(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ បានផ្ញើសារលិខិតថ្វាយព្រះពរ ព្រះ​ករុណា ព្រះបាទ ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី១៤ នៃការយាងគ្រងរាជសម្បត្តិរបស់ព្រះអង្គ។

ក្នុងសារលិខិតរបស់សម្តេចតេជោនៅថ្ងៃនេះ, សម្តេចបានចូលរួមថ្វាយព្រះសព្ទសាធុការពរជ័យ សិរីមង្គល បវរមហាប្រសើរគ្រប់យ៉ាង ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះព្រះរាជព្រះមហាករុណាទិគុណ និងព្រះរាជព្រហ្មវិហារធម៌ ប្រកបដោយទសពិធរាជធម៌របស់ព្រះករុណាថ្លៃវិសេស ចំពោះជាតិមាតុភូមិ ប្រជានុរាស្រ្ត និងព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តម ក្នុងវិស័យការបរទេសរបស់ព្រះករុណាជាអម្ចាស់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងនីតិរដ្ឋ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ ឱ្យកាន់តែមានសន្ទុៈរីកចម្រើនជឿនលឿនខ្លាំងក្លាថែមទៀតជាមួយរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ គឺជាខួបលើកទី១៤ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា (២៩តុលា ២០០៤- ២៩តុលា ២០១៨)។

ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​ព្រះរាជ​សម្ភព​នា​ថ្ងៃ​ទី១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣។ ទ្រង់​ជា​ព្រះ​រាជ​បុត្រ របស់​ព្រះ​ករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុ និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី នរោត្ដម មុនី​នាថ សីហនុ។

ព្រះអង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​តាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បន្ត​ពី​ព្រះបិតា ក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​ដាក់​រាជ្យ កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០០៤៕

ខាងក្រោមនេះជាសារលិខិតថ្វាយព្រះពរ របស់សម្តេចតេជោ ហ៊ុន សែន៖