(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ បានបើកសិក្ខាសាលាស្ដីពី ការយល់ដឹងជាសាធារណៈអំពីវិស័យទេសចរណ៍ និងទីក្រុងស្អាត ដល់និស្សិត និងសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិជំនាន់ទី៥ និងមគ្គុទ្ទេសក៍ទេសចរណ៍តំបន់ភ្នំពេញជំនាន់ទី១៨-១៩ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដើម្បីពង្រឹងពុទ្ធិបន្ថែមលើ វិស័យទេសចរណ៍។

សិក្ខាសិលានេះមានការចូលរួមពីលោក ជួន ជ័យសត្យា ប្រធាននាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងសារធាណៈ និងលោក សាំង ចន្ឋូ ព្រឹទ្ធបុរសរងមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។

លោក ជួន ជ័យសត្យា បានលើកឡើងថា កម្ពុជាមានសក្ដានុពលយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដោយឈរលើប្រភពធនធានវប្បធម៌ និងធម្មជាតិ ការឯកភាពជាតិ ស្ថិរភាពនយោបាយ សន្ដិសុខ និងសុវត្ថិភាពពេញលេញ។ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្ដយ៉ាងម៉ឺងម៉ាត់ ក្នុងការបន្ដជំរុញយ៉ាងសកម្មនូវការរីកចម្រើននៃវិស័យទេសចរណ៍ សំដៅរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ។

លោកថា វិស័យទេសចរណ៏ គឺវិស័យមួយដែលមានអាទិភាព ដែលត្រូវបានកំណត់នៅក្នុងយុទ្ឋសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ថាជាមាសបៃតង ដោយបានផ្តល់ឱកាសការងារ ប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋកម្ពុជា រួមចំណែកជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) និងធ្វើឱ្យមានលំនឹងផ្នែកជញ្ជីងពាណិជ្ជកម្ម។

មិនត្រឹមតែប៉ុណ្ណោះ វិស៍យទេសចរណ៍បានរួមចំណែកថែរក្សាការពារ និងអភិរក្សសម្បត្តិវប្បធម៌ ប្រវត្តិសាស្រ្ត ធនធានធម្មជាតិ ព្រមទាំងបានជួយលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តជាតិ ពង្រីកមិត្តភាព សាមគ្កីភាព និងកិច្ចសហប្រត្តិបត្តការល្អជាមួយបណ្តាប្រទេសនៅលើសកលលោកទៀតផង។

លោក សាំង ចន្ឋូ បានបញ្ជាក់ថា ទោះបីជាវិស័យទេសចរណ៍ ជាវិស័យមួយដែលមានការរីកចម្រើនខ្លាំងនៅកម្ពុជា ក៏ពិតមែនតែវិស័យនេះនឹងមិនអាចធ្វើឱ្យកម្ពុជាទទួលបាននូវផលប្រយោជន៍ខ្ពស់បានទេ ប្រសិនបើគ្មានការចូលរួមជាសាធារណៈពីសំណាក់ប្រជាពលរដ្ឋ និងពីភាគីពាក់ព័ន្ធទាំងអស់។

បើតាមលោក សាំង ចន្ឋូ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំអង្គសិក្ខាសាលាដ៏មានសារសំខាន់នេះ ហើយលោកសង្ឃឹមយ៉ាងងមុតមាំថា និស្សិត និងសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិជំនាន់ទី៥ និងមគ្គុទ្ទេសក៍ទេសចរណ៍តំបន់ភ្នំពេញជំនាន់ទី១៨-១៩ទាំងអស់ នឹងទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ពីសំណាក់វាគ្មិនដែលមានជំនាញ និងបទពិសោធន៍ល្អៗ មកពីក្រសួងទេសចរណ៍។

បើតាមស្ថិតិរបស់ក្រសួងទេសចរណ៍៖
* ឆ្នាំ២០១៥ យើងទទួលបានទេសចរអន្ដរជាតិប្រមាណ ៥លាននាក់ ដែលអាចនឹងរកចំណូលបានប្រមាណ ៣,០០០លានដុល្លារ និងផ្ដល់ការងារបានប្រមាណ ៥០ម៉ឺននាក់។
* ឆ្នាំ២០១៨ យើងរំពឹងថានឹងទទួលបានទេសចរអន្ដរជាតិប្រមាណ ៦.៥លាននាក់ ដែលអាចនឹងរកចំណូលបានប្រមាណ ៤,១០០លានដុល្លារ និងផ្ដល់ការងារបានប្រមាណ ៦៥ម៉ឺននាក់។
* ឆ្នាំ២០២០ យើងរំពឹងថានឹងទទួលបានទេសចរអន្ដរជាតិប្រមាណ ៨លាននាក់ ដែលអាចនឹងរកចំណូលបានប្រមាណ ៥,០០០លានដុល្លារ និងផ្ដល់ការងារបានប្រមាណ ៨០ម៉ឺននាក់៕