(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នឹងបញ្ជូនអត្តពលិករបស់ខ្លួនចំនួន ៣២នាក់ ក្នុងនោះមានអត្តពលិកជំនាញ៦នាក់ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិលើកទី៥ នៅលើភ្នំបូកគោ ខេត្តកំពត នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ខាងមុខ ដើម្បីរួមចំណែកស្វែងរកមូលនិធិ សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
ថ្លែងក្នុងពេលហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិ នាថ្ងៃទី២៥ ខែតុលា, លោក ពៅ ហុក គ្រូបង្វឹកកីឡានៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានលើកឡើងថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបណ្តុះឆន្ទៈលើកទឹកចិត្តកីឡាករ-កីឡាការិនីរបស់ខ្លួន ដោយត្រូវពង្រឹងខ្លួនឯងឱ្យបានល្អ មុនពេលដែលត្រូវប្រជែងយកមេដាយ ក្នុងព្រឹត្តិការណ៍អន្ដរជាតិមួយនេះ។
គ្រូកីឡារូបនេះ បានថ្លែងអំណរគុណដល់លោក ឌួង លាង ប្រធាន ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានផ្តល់ឱកាសឱ្យបុគ្គលិក និងកីឡាករ-កីឡាការិនីជាច្រើននាក់ បានចូលរួមប្រកួតក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ នៅលើភ្នំបូកគោ ដែលរៀបចំឡើងដោយរមណីយដ្ឋានឋានសួគ៌បូកគោ ដើម្បីរួមចំណែកស្វែងរកមូលនិធិ សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។
លោក ពៅ ហុក បញ្ជាក់ទៀតថា ក្នុងចំណោមអត្តពលិក៣២នាក់នោះ មាន៦នាក់ជាអត្តពលិកជំនាញប្រចាំក្លឹប រួមមានកីឡាករ ម៉ា វីរ៉ូ, សាត ឧត្តម, ផាន សុភុត, វ៉ាន់ ភារ៉ា កីឡាការិនី ហេង ម៉េងជូ និងកីឡាការិនី ប៊ូ សំណាង ដែលធ្លាប់ដណ្តើមបានជ័យលាភី នាពេលកន្លងមក។
លោកបន្ថែមថា ការបង្កើតនូវកំណត់ត្រាថេរវេលាមួយល្អប្រសើរ គឺជារឿងមួយល្អ និងគួរឱ្យរីករាយ ទោះបីលទ្ធផលជារួមបែបណាក៏ដោយ ហើយលោកសង្ឃឹមថា កីឡាករ-កីឡាការិនីទាំងអស់ នឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមកិត្តិយសជូនសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
សូមបញ្ជាក់ថា វិញ្ញាសាប្រកួតមានរហូត ៤វិញ្ញាសា គឺវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងវិញ្ញាសារត់កម្សាន្ដលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រ ដែលផ្ដោតសំខាន់លើការប្រមូលថវិកា ពីការរៀបចំសម្រាប់បរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផា៕