(ភ្នំពេញ)៖ លោក កៅ សុវណ្ណតារ៉ា អ្នកជំនាញផ្លូវចិត្ត និងជាសាស្ត្រាចារ្យចិត្តវិទ្យានៃសាលកវិទ្យាភូមិន្ទភ្នំពេញ បានឱ្យដឹងថា បើតាមការលើកឡើងរបស់អង្គការសុខភាពផ្លូវចិត្តពិភពលោក នៅឆ្នាំ២០១៧ បានឱ្យដឹងថា ដោយសារតែមានបញ្ហាផ្លូវចិត្តកើតឡើងទៅលើបុគ្គលិកនៅកន្លែងការងារ បានធ្វើឱ្យខាតបង់សេដ្ឋកិច្ចពិភពលោកប្រមាណ ១ទ្រីលានដុល្លារ (១,000,000,លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ដូចនេះហើយដោយសារតែបញ្ហាផ្លូវចិត្ត គឺបានធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ សូមក្រសួងសុខាភិបាលត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងទាក់ទងនឹងបញ្ហានេះ។
លោកសាស្ត្រាចិត្តវិទ្យា បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកបានដឹកនាំនិស្សិតចិត្តវិទ្យានៃសាលកវិទ្យាភូមិន្ទភ្នំពេញ រៀបចំ ទិវាសុខភាពផ្លូវចិត្តពិភពលោក នៅក្នុងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា- កូរ៉េ ។ នៅក្នុងពិធីនោះផងដែរក៏មានការចូលរួម ពីបណ្តាអង្គការសុខភាពផ្លូវចិត្តចំនួន១៥អង្គការ រួមទាំងសាស្ត្រាចារ្យ និងនិស្សិតជាង ២,000នាក់ផងដែរ។
លោកសាស្ត្រាចារ្យ កៅ សុវណ្ណតារ៉ា បានឱ្យដឹងថា ការរៀបចំកម្មវិធីនេះឡើង ដើម្បីឱ្យមហាជនបានយល់ដឹង ជាពិសេសយុវជន បានយល់ច្បាស់ពីបញ្ហាផ្លូវចិត្ត ហើយតាមរយៈកាចូលរួមនេះ រំពឹងថា ពួកគាត់នឹងអាចផ្លាស់ប្តូរផ្នត់គំនិតរបស់ពួកគាត់ ហើយនឹងអាចទទួលបានចំណោះដឹងទាក់ទងនឹងបញ្ហាផ្លូវចិត្ត នឹងអាចដោះស្រាយបញ្ហាផ្លូវចិត្តដោយខ្លួនឯងបាន។ ការរៀបចំកម្មវិធីនេះឡើងគឺដោយមានការចូលរួមសហការណ៍ជាមួយអង្គការ ចំនួន១៥ រួមនឹងដេប៉ាតឺម៉ង់ចិត្តវិទ្យា ហើយអង្គការទាំងអស់នោះសុទ្ធតែមានការបង្ហាញពីបច្ចេកទេស និងវិធីសាស្ត្រក្នុងការព្យាបាល និងដោះស្រាយបញ្ហាផ្លូវចិត្តសាមញ្ញៗ ដោយខ្លួនឯងបាន។
លោកបានបញ្ជាក់ទៀតថា មូលហេតុដែលនាំឱ្យមានបញ្ហាផ្លូវចិត្ត មាន៣សំខាន់ៗ គឺ៖
*ទី១៖ កត្តាជីវសាស្ត្រ៖ ជាកត្តាដែលទទួលបានពីកំណើត បើយោងតាមការសិក្សា បានបង្ហាញថា ប្រសិនបើក្នុងគ្រួសារមានឱពុក ឫ ម្តាយ មានបញ្ហាផ្លូវចិត្ត អត្រាដែលអាចទទួលបានបញ្ហាផ្លូវចិត្ត មានរហូតទៅដល់ ៤០% ទៅ ៥០% ហើយប្រសិនបើនៅក្នុងគ្រួសារនោះមានទាំងឱពុក និងម្តាយ មានបញ្ហាផ្លូវចិត្ត កូនអាចប្រឈមនិងបញ្ហាផ្លូវចិត្តមានរហូតដល់៧០% ។
*ទី២៖ កត្តាចិត្តសាស្ត្រ៖ គឺពាក់ព័ន្ធទៅលើការគិតរបស់ខ្លួនឯង និងការឱ្យតម្លៃលើខ្លួនឯង ការប្រៀបធៀបខ្លួនឯង ជាមួយអ្នកដទៃច្រើនពេក ក៏អាចឱ្យគាត់មានបញ្ហាផ្លូវចិត្តផងដែរ។
*ទី៣៖ កត្តាសង្គម ៖ពាក់ព័ន្ធជាមួយនឹងសកម្មភាព និងស្ថានភាពនៅក្នុងសង្គមរបស់គាត់ ពេលខ្លះដោយសារតែមានស្ថានភាពតានតឹងនៅក្នុងសង្គមច្រើន ជាក់ស្តែងដូចជានៅក្នុងគ្រួសាររបស់គាត់ ពោរពេញដោយអំពើហិង្សា កូននឹងទទួលរងបញ្ហាផ្លូវចិត្ត។
លោកសាស្ត្រាចារ្យ បានបញ្ជាក់ទៀតថា យើងអាចសម្គាល់អ្នកដែលមានបញ្ហាផ្លូវចិត្តបាន ដោយមើលទៅលើកត្តាខាងក្រៅដូចជា តើមានការផ្លាល់ប្តូរ និងប្រែប្រួលសកម្មភាពប្រចាំថ្ងៃដែរឫទេ? មានអារម្មណ៍ឆាប់មួម៉ៅ ឆាប់ខឹងប្លែកខុសពីមុន ចូលចិត្តនៅតែម្នាក់ឯងមិនចង់ជួបអ្នកដទៃ ហើយដើម្បីដឹងច្បាស់ថា បុគ្គលម្នាក់មានបញ្ហាផ្លូវចិត្ត និងអាចមានជម្ងឺផ្លូវចិត្តអ្វីមួយឱ្យបានច្បាស់នោះ លុះណាតែទៅជួបអ្នកជំនាញ ដើម្បីឱ្យគេបានធ្វើការវាស់វែងតាមបច្ចេកទេសរបស់អ្នកជំនាញផ្នែកផ្លូវចិត្ត។
លោកបានបញ្ជាក់ទៀត តាមរយៈរបាយការណ៍ដែលអ្នកចំនាញផ្លូវចិត្ត ធ្វើការសិក្សានៅឆ្នាំ២០១២ នៅទូទាំងប្រទេសកម្ពុជា មានអ្នកដែលមានជម្ងឺថប់បារម្មណ៍ចំនួន ២៧% អ្នកជម្ងឺធ្លាក់ទឹកចិត្តមាន ១៦.៣% និងអ្នកមានជម្ងឺបាក់ស្បាតមាន ៧.៦% ។ នៅឆ្នាំ២០១៥ បានធ្វើការសិក្សាទៅលើនិស្សិតសាលកវិទ្យាល័យមួយ នៅក្នុងរាជធានីភ្នំពេញ រកឃើញថា មាន៦៣% មានបញ្ហាធ្លាក់ទឹកចិត្ត ៥៤%មានបញ្ហាថប់អារម្មណ៍។ នៅក្នុងឆ្នាំ២០១៨ អ្នកចិត្តសាស្ត្របានធ្វើកាសិក្សាមួយទៀត ទៅលើសិស្សវិទ្យាល័យចំនួនជាង ២០០នាក់ មានអ្នកធ្លាក់ទឹកចិត្តចំនួន ២៤.២% មានអ្នកថប់អារម្មណ៍ចំនួន ២៣.៧% ចំណុចទាំងអស់នេះហើយបានបញ្ជាក់ឱ្យឃើញថា បញ្ហាផ្លូវចិត្ត គឺមានទៅលើគ្រប់វ័យទាំងអស់ មិនថាអ្នកមាន ឫអ្នកក្រឡើយ។
លោកសាស្ត្រាចារ្យ ក៏បានសំនូមពរដល់រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល សូមយកចិត្តទុកដាក់ទៅលើសុខភាពផ្លូវចិត្តជាសំខាន់ ព្រោះបើតាមអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា យើអាចកំណត់ថា បុគ្គលម្នាក់មានសុខភាពល្អ លុះត្រាតែមានកត្តាសំខាន់ៗ ៣ គឺ កត្តាសុខភាពផ្លូវកាយល្អ សុខភាពផ្លូវចិត្តល្អ និងសុខុមាលភាពសង្គមល្អ ដូចនេះសូមក្រសួងយកចិត្តទុកដាក់ ទាំងផ្លូវកាយ និងផ្លូវចិត្ត បើមានតែសុខភាពផ្លូវកាយល្អ និងផ្លូវចិត្តមិនល្អ ក៏មិនអាចបំពេញការងារបានល្អដែរ។
ជាក់ស្តែងបើតាមការលើកឡើងរបស់អង្គការសុខភាពផ្លូវចិត្តពិភពលោក នៅឆ្នាំ២០១៧ បានឱ្យដឹងថា ដោយសារតែមានបញ្ហាផ្លូវចិត្តកើតឡើងទៅលើបុគ្គលិក នៅកន្លែងការងារ បានធ្វើឱ្យខាតបង់សេដ្ឋកិច្ចពិភពលោកប្រមាណ ១ទ្រីលានដុល្លារ ក្នុងមួយឆ្នាំ ដូចនេះហើយដោយសារតែបញ្ហាផ្លូវចិត្ត គឺបានធ្វើឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរ សូមក្រសួងសុខាភិបាល ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងទាក់ទង និងបញ្ហានេះ ហើយសូមឱ្យមានអ្នកជំនាញចិត្តសាស្ត្រ ធ្វើការនៅតាមមន្ទីពេទ្យផងដែរ ដោយសារតែនៅតាមមន្ទីពេទ្យ មានតែគ្រូពេទ្យព្យាបាលជម្ងឺផ្លូវកាយ ប៉ុន្តែមិនមានគ្រូពេទ្យព្យាបាលជម្ងឺផ្លូវចិត្តនោះទេ។
លោកសាស្ត្រាចារ្យ ក៏បានសំណូមពរឱ្យយុវវ័យទាំងអស់ ប្រសិនបើដឹងថា ខ្លួនឯងមានបញ្ហាផ្លូវចិត្ត ហើយមិនអាចដោះស្រាយដោយខ្លួនឯងបាន សូមកុំមានភាពអៀនខ្មាសអៀន ក្នុងការទៅរកអ្នកជំនាញដើម្បីដោះស្រាយ និងព្យាបាលបញ្ហាផ្លូវចិត្ត «ព្រោះជម្ងឺផ្លូវចិត្តគឺអាចព្យាបាលបាន» អ្នកជំនាញនឹងអាចជួយឱ្យមានភាពល្អប្រសើរបាន។ ចំពោះមាតា បិតា ប្រសិនបើដឹងថា នៅក្នុងគ្រួសារមានសមាជិកណាម្នាក់មានបញ្ហាផ្លូវចិត្ត សូមកុំស្តីបន្ទោស ទៅលើកពួកគាត់ តែត្រូវតែជម្រុញគាត់ឱ្យទៅរកអ្នកជំនាញ ឱ្យជួយក្នុងការដោះស្រាយបញ្ហារបស់គាត់ ប្រសិនបើមិនទៅរកអ្នកជំនាញនោះទេ បញ្ហារបស់គាត់នឹងកាន់តែធ្ងន់ធ្ងរជាក់ជាមិនខាន៕