(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ បាន​អញ្ជើញបិទសិក្ខាសាលាស្ដីពី ប្រពៃណីទំនៀមទម្លាប់ លើកទី៣ ដែលមានសិក្ខាកាម​ចូលរួម​ប្រមាណ​១៤៥នាក់។

ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក នៃក្រសួងធម្មការ និងសាសនា ជាពិសេសពុទ្ធសាសនបណ្ឌិត្យ និងអង្គភាពពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បង្កើតឲ្យមានការវិវឌ្ឍ រីកចម្រើនថ្មីៗ បន្ថែមទៀត ទាក់ទងទៅនឹងការថែរក្សា និងអភិរក្សនូវវប្បធម៌ប្រពៃណីរបស់ជាតិ សំដៅរួមចំណែកកសាងធនធានមនុស្ស និងលើកស្ទួយវិស័យវប្បធម៌សាសនា។

លោកទេសរដ្ឋមន្ដ្រី បន្ថែមថា ការចែករំលែកចំណេះដឹង​ និងប្រមូលផ្ដុំបញ្ញាញាណរបស់ចាស់ៗជំនាន់មុន ជាមត៌កមនុស្សរស់​ដើម្បីបង្កើត និងចងក្រងគ្នា ជាសមាជិកឆ្លើយឆ្លង​របស់ពុទ្ធសាសនបណ្ឌិត្យ តាមលំអានពីបុរាណដែលថ្នាក់ដឹកនាំពុទ្ធសាសនបណ្ឌិត្យមុនៗបានរៀបចំទុកកន្លងមក។ ដូច្នេះសិក្ខាសាលានេះ ក៏ដូចជាវេទិកាប្រពៃណីទំនៀមទម្លាប់មួយ ដែលលោកអ្នកចេះដឹង បានមកជួបជុំគ្នាដើម្បីពិភាក្សាលើប្រធានបទច្បាស់លាស់មួយ ដើម្បីចងក្រងជាឯកសារទុក និងចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយា ដែលជាទស្សនាវដ្ដីភាសាខ្មែរទីមួយនៃព្រះរាជាណាចក្រកម្ពុជា។

បើតាមលោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម សិក្ខាសាលានៅពេលនេះចប់មែន តែការសិក្សាស្រាវជ្រាវ ចងក្រងនៅតែបន្តទៅទៀតគ្មានថ្ងៃបញ្ចប់ព្រោះថា ចំណេះដឹងផ្នែកទំនៀមទម្លាប់នេះគឺ នៅកប់ក្នុងស្រទាប់មហាជនរាប់ពាន់ឆ្នាំមកហើយ និងមានការវិវត្តន៍ឥតឈប់ឈរ។ ប្រការនេះ​ទាមទារឲ្យមានកិច្ចសហការ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងពុទ្ធសាសនបណ្ឌិត្យ ជាមួយនឹងសមាជិកឆ្លើយឆ្លង​ដែលទើបតែ នឹងបង្កើតបាននាពេលនេះ ដើម្បីប្រមូលផ្ដុំចងក្រងនូវឯកសារទាំងនោះ ដើម្បីទុក និងផ្សព្វផ្សាយជាដំណាក់កាលៗ។

​សូមជម្រាបថា ​លទ្ធផលត្រួសៗ ពុទ្ធសាសនបណ្ឌិត្យបានស្រាវជ្រាវ-ចងក្រង បកប្រែ បោះពុម្ពបាន នូវឯកសារ-សៀវភៅ ដ៏មានតម្លៃរបស់ជាតិ ដូចជាសៀវភៅព្រះត្រៃបិដក ចំនួន១១០ភាគ សៀវភៅប្រជុំរឿងព្រងភាគចំនួន១០ភាគ ការបោះពុម្ពវចនានុក្រមខ្មែរ សៀភៅដែលពាក់ព័ន្ធ​ការរៀន បង្រៀនផ្នែកព្រះពុទ្ធសាសនាក្នុងពុទ្ធិកសិក្សា សៀវភៅព្រះរាជពិធីទ្វារទសមាស សៀវភៅរឿងរាមកេរ្តិ៍ សៀវភៅគតិលោក​ជាដើម៕​