(ភ្នំពេញ)៖ ផ្លូវ និងស្ពាន នៃមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង ស្ថិតនៅក្នុងអភិវឌ្ឍតំបន់ជើងឯក ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើកការដ្ឋានស្ថាបនាហើយ ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពីផ្លូវជាតិលេខ២ ទៅផ្លូវ៣៧១ ដែលមានប្រវែងជិត៣,០០០ម៉ែត្រ។
ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ត្រីក្រោមឱវាទ និងមានការចូលរួមពីតំណាង ក្រុមហ៊ុនING ដែលជាក្រុមហ៊ុនទទួលបានគោលការណ៍ ពីរាជរដ្ឋាភិបាលក្នុងអភិវឌ្ឍតំបន់ជើងឯកនេះ។
លោក ពៅ ម៉េងហៃ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាងនេះ មានប្រវែង២,៨៧០ម៉ែត្រ ទទឹង១៨ម៉ែត្រ និងមានស្ពានមួយកន្លែង ដែលមានប្រវែង៨០ម៉ែត្រ ទទឹង១៨ម៉ែត្រ ចិញ្ចើមផ្លូវ៦ម៉ែត្រសងខាង មានស្ពានមួយខ្សែ ដែលមានបណ្តោយ៨០ម៉ែត្រ ទទឹង១៨ម៉ែត្រ ស្ថិតក្នុងខណ្ឌមានជ័យ ដើម្បីផ្តល់លទ្ធភាពងាយស្រួល ដល់ការធ្វើដំណើរតភ្ជាប់ពីផ្លូវជាតិលេខ២ កាត់តាមតំបន់វេងស្រេង និងតំបន់ចោមចៅ ដែលជាផ្លូវយុទ្ធសាស្រ្ត ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរ ស្របទៅតាមកំណើនប្រជាពលរដ្ឋ និងកំណើនយានយន្ត នាពេលបច្ចុប្បន្ន។
លោក ពៅ ម៉េងហៃ បន្តថា ការស្ថាបនាផ្លូវ និងស្ពាននេះ រដ្ឋបាលរាជធានីភ្នំពេញ បានគិតគូរជាពិសេសលើគុណភាពស្របតាមបទដ្ឋាន និងស្តង់ដា ដោយមានដាក់លូជ្រុង ដែលមានមុខកាត់២.៦០ម៉ែត្រ ប្រវែង១,៣០០ម៉ែត្រ និងដាក់លូទំហំ០,៨ម៉ែត្រ ១២២០ម៉ែត្រ និងលូមុខកាត់ទំហំ០,៥ម៉ែត្រ ប្រវែង១,៣៦០ម៉ែត្រ ដើម្បីធានាថា ការប្រើប្រាស់មានប្រសិទ្ធភាពយូអង្វែង។
លោកបន្តទៀតថា សមិទ្ធផលទាំងនេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់អភិបាលរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នករស់នៅក្នុងតំបន់នេះ ដែលពីមុនមកពុំធ្លាប់មានផ្លូវ និងស្ពាន សម្រាប់ការធ្វើដំណើរឆ្លងកាត់តំបន់នេះនោះឡើយ ពោលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវ៣៧១ ផ្លូវ២៧១ តំបន់ក្បាលថ្នល់ និងកំណាត់ផ្លូវជាតិលេខ២ ទើបអាចដល់តំបន់ចាក់អង្រែលើ ហើយសុទ្ធតែជាទីតាំងស្ទះចរាចរខ្លាំង ដោយត្រូវចំណាយពេលច្រើនម៉ោងក្នុងការឆ្លងកាត់។
ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គិតគូរ ចំពោះការលំបាករបស់ប្រជាពលរដ្ឋមិនថានៅទីណា កន្លែងណានោះទេ គឺសម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរជានិច្ច ពិសេសចំពោះការកសាងហេដ្ឋរចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រព័ន្ធធារាសាស្រ្ត សំណង់អគារ និងស្តាឡើងវិញលើគ្រប់វិស័យនៅគ្រប់តំបន់ទាំងប្រទេស។
លោកអភិបាលបន្តថា សមិទ្ធផលជាច្រើនបានកសាងឡើងពាសពេញផ្ទៃប្រទេស ហើយការអភិវឌ្ឍន៍កំពុងបន្ត ដំណើរការទៅមុខឥតឈប់ឈរ ដើម្បីជំរុញដល់ការអភិវឌ្ឍន៍សង្គមជាតិ ដំដៅលើកកម្ពស់ កម្រិតជីវភាព ប្រជាពលរដ្ឋ និងកិត្យានុភាពជាតិ ហើយមហាវិថីថ្មីមួយនេះ មិនត្រឹមតែជួយសម្រួល ដល់ការរស់នៅប្រកបអាជីវកម្ម និងការធ្វើដំណើរដឹកជញ្ជូនទំនិញ កសិផល និងសេវាកម្មផ្សេងៗ ក្នុងភូមិសាស្រ្តសង្កាត់ចាក់អង្រែលើប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្រ្ត នៃការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងជាការដោះស្រាយបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរ ក្នុងរាជធានីភ្នំពេញ និងជាបច្ច័យដ៏ល្អក្នុងការកាត់បន្ថយការចំណាយ និងជំរុញឲ្យសេដ្ឋកិច្ចទីផ្សារប្រព្រឹត្តិប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ជាមួយគ្នានោះ លោកអភិបាលរាជធានី ក៏បានអំបាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ និងអ្នកប្រើប្រាស់ផ្លូវទាំងឡាយ សូមចូលរួមសហការ ផ្តល់ភាពអធ្យាស្រ័យ យោគយល់ និងការអត់ធ្មត់ ចំបោះផលប៉ះពាល់ និងការរំខាននានា ដែលអាចកើតមានដោយសារការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគម្រោងអភិវឌ្ឍន៍រាជធានីភ្នំពេញ ពិសេសការដ្ឋានសាងសង់ផ្លូវ និងស្ពាន នៃមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាងនេះ៕