(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ការជួសជុស និងស្តារឡើងវិញអាងហែលទឹកពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជានេះ ត្រូវប្រើប្រាស់ថវិកាប្រហែល ២លានដុល្លារអាមេរិក ដោយមិនទាន់គិតទៅលើសម្ភារៈផ្សេងៗ ដែលត្រូវទិញដាក់បន្ថែមនៅកន្លែងហាត់ប្រាណនៅលើគោកនោះទេ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះ នៅរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតី នៅក្នុងពិធីក្រុងពាលីបើកកាដ្ឋានជួសជុល និងសាងសង់អាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាឡើងវិញ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក សុខ សប្បាយណា ប្រធានលេខាធិការដ្ឋាន ប្រតិបត្តិសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងតំណាង ក្រសួងអប់រំ តំណាងក្រសួងវប្បធម៍និង វិចិត្រសិល្បៈ និងភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា អាងទឹកពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជានេះ បានដាក់ឱ្យដំណើរការ តាំងពីឆ្នាំ១៩៦៧មកម្លេះ ហើយគិតមកដល់ពេលនេះ ម៉ាស៊ីនចម្រាញ់ទឹកបានខូចអស់ហើយ ជាក់ស្តែងនៅពេលនេះយើងបានបើកធ្វើការស្តារអាងទឹកនេះឡើងវិញ ឱ្យស្របទៅតាមស្តង់ដារអន្តរជាតិថ្មី ដែលមានបណ្តោយ ៥០ម៉ែត្រ ទទឹង ២៥ម៉ែត្រ ដែលមានខ្សែបន្ទាត់ចំនួន១០ ហើយចំពោះខាងលោតទឹកវិញគឺបានពង្រីក ២៥ម៉ែត្រX ២០ម៉ែត្រ ហើយការរៀបចំនេះដែរគឺដើម្បីឱ្យកីឡាករ កីឡាការរិនី មានទីតាំងហាត់បន្ថែមទៀត ឱ្យមានភាពងាយស្រួលជាងមុន។
លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ការជួសជុសអាងទឹកនេះ ត្រូវប្រើប្រាស់ថវិការប្រហែល ២លានដុល្លារអាមេរិក ដោយមិនទាន់គិតទៅលើសម្ភារៈផ្សេងៗ ដែលត្រូវទិញដាក់បន្ថែមនៅកន្លែងហាត់ប្រាណនៅលើគោកនោះទេ ហើយចំពោះកន្លែងហាត់ប្រាណនៅលើគោកនេះដែល មានទទឹង១២ម៉ែត្រ និងបណ្តោយ ១៨ម៉ែត្រ ដែលដាក់សម្រាប់តែកីឡាករ កីឡាការរិនីហែលទឹកតែប៉ុណ្ណោះ ពីព្រោះការហាត់នៅក្នុងទឹកវាមិនគ្រប់គ្រាន់នោះទេ ដូចនេះត្រូវតែមានការហាត់នៅលើគោកបន្ថែមទៀត។
លោកបានបញ្ជាក់ទៀតថា ក្រៅពីនោះទៀត ក៏មានរៀបចំជាបន្ទប់ស្នាក់នៅសម្រាប់កីឡាករ កីឡាការរិនី អាចស្នាក់នៅបាន និងមានរៀបចំជាកន្លែងទទួលទានអាហារត្រឹមត្រូវផងដែរ ពីព្រោះកីឡាករ កីឡាការរិនី ហែលទឹក គឺពិតជាត្រូវការកម្លាំងខ្លាំងណាស់ ដើម្បីយកឈ្នះគួរប្រកួតរបស់ខ្លួន។ លោកបានបញ្ជាក់ថា នៅប្រទេសគេ កីឡាករ កីឡាការរិនី ហែលទឹកនេះ គឺហាត់នៅលើគោក ច្រើនជាងហាត់នៅក្នុងទឹក ដែលការហាត់នៅលើគោក គឺសំដៅទៅដល់កន្លែងលើកសាច់ដុំនេះឯង។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ចំពោះថវិការដែលចំនាយលើកការស្តារ អាងទឹកពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជានេះ គឺសុទ្ធតែជាជំនួយទាំងអស់ ដោយសហព័ន្ធកីឡាហែលទឹក បានសហការណ៍ជាមួយខាងផ្នែកឯកជន ហើយជាពិសេសនោះ គឺក្រុមហ៊ុន ឈៀងហៃ ខន់ត្រាក់សិន ដែលជាក្រុមហ៊ុនសាងសង់ផ្លូវច្រើននៅកម្ពុជា ហើយក៏ជាក្រុមហ៊ុន ដែលមានបទពិសោធន៍ច្រើន ក្នុងការក៏សាងអាងហែលទឹកអន្តរជាតិនៅទូទាំពិភពលោកផងដែរ ដូច្នេះហើយសហព័ន្ធកីឡាហែលទឹកក៏បានស្នើឱ្យក្រុមហ៊ុនជួយស្តារអាងទឹកនេះឡើង ហើយលោកនឹងសហការជាមួយផ្នែកឯកជនផ្សេងៗទៀត ដើម្បីស្នើថវិការមកទិញសម្ភារៈមួយចំនួន ដាក់នៅកន្លែងកន្លែងហាត់ប្រាណនៅលើគោកនេះតែម្តង។
ទន្ទឹមនឹងនេះ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនចិន ដែលបានស្តារអាងហែលទឹកនៅពហុកីឡាដ្ឋានជាតិអូឡាំពិកឡើងវិញ៕
ខាងក្រោមនេះជាកិច្ចសម្ភាសរវាងអ្នកសារព័ត៌មាន ជាមួយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និង អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា ពាក់ព័ន្ធនឹងការស្តារអាងហែលទឹកនៅពហុកីឡាដ្ឋានជាតិអូឡាំពិក៖