(ភ្នំពេញ)៖ «ប្រសិនបើសហភាពអឺរ៉ុបរៀបចំដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញ លើកលែងតែអាវុធ (EBA) របស់កម្ពុជាទៅសហភាពអឺរ៉ុប ដែលបានផ្តល់ឱ្យដោយ ចោទថា កម្ពុជារំលោភសិទ្ធិមនុស្ស និងសម្លាប់ប្រជាធិបតេយ្យដូចក្រុមអ្នកនយោបាយប្រឆាំងបន្ទរនោះ ចុះហេតុអ្វីបានជាសហភាពអឺរ៉ុបបានសម្រេចផ្តល់សិទ្ធិឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ហៅកាត់ថា ASEM) លើកទី១៣ នៅឆ្នាំ២០២០ ដែលមានប្រមុខរដ្ឋ នាយករដ្ឋមន្ត្រីនៃប្រទេសជាសមាជិកជាង៥០ចូលរួម?»។

នេះគឺជាចម្ងល់របស់សាធារណជនក្នុងនោះរាប់ទាំងក្រុមអ្នកនយោបាយប្រឆាំងនៅក្នុងស្រុក និងក្រុមអ្នកនយោបាយរត់ចោលស្រុកខ្លួនឯងផងដែរ ដែលបានចោទសួរឡើង ខណៈក្រុមប្រឆាំងហាក់បានបាត់បង់ជំនឿលើយុទ្ធនាការការទូតរបស់ខ្លួន រួមនឹងការកៀងគរមនុស្សមកធ្វើបាតុកម្មប្រឆាំងសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជាថា គ្មានលទ្ធផលដូចការរំពឹងទុក និងបានបរាជ័យលើគ្រប់សមរភូមិទាំងអស់រួចស្រេចទៅហើយ។ ក្រុមប្រឆាំងបាននិងកំពុងមានអារម្មណ៍ថា សម្រែកយំដែលខ្លួនថ្ងួចថ្ងូរ ការយំសោកបោកខ្លួន និងសម្រែកទាមទារឱ្យដោះលែងជនក្បត់ជាតិ កឹម សុខា ការអនុញ្ញាតឱ្យខ្មោចបក្សសង្គ្រោះជាតិរស់ឡើងវិញ ការអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិទាំង១១៨ នាក់មានសិទ្ធិធ្វើនយោបាយឡើងវិញ រួមនឹងការទាមទារត្រឡប់មកវិញនូវតំណែងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង៥០០០មកវិញ គឺគ្រាន់តែជាសម្រែកដ៏គ្មានន័យ និងជាទឹកភ្នែកសត្វក្រពើតែប៉ុណ្ណោះ ព្រោះពិភពលោកបានដឹងកាន់តែច្បាស់ពីកលល្បិចទុច្ចរិតរបស់ពួកគេ ហើយពលរដ្ឋខ្មែរបានស្គាល់ច្បាស់ក្រយ៉ៅកញ្ជះបរទេស និងក្បត់ជាតិសាសន៍ បំផ្លាញប្រទេសជាតិ ប្រឆាំងប្រយោជន៍ប្រជាជនរបស់ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុក។

ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជាស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ និងមេដឹកនាំអាស៊ី និងអឺរ៉ុប ពិតជាដឹងច្បាស់ពីមូលហេតុច្បាស់លាស់នៃការសម្រេចចិត្តរបស់សហភាពអឺរ៉ុប និងមេដឹកនាំប្រទេសនៅទ្វីបអាស៊ីឱ្យព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ ខាងមុខនេះ។ ប្រសិនបើមេដឹកនាំអាស៊ី-អឺរ៉ុប មិនស្គាល់ច្បាស់ពីសមត្ថភាពរបស់កម្ពុជា និងមិនស្គាល់ច្បាស់ពីសមត្ថភាពដឹកនាំប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយទេពកោសល្យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករស្ឋមន្ត្រី និងបើសិនជាគ្មានជំនឿថាកម្ពុជាអាចធ្វើបានទេ នោះទំនងមេដឹកនាំ អាស៊ី-អឺរ៉ុប មិនផ្តល់ការគាំទ្រដល់កម្ពុជាឡើយ។ នេះសបញ្ជាក់ឱ្យឃើញថា ប្រទេសនានានៅលើពិភពលោកបានទទួលស្គាល់ស្នាដៃប្រទេសកម្ពុជា និងមេដឹកនាំកម្ពុជា និងបានឱ្យតម្លៃកម្ពុជា គោរពកម្ពុជាក្នុងនាមជាដៃគូស្មើភាពនិងស្មើសិទ្ធិ។ ពិភពលោកបាន ទទួលស្គាល់កម្ពុជា និងធ្វើការងារ សហប្រតិបត្តិការល្អជាមួយកម្ពុជា ទុកចិត្តនិងមានជំនឿលើកម្ពុជាកាន់តែខ្លាំង ក្រោយសម្តេចតេជោ ហ៊ុន សែន ធ្វើបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលជាកន្លែងបណ្តុំស្ថាប័នកំពូលៗរបស់ពិភពលោក និងបាននាំជោគជ័យដ៏ត្រចះត្រចង់សម្រាប់ប្រជាជាតិខ្មែរ។

បេសកកម្មដ៏ជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ ២០១៨ រួមមានការចូលរួមមហាសន្និបាតអង្គការ សហប្រជាជាតិដែលជាបេះដូងនៃ ស្ថាប័នកំពូលរបស់ពិភពលោក កិច្ចប្រជុំនៅប្រុចសែល ប្រទេសប៊ែលហ្ស៊ិក ជាបេះដូងនៃសហភាពអឺរ៉ុប និងនៅប្រទេសស្វីសដែលជាបេះដូងនៃស្ថាប័នអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងអង្គការពាណិជ្ជកម្មពិភពលោក។

ទាំងនេះបានបង្ហាញពិភពលោកឱ្យឃើញថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ពិតជាមានការរីកចម្រើន និងដើរតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងប្រទេសផ្សេងទៀតដែលមានប្រវត្តិរឿងរ៉ាវសង្គ្រាមដូចកម្ពុជា គួរយកគំរូតាម។ នៅទីនោះ សម្តេចតេជោ ហ៊ុន សែន មិនមែនគ្រាន់តែតំណាងឱ្យកម្ពុជាក្នុងកិច្ចប្រជុំអន្តរជាតិទាំងនោះទេ ប៉ុន្តែបានដើរតួនាទីសំខាន់ និងបានជួបពិភាក្សាទ្វេភាគី ពហុភាគីជាមួយមេដឹកនាំពិភពលោកដើម្បីរឹតចំណងទំនាក់ទំនងនយោបាយ ការទូត ពាណិជ្ជកម្ម ជាដើម។ លើសពីនោះ ក្នុងនាមជាមេដឹកនាំកម្ពុជា ដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីនៅក្នុងប្រទេស សម្តេចតេជោ ហ៊ុន សែន ទទួលបាននូវការគោរពស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងពីសំណាក់បងប្អូនខ្មែររស់នៅក្រៅប្រទេស ដោយបានស្ម័គ្រចិត្តធ្វើដំណើររាប់រាយពាន់ម៉ឺនគីឡូម៉ែត្រ ដើម្បីមកសម្តែងការគាំទ្រនិងស្វាគមន៍បរុសខ្លាំងរបស់កម្ពុជា ហ៊ុន សែន ដែលបុរសម្នាក់នេះរួមនឹងគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសចេញពីរបបអាវខ្មៅខ្មែរក្រហម សង្គ្រោះជាតិ និងជីវិតប្រជាជនឱ្យរស់រានឡើងវិញ នាំយកសន្តិភាពពេញលេញជូនកម្ពុជាតាមរយៈនយោបាយឈ្នះ-ឈ្នះ និងនាំកម្ពុជាចាកចេញពីភាពក្រីក្រ និងធ្វើឱ្យកម្ពុជាមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ជារួមកាលដែលកម្ពុជាត្រូវបានផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ខណៈប្រទេសផ្សេងទៀតក៏ចង់បានធ្វើជាម្ចាស់ផ្ទះដែរ ព្រោះជាការលើកមុខមាត់ប្រទេសជាតិរបស់ខ្លួនដោយសារតែ៖

ទី១) ទទួលស្គាល់តួនាទីកម្ពុជា នៅក្នុងពិភពលោកដែលបានក្លាយជាប្រទេសមួយលើគន្លងប្រជាធិបតេយ្យ និងមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច ៧%ក្នុងមួយឆ្នាំក្នុងរយៈពេល ២០ឆ្នាំជាប់គ្នា និងជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ខណៈប្រទេសកម្ពុជានេះ កាលពីអតីតកាល ត្រូវបានបំផ្លិចបំផ្លាញដោយសារតែសង្គ្រាម និងអំពើប្រល័យពូជសាសន៍ខ្មែរក្រហម ប្រជាពលរដ្ឋ ប្រទេសធ្លាប់តែក្រតោកយ៉ាក និងទទួលយកកម្លាំងកងទ័ពមួកខៀវរបស់អង្គការសហប្រជាជាតិ។

ទី២) ទទួលស្គាល់ថា កម្ពុជាបានខិតខំកសាងប្រទេសដោយឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សិទ្ធិនយោបាយ និងសិទ្ធិប្រជាពលរដ្ឋត្រូវបានគោរព លំហរសេរីភាពរីកធំក្រោមច្បាប់។ កម្ពុជាបានក្លាយជាសមាជិកអនុសញ្ញា សិទ្ធិសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិផ្សេងៗដែលធ្វើឱ្យពិភពលោកកាន់តែទទួលស្គាល់កម្ពុជាខ្លាំង ហើយចាត់ទុកកម្ពុជាជាដៃគូនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មយ៉ាងសំខាន់។ ផលិតផលដែលប្រជាជនអឺរ៉ុបប្រើប្រាស់មួយផ្នែកធំជាពិសេសផលិតផលវាយណភ័ណ្ឌ និងកសិកម្មមួយផ្នែកមានអង្ករ ម្រេចជាដើម ត្រូវបាននាំចូលពីប្រទេសកម្ពុជា។

ទី៣) ទទួលស្គាល់ថា នៅក្នុងតំបន់ កម្ពុជាក៏បានដើរតួនាទីសំខាន់ ជាសំឡេងមួយមិនអាចខ្វះបានរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាអ្នកចូលរួមសម្រេចចិត្តមួយយ៉ាងសំខាន់ ហើយក៏ជាដៃគូមួយរបស់ប្រទេសនានាលើសកលលោក ក្នុងនាមជាដៃគូស្មើសិទ្ធិ និងស្មើភាព។ នៅលើពិភពលោកកម្ពុជាបានចូលរួមក្នុងការថែរក្សាសណ្តាប់ធ្នាប់ពិភពលោក។ កម្ពុជាបានបង្ហាញនូវតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ជាអនុប្រធានមហាសន្និបាត និងជាសមាជិក ECOSOC របស់អង្គការសហប្រជាជាតិ។

ទី៤) ទទួលស្គាល់ថា កម្ពុជាបានខិតខំកសាងជាតិលើគ្រប់វិស័យ និងមិនធ្វើឱ្យសហគមន៍អន្តរជាតិ ដែលបានជួយជ្រោមជ្រែងខ្លួនខកចិត្តឡើយ។ កម្ពុជាបានចាកចេញពីភ្នក់ភ្លើងសង្គ្រាម មកជាប្រទេសមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពិតប្រកាដមួយ។ កម្ពុជាបានផ្លាស់ប្តូរឋានៈរបស់ខ្លួនដោយបានក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅពេលនេះ និងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅ ឆ្នាំ ២០៥០។ ធនធានមនុស្សរបស់កម្ពុជាកាន់តែសម្បូណ៌ និងប្រកបដោយគុណភាព ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការកសាងជាតិ។

ដូច្នេះកាលដែលអ្នកនយោបាយមួយចំនួននៃសហភាពអឺរ៉ុបបានលើកឡើងពីការដកប្រព័ន្ធអនុគ្រោះពន្ធលើទំនិញកម្ពុជាគឺគ្រាន់តែជាគោលគំនិតបុគ្គលមួយចំនួនដែលបានគាំទ្រដោយលម្អៀង ទៅលើក្រុមអ្នក នយោបាយប្រឆាំងដែលធ្លាប់ស្ថិតនៅក្នុងបណ្តាញបក្សប្រឆាំងជាមួយគ្នា។ ការសម្រេចដកឬមិនដកប្រព័ន្ធអនុគ្រោះពន្ធនេះត្រូវចាំបាច់ត្រូវឆ្លងកាត់នូវ ដំណាក់កាលជាច្រើន នៅក្នុងស្ថាប័នកំពូលៗរបស់អឺរ៉ុប។ ការប៉ុនប៉ងចាប់ផ្តើមនីតិវិធីដំណើរ ការដកភាពអនុគ្រោះព័ន្ធ (EBA) បណ្តោះអាសន្នពីកម្ពុជាដោយមិនបានឈរលើ ភស្តុតាងជាក់ស្តែង និងស្ថាន ភាពពិតប្រាកដនៅកម្ពុជា គឺនឹងជាការសម្រេចចិត្តដោយមូលហេតុនយោបាយ លម្អៀង ខ្វះសុភៈវិនិច្ឆ័យ និងប្រកបដោយភាពអយុត្តិធម៌ ដោយយកកម្មករនិយោជិតរាប់សែននាក់ធ្វើជាចំណាប់ខ្មាំង ហើយប្រាស់ចាស ទាំងស្រុងពីគោលការណ៍ដែលសហភាពអឺរ៉ុបខ្លួនឯងបានចែងស្តីពីការផ្តល់ភាពអនុគ្រោះពន្ធទៅទៅ ដែលមានគោលបំណងចូលរួមលុបបំបាត់ភាពក្រីក្រតាមរយៈការពង្រីកការនាំចេញ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងអភិបាលកិច្ចល្អក្នុងប្រទេសទទួលផល។
កម្ពុជាបាននិងកំពុងអនុវត្តបានយ៉ាងល្អនូវលក្ខខណ្ឌទាំងនេះហើយទទួលបាននូវការកោតសរសើរពីស្ថាប័នផ្សេងៗ។ កម្ពុជាបានបំពេញលើលក្ខខណ្ឌផ្សេងដែលបានកំណត់។

ទន្ទឹមនឹងនេះ កម្ពុជាបានខិតខំក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ប្រសិនបើគ្រាន់តែកម្ពុជាអនុវត្តច្បាប់របស់ខ្លួនប្រឆាំងនឹងជនក្បត់ជាតិ កឹម សុខា ការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាអង្គការចាត់តាំងនយោបាយនៃបដិវត្តន៍ពណ៌ ដើម្បីរក្សាសុខសន្តិភាព មិនអាចធ្វើបាន និងត្រូវបានចាត់ទុកថា ជាការរំលោភលើសិទ្ធិមនុស្ស និងការសម្លាប់លទ្ធិប្រជាធិបតេយ្យ នោះកម្ពុជាមិនជាកម្ពុជាដែលជារដ្ឋអធិបតេយ្យ និងឯករាជ្យឡើយ។ ប៉ុន្តែទេវតាពិតជាមានភ្នែកជួយកម្ពុជាប្រឆាំងនឹងក្រុមជនអគតិដែលមិនចង់ ឱ្យកម្ពុជារីកចម្រើន។ ពេលនេះពួកគេពិតជាបានភ្លឺ ភ្នែកថាកម្ពុជាដែលពួកគេតាមយាយីមិនចេះចប់មិនចេះហើយ គឺត្រូវបានទទួលមកវិញនូវទំនុកចិត្តកាន់តែ ខ្លាំងនិងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅឆ្នាំ ២០២០ ដែលជាមហាកិត្តិយសរបស់ជាតិ និងប្រជាជនកម្ពុជា៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨