(បន្ទាយមានជ័យ)៖ គណៈប្រតិភូនាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តចំនួន៦មកពី ខេត្តបាត់ដំបង ប៉ៃលិន កំពង់ឆ្នាំង ពោធិ៍សាត់ ឧត្តរមានជ័យ និងខេត្តសៀមរាប បានមកបំពេញកិច្ចការងារនៅ ខេត្តបន្ទាយមានជ័យ ដើម្បីដកស្រង់បទពិសោធន៍ស្តីពី ការអនុវត្តការងារងារនគរបាល និងសហគម៍គ្រាដែលនគរបាល ខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញថា បានបំពេញកិច្ចការងារឈានមុខ ទទួលបានស្នាដៃល្អជាបន្ត បន្ទាប់លើកិច្ចការងារថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ និងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ក៏ដូចជា ការជួយ ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិជាដើមនោះ។
ការមកបំពេញទស្សនកិច្ចការងារ ដកស្រង់ផ្លាស់ប្តូរបទពិសោធន៍លើការ អនុវត្តន៍ការងារនគរបាល និងសហគមន៍នៅខេត្តបន្ទាយមានជ័យ បានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទ២៥និ២៦ ខែតុលា ឆ្នាំ២០១៨។
គណៈប្រតិភូនាយនគរបាលក៏ បានចុះទៅត្រួតពិនិត្យសិក្សាការងារផ្ទាល់នៅចំណុចប៉ុស្ថិ៍នគរបាល ឃុំសង្កាត់ចំនួន១០គោលដៅ ក្នុងក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកមង្គលបូរី ក្រោមការ ដឹកនាំដោយប្រធាននាយកដ្ឋានកិច្ចការងារប៉ុស្ថិ៍នគរបាលរដ្ឋបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក អ៊ីង សំអុល និងស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ តំណាង លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ និងមានការចូលរួមពីតំណាង ប្រធានម្ចាស់គម្រោងហៅកាត់ CPI នៃស្ថានទូតអូស្រ្តាលី។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានលើកឡើងថា នគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានអនុវត្តនូវបទបញ្ជាយ៉ាងម៉ាត់ រាល់ផែនការ និងគោលការណ៍ច្បាប់ដាក់ចេញដោយក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅលើតួនាទី ភារកិច្ច របស់នគរបាលជាតិ។
កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានបំពេញការ ងារលើវិធានការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រប់ប្រភេទជាពិសេសលើការងារល្មើសឧក្រិដ្ឋ និងបទល្មើស គ្រឿងញៀន ទទួលបានជោគជ័យជាបន្តបន្ទាប់ នាំឱ្យប្រជាជនជំនឿ ទុកចិត្តនិងមាន ភាពកក់ក្តៅ លើកិច្ចការងាររបស់នគរបាល។
លោកឧត្តមសេនីយ៍ឯក អ៊ីង សំអុល បានថ្លែងថា ឆ្លងកាត់ការសិក្សាត្រួតពិនិត្យទៅលើការងារ ប៉ុស្ថិ៍នគរបាលរដ្ឋបាលគោលដៅទាំង១០ នៃខេត្តបន្ទាយមានជ័យ លោកសូមការកោត សរសើ និងវាយតម្លៃខ្ពស់លើការងារដឹកនាំរបស់នគរបាលប៉ុស្ថិ៍នទាំងនោះ ទាំងវិន័យកិច្ចការងាររដ្ឋបាល ការងារសន្តិសុខ ការប្រាស័យទំនាក់ទំនងជាមួយប្រពលរដ្ឋ និងអាជ្ញាធរដែនបានល្អ ប៉ុន្តែនៅមានចំណុចខ្វះខាតបន្តិចបន្តួច លោកក៏បានណែនាំត្រូវកែតម្រូវ ដើម្បីការងារដឹកនាំ ប៉ុស្ថិ៍នគរបាលរដ្ឋបំរើប្រជាពលរដ្ឋទទួលបានកាន់តែជោគជ័យ។
លោកបានណែនាំឱ្យកម្លាំងនគរបាលប៉ុស្តិ៍ត្រូវតែគោរពវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ ឱ្យបានម៉ឺងម៉ាត់ហើយជាពិសេសធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋមានជំនឿទុកចិត្ត ដោយចូលរួមសហការល្អជាមួយនគរបាល៕