(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាងនាមគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានសម្ដែងការអបអរសាទរយ៉ាងកក់ក្ដៅបំផុត ជូនលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាម ដែលត្រូវបានបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំង ជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមវៀតណាម បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើយោងតាមលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនលោក ង្វៀន ហ៊្វូជុង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។

នៅក្នុងលិខិតអបអរសាទរ ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ជាមួយកិច្ចប្រឹងប្រែងប្រកបដោយការគិតគូរ វែងឆ្ងាយ និងគ្មានការនឿយហត់របស់ឯកឧត្តម ប្រទេសវៀតណាម នឹងសម្រេចបានវឌ្ឍនភាព កាន់តែធំធេងថែមទៀតជាបន្ដបន្ទាប់ ដើម្បីឈានដល់គោលដៅ ឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ខ្លួន»

សម្ដេចតេជោ ហ៊ុន សែ​ន បានបញ្ជាក់ពីការបន្ដសហការយ៉ាងជិតស្និត ធ្វើឲ្យទំនាក់ទំនងដ៏ជិតស្និតរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀត ឆ្លុះបញ្ចាំងពីស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍ នៃប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីបុព្វហេតុសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕