(កំពង់ធំ)៖ ក្រោមការដឹកនាំរបស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ ក៏ដូចជា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានរៀបចំប្រព័ន្ធលូរំដោះទឹក ដែលដក់នៅតាមដងផ្លូវចន្លោះភូមិអាចារ្យលាក់ សង្កាត់ ក្រុងស្ទឹងសែន។
លោក ជូ កូឡា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងថា ការរៀបចំដាក់លូរំដោះទឹក មានប្រវែង៣០០ម៉ែត្រ បើគិតជាចំនួនលូស្មើនឹង១៤២កង់ ដែលជាគម្រោងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ។
ដោយឡែក កន្លងមកនៅតាមដងផ្លូវ ក្នុងក្រុងស្ទឹងសែនចន្លោះភូមិអាចារ្យលាក់ ពេលមានភ្លៀងម្ដងៗ មានទឹកដក់នៅតាមដងផ្លូវ ធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរដូចនេះហើយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានរៀបចំប្រព័ន្ធលូរំដោះទឹក នៅតាមដងផ្លូវដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរជាពិសេស ដើម្បីថែរក្សាគុណភាពផ្លូវឱ្យជាប់បានយូរ និងកែលម្អសោភ័ណភាពទីក្រុង ឲ្យមានភាពស្រស់ស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឱ្យចូលមកទស្សនា ក្នុងនោះដែរមន្ទីរ ក៏មានគម្រោងរៀបចំប្រព័ន្ធលូ នៅតាមដងផ្លូវក្នុងក្រុងស្ទឹងសែន ជាបន្តបន្ទាប់ដើម្បីជួយរំដោះទឹកចេញពីផ្លូវ។
ជាចុងក្រោយ លោក ជូ កូឡា បានធ្វើសេចក្ដីអំពាវនាវ ក៏ដូចជាសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាសហការនឹងចូលរួមទាំងអស់គ្នា ជាពិសេស បងប្អូនដែលរស់នៅតាមដងផ្លូវជាតិ សូមកុំចោលសំរាម ឬកាកសំណល់ផ្សេងៗ នៅលើដងផ្លូវឬនៅមាត់លូដែលជាហេតុឱ្យមានការរាំងស្ទះទឹកនៅពេលមានភ្លៀងធ្លាក់ និងចាក់ដីខ្ពស់ជាងផ្លូវ៕