(ហ្សឺណែវ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមវេទិកាតុមូលថ្នាក់រដ្ឋមន្ត្រីស្ដីពី «ការរៀបចំគោលនយោបាយវិនិយោគសកល ក្នុងសតវត្សទី២១» ដែលរៀបចំឡើងក្នុងអំឡុងពេលនៃ វេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។
លោក មូគីសា គីទូយី អគ្គលេខាធិការនៃសន្និសីទ អង្គការសហប្រជាជាតិស្ដីពី ពាណិជ្ជកម្ម និងការអភិវឌ្ឍ បានសង្ខេបជូនពីសាវតា និងបញ្ហាមួយចំនួនទាក់ទងនឹង គោលនយោបាយវិនិយោគសកលលោក ក្នុងពេលបច្ចុប្បន្ន ពិសេសការផ្លាស់ប្ដូរនិន្នាការវិនិយោគ និងពាណិជ្ជកម្ម និងគោលនយោបាយគាំពារនិយមដែលប៉ះពាល់ធ្ងន់ធ្ងរ លើលំហូរវិនិយោគដោយផ្ទាល់ពីបរទេស។
លោកបន្ដទៀតថា គោលបំណងនៃវេទិកាតុមូលនេះរៀបចំឡើងដើម្បី ពិភាក្សាលើដំណោះស្រាយ ក្នុងការទាញយកការវិនិយោគបន្ថែម ដែលជាគន្លឹះក្នុងការសម្រេចបាននូវគោលដៅ SDG, ទាញយកផលប្រយោជន៍ពី បដិវដ្តឧស្សាហកម្មទី៤ សម្រាប់ការអភិវឌ្ឍដោយចីរភាព និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលជាលទ្ធផល នៃគោលនយោបាយគាំពារនិយម។
ឆ្លើយបតទៅនឹងប្រធានបទខាងលើ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្ដល់បទអន្តរាគមន៍មួយចំនួនដូចជា៖
១៖ តាមការវិភាគរបស់ UNCTAD ឃើញថាលំហូរ FDI នៅលើពិភពលោកបានធ្លាក់ចុះគួរ ឱ្យកត់សម្គាល់ក្នុងឆ្នាំ២០១៧ សម្រាប់កម្ពុជាលំហូរ FDI បានកើនឡើង១២% ពី២.៤៧ប៊ីលាន ទៅ ២.៧៨ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ដែលទទួលបានតាមរយៈការវិនិយោគ ក្នុងវិស័យហិរញ្ញវត្ថុ, ទូរគមនាគមន៍, អចលនទ្រព្យ និងកម្មន្តសាលមិនមែនវាយនភ័ណ្ឌ។
២៖ កម្ពុជាបានកំណត់រួចជាស្រេចនូវ គោលនយោបាយទាក់ទាញការវិនិយោគ ដើម្បីគាំទ្រការអភិវឌ្ឍដោយចីរភាពរួមមាន៖ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥, ក្របខ័ណ្ឌច្បាប់ និងបទបញ្ញត្តិសម្រាប់សម្របសម្រួល ដែលគាំទ្រ និងការពារការវិនិយោគបរទេស, ប្រែក្លាយពលកម្មពីពលកម្មមិនមានជំនាញ មកជាពលកម្មមានជំនាញ។
៣៖ កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការរៀបចំគោលនយោបាយវិនិយោគ ក្របខ័ណ្ឌសកលលោក និងតំបន់ដូចជា ASEAN Comprehensive Investment Agreement (ACIA), ជំពូកស្ដីពីវិនិយោគនៅក្នុង ASEAN Free Trade Agreement និង RCEP។
៤៖ តាមរយៈបទពិសោធន៍ និងមេរៀនថ្មីៗដែលទទួលបានកម្ពុជា បានរៀបចំគោលនយោបាយលើកទឹកចិត្ត ដែលមានភាពប្រទាក់ក្រឡា និងបើកទូលាយ ពិសេសតាមរយៈការរៀបចំតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគិន។
៥៖ ធ្វើសមាហរណកម្ម ក្នុងខ្សែសង្វាក់ផលិតកម្មក្នុងតំបន់ ដោយផ្ដោតលើការបង្កើតរោងចក្រ និងទទួលបានផលប្រយោជន៍ ពីមូលដ្ឋានផលិតកម្មធំៗក្នុងតំបន់ សំដៅការអភិវឌ្ឍសមត្ថភាពតាមរយៈ ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា។
៦៖ កម្ពុជាបានរៀបចំផែនការជាក់លាក់ ក្នុងការសម្រេចបាននូវគោលដៅ SDGs របស់ខ្លួន ផ្ដោតលើការបណ្ដុះបណ្ដាលធនធានមនុស្ស, ពិពិធកម្មសេដ្ឋកិច្ច, ជំរុញការអភិវឌ្ឍវិស័យឯកជន និងទីផ្សារការងារ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។
សូមជម្រាបថា វេទិកាតុមូលថ្នាក់រដ្ឋមន្ត្រីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រី-អនុរដ្ឋមន្ត្រី មកពី១៦ប្រទេស៕