(សេអ៊ូល)៖ គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមដំណើរដោយថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមក្នុងសិក្ខាស្ដីពី លទ្ធផលគម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះពិធូរ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
សិក្ខាសាលានេះរៀបចំឡើងដោយមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ (Korea Cultural Heritage Foundation) និងមានការអញ្ជើញចូលរួមជាកិត្តិយសដោយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តំណាងទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកូរ៉េ KOICA និងរដ្ឋបាលគ្រប់គ្រងបេតិកភណ្ឌវប្បធម៌កូរ៉េ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាខាងលើ លោក Jin OK-Sub ប្រធានមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ បានលើកឡើងថា អ្វីដែលជាមោទនភាពបំផុតរបស់កូរ៉េ គឺបានចូលរួមជួយស្ដារឡើងវិញនៃភាពល្បីល្បាញរបស់បេតិកភណ្ឌកម្ពុជា ដែលជាបេតិកភណ្ឌមនុស្សជាតិ និងជួយជំរុញការផ្សព្វផ្សាយការយល់ដឹងលើការងារនេះដល់ប្រជាជនកូរ៉េផងដែរ។
លោកស្រី ភឿង សកុណា បានថ្លែងថា មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិកូរ៉េ KOICA រដ្ឋបាលគ្រប់គ្រងបេតិកភណ្ឌវប្បធម៌កូរ៉េ បានផ្តល់កិច្ចសហប្រតិបត្តិការទាំងផ្នែកបច្ចេកទេស និងថវិកា ក្នុងកិច្ចសហប្រតិបត្តិការអភិរក្ស និងជួសជុលប្រាសាទព្រះពិធូរ នាពេលកន្លងមក។
ពិសេសទៀតនោះ កិច្ចសហប្រតិបត្តិការរវាងមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ និងអាជ្ញាធរជាតិអប្សរា បានបង្កើតនូវសមិទ្ធផលយ៉ាងល្អប្រសើ ហើយតែងតែទទួលបានការគាំទ្រ និងកោតសរសើរពីសំណាក់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ដូច្នេះរាល់សមិទ្ធផលទាំងនេះ គឺជាការលើកទឹកចិត្តដ៏ខ្លាំងក្លាដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់។
ជាការចែករំលែកចំណេះដឹង អង្គសិក្ខាសាលាក៏មានការធ្វើបទបង្ហាញគន្លឹះចំនួនពីរ ដោយថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា លើប្រធានបទលើការគ្រប់គ្រងទឹក និងការអភិវឌ្ឍវិស័យទេសចរណ៍នៅរមណីយដ្ឋានអង្គរ ក្នុងនោះអ្នកជំនាញអន្តរជាតិ ដែលបានចូលរួមធ្វើការស្រាវជ្រាវនៅក្រុមប្រាសាទព្រះពិធូរ ក៏បានធ្វើបង្ហាញលើប្រធានបទសំខាន់ៗ ដូចជា បុរាណវិទ្យា ស្ថាបត្យកម្ម ប្រវត្តិសិល្បៈ និងការអភិរក្ស។ល។
គួររំឭកដែរថា មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ បានចាប់ផ្តើមគម្រោងជួសជុលអភិរក្សក្រុមប្រាសាទព្រះពិធូរ កាលពីឆ្នាំ២០១៥ និងបញ្ចប់ជំហានដំបូងនៅចុងឆ្នាំ២០១៨ និងបានបណ្តុះបណ្តាលជំនាញផ្សេងៗដល់អ្នកជំនាញខ្មែរ ទាំងក្នុងនិងក្រៅប្រទេសនាពេលកន្លងមក ដើម្បីចែករំលែកនូវបទពិសោធន៍ល្អៗ ទាំងលើកិច្ចការអភិរក្ស និងការគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក។
ប្រាសាទព្រះពិធូរ ជាឈ្មោះរូបនៃប្រាសាទតូចៗ ដែលមានឈ្មោះផ្សេងគ្នា ហើយសៀវភៅបរទេសភាគច្រើនសរសេរថា ប្រាសាទក្រុមព្រះពិធូរ (Preah Pithu Group)។ ក្រុមនៃប្រាសាទាំងនេះ ស្ថិតនៅស្ទើរចំពីមុខនៃប្រាសាទទេពប្រណម ហើយស្ថិតនៅខាងជើងនៃប្រាសាទសួរព្រ័ត្រ។ តាមរយៈបច្ចេកទេសសំណង់ប្រាសាទទាំងនេះ បញ្ជាក់ថា ប្រាសាទនេះត្រូវបានស្ថាបនាឡើង នៅដើមសតវត្សទី១២ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ គោរពដល់ព្រហ្មញ្ញសាសនា លើកលែងតែប្រាសាទព្រះពុទ្ធសាសនាមួយ គឺប្រាសាទតាទួរ ដែលមានចម្លាក់ព្រះពុទ្ធរូបនៅសតវត្សទី១៣-១៦ (មានស្លាកស្នាមព្រះពុទ្ធសាសនាជាច្រើននៅប្រាសាទនេះ)៕