមសារថា “ នៅក្នុឱកាសដ៏មហាជ័យមង្គល បវរថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យខួបគម្រប់ ១៤ឆ្នាំ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ខ្ញុំម្ខាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីរាជមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ សូមព្រះអង្គស្ដេចមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាពោធិម្លប់ដល់ប្រជានុរាស្រ្តរបស់ព្រះអង្គជ្រកកោនត្រជាក់ត្រជុំ សុខដុមរមនា ជាដរាបតទៅ ។
ខ្ញុំម្ចាស់ សូមអភិវន្ទថ្វាយនូវព្រះកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌ប្រកបដោយទសពិធរាជធម៌ ដើម្បីឧត្ដមប្រយោជន៍ ជាតិ សាសនា និងប្រជានុរាស្រ្តទាំងអស់របស់ ព្រះករុណាព្រះមហាក្សត្រ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដោយបានប្រោសព្រះរាជទានព្រះរាជទ្រព្យរៀងរាល់ខែដល់កាកបាទក្រហមកម្ពុជា និងជាពិសេសព្រះអង្គបានយាងចុះជួបផ្ទាល់ ប្រាស្រ័យសាកសួរសុខទុក្ខ និងព្រះរាជទានព្រះរាជអំណោយដល់ប្រជានុរាស្រ្តទីទ័លក្រ មានទុក្ខលំបាក រងគ្រោះដោយគ្រោះធម្មជាតិនានា ប្រកបដោយព្រះរាជហឫទ័យមេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើឲ្យប្រជានុរាស្រ្តជាកូនចៅចងចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ឧត្ដង្គឧត្ដមថ្លៃថ្លា របស់ព្រះអង្គ។
ក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល នេះ ខ្ញុំម្ចាស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ តេជបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ បារមីនៃដួងព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះវររាជបិតាឯករាជជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាអភិបាលគ្រងរក្សា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គស្ដេចព្រះប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាព កុំបីឃ្លងឃ្លាតឡើយប។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសមេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទកិច្ចដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំម្ចាស់ “ ៕
ខាងក្រោមនេះ ជាសារលិខិតថ្វាយព្រះពររបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៖