(ភ្នំពេញ)៖ រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែង សំណេរភាសាអង់គ្លេស លើកទី៣ (The 3rd English Writing Contest Program) នៅសាលសហសិក្សា នៃសាលា ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ) ក្រោមអធិបតីភាពលោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអគ្គនាយកប៊ែលធី គ្រុប។
លោក ចាន់ ទីតា ប្រធានការិយាល័យភាសាអង់គ្លេស (ESL) បានឱ្យដឹងថា៖ បច្ចុប្បន្ន សាលា ប៊ែលធី អន្តរជាតិ មាន២១សាខា ក្នុងនោះ១៩សាខា កំពុងដំណើរការ និង២សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា៤០,៥៦១នាក់។
លោក ចាន់ ទីតា បានបន្តថា គោលបំណង នៃការប្រកួតសំណេរភាសាអង់គ្លេស គឺធ្វើឲ្យ សិស្សានុសិស្សមានភាពក្លាហាន ហ៊ានបញ្ចេញសមត្ថភាព ថ្នឹកដៃក្នុងការសរសេរ ភាសាអង់គ្លេស និងអាចចូលរួមប្រកួតប្រជែងសំណេរជាលក្ខណៈអន្តរជាតិ។ កម្មវិធីសិក្សាផ្នែកភាសាអង់គ្លេសទូទៅ (ESL Program) ត្រូវបានរៀបចំឡើងយ៉ាងសម្រិត សម្រាំង សុទ្ធតែមុខវិជ្ជាទំនើបៗ ហើយសៀវភៅសិក្សា ត្រូវបានសហការគាំទ្រ ដោយក្រុមហ៊ុន McGraw-HILL Education នៅសហរដ្ឋអាមេរិក។
ក្នុងនោះដែរ សាលាក៏បានបន្ថែមកម្មវិធីសិក្សាដូចជា៖ ចម្រៀង រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ ដល់សិស្សគ្រប់កម្រិត ចាប់ពី Preschool 1 ដល់ Level 12 ដើម្បីធ្វើឲ្យសិស្សមានគំនិតថ្មីៗ មានភាពក្លាហាន ហ៊ានបញ្ចេញយោបល់ ចេះវែកញែក។ នៅពេលបញ្ចប់ Level 12 សិស្សមានសមត្ថភាពគ្រប់ គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ជាពិសេស ទទួលបានពិន្ទុតេស្ត អន្តរជាតិ អាយអែល (IELTS) យ៉ាងតិច 5.5 ឡើងទៅ ដែលអាចដាក់ពាក្យសុំអាហារូបករណ៍ ទៅសិក្សានៅក្រៅប្រទេសបានយ៉ាងងាយ។
ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ បានថ្លែងនូវការកោតសរសើរ ចំពោះប្អូនៗ ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានជយលាភី នាពេលនេះ។
លោក លី ប៊ុនឆៃ ក៏បានបន្ថែមទៀតថា សិស្សដែលសិក្សាភាសាអង់គ្លេសទាំងអស់ នៅពេល បញ្ចប់កម្រិតទី១២ (Level 12) សាលានឹងរៀបចំឲ្យប្រឡងតេស្តអន្តរជាតិ អាយអែល (IELTS) ហើយសិស្សដែលទទួលបានពិន្ទុ ចាប់ពី 6.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រយៈពេល ៤ឆ្នាំ ចំណែកឯសិស្ស ដែលទទួល បានពិន្ទុ ចាប់ពី 7.5 ឡើងទៅ នឹងទទួលបានអាហារូបករណ៍ ឧកញ៉ា លី ឆេង ទៅសិក្សានៅ ក្រៅប្រទេសផងដែរ។ ដោយឡែកសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏មានកម្មវិធីសិក្សា ជាភាសាជាតិ និង អន្តរជាតិ ដែលកម្មវិធីសិក្សា អន្តរជាតិ គឺបង្រៀនផ្តោតទៅលើភាសា អង់គ្លេស ១០០% ជាកម្រិតអន្តរជាតិ ដើម្បីធ្វើឲ្យសិស្សមានទំនាក់ទំនងគ្នា ពីសាលារហូតដល់សាកលវិទ្យាល័យ នៅថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
សាកលវិទ្យាល័យ ក៏បានបើកកម្មវិធីសិក្សាជា ភាសាជាតិ ដោយបង្រៀនជា ពីរភាសា គឺភាសា ខ្មែរ និងភាសាអង់គ្លេស ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតប៊ែលធី ទទួលបាននូវចំណេះដឹង ទាំង ភាសាជាតិ និងអន្តរជាតិ និងផ្តល់ភាពងាយស្រួលជូនដល់និស្សិតក្នុងការទំនាក់ទំនងរវាងជាតិ និងអន្តរជាតិ ដែលជាឱកាសក្នុងការប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយជោគជ័យ និងក្លាយ ជាសហគ្រិនភាពដ៏ល្បីក្នុងពេលអនាគត។
ជាទីបញ្ចប់ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រង នាយកសាខា ក៏បានប្រគល់មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សជ័យលាភី កម្រិតទី៥ ទី៨ ទី១១និងទី១២ ចំនួន១២នាក់ផងដែរ៕