(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ បានឃាត់ខ្លូនជនសង្ស័យ២នាក់ ជាបន្ដបន្ទាប់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ នៅ​​​មុខ​ហាង PARK CAFE ទីតាំងផ្ទះលេខ៧០១ ផ្លូវលេខ១២៨ កែងផ្លូវលេខ២៥៧ ក្រុមទី៣៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១។

អធិការរងនគរបាលខណ្ឌទួលគោក លោក ស៊ឹម ពិសិដ្ឋ បានឲ្យដឹងថា ហេតុការណ៍ឆក់នេះកើតឡើងនៅ​យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ដោយភ្លាមនោះ កម្លាំងនគរបាល ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ហេង បាន​ឃាត់ខ្លួនជនសង្ស័យម្នាក់​ឈ្មោះ កែវ ភារាជ្យ ហៅ​រាជ្យ ​អាយុ១៧ឆ្នាំ ជាអ្នកបើកម៉ូតូ និងចាប់យកវត្ថុតាងម៉ូតូម៉ាក Honda C125 ស៊េរី2013 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ​1BT-​9725 ចំណែក​បក្សពួកឈ្មោះ សុខ រ៉ាម៉ន ហៅ​ម៉ន អាយុប្រហែល១៩ឆ្នាំ ជាអ្នកអង្គុយក្រោយ ធ្វើសកម្មភាពឆក់បាន យកទូរស័ព្ទដៃរបស់ជនរងគ្រោះគេចខ្លួនបាត់។

រហូតមកដល់វេលម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃ​អធិការដ្ឋា ​នគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ សុខ រ៉ាម៉ន ជាអ្នកអង្គុយក្រោយធ្វើសកម្មភាពឆក់ ឃាត់ខ្លួននៅចំណុចផ្ទះជួល ផ្លូវបេតុង ក្រុម​ទី៣ ភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌ​សែនសុខ ​និងចាប់យកវត្ថុតាងទូរស័ព្ទដៃជនរងគ្រោះមកវិញ រួចបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីវិធីច្បាប់​។ ក្នុងនោះ ទូរស័ព្ទដៃមួយគ្រឿងម៉ាក VIVO V11 ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់​យកទៅ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិ​ញ តាមការស្នើ​សុំ​ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បច្ចុប្បន្ន​ជនសង្ស័យខាងលើ​កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន​នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង​កសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕