(ភ្នំពេញ)៖ លោក រស់ ពិសិដ្ឋ ប្រធានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ បានបើកសវនាការ កាត់ទោសមន្ត្រីយោធាម្នាក់ ពាក់ព័ន្ធករណី តាមបាញ់សម្លាប់លើជនរងគ្រោះ ឈ្មោះ គង់ រ៉ាវិន ភេទប្រុស អាយុ៣០ឆ្នាំ និងឈ្មោះ សឺង វិន ហៅ ស្រីលក្ខណ៍ ភេទស្រី អាយុ២៥ឆ្នាំ ប៉ុន្តែមិនស្លាប់គ្រាន់តែរងរបួសធ្ងន់ ប៉ុណ្ណោះនោះ ត្រូវបានលើកពេលប្រកាសសាលក្រមនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះវិញ។
ក្នុងការជំនុំជម្រះលើសុំរឿងខាងលើនេះមាន លោក សេង ហៀង ជាតំណាងអយ្យការ ដោយបានសម្រេចចោទប្រកាន់ ជនជាប់ចោទឈ្មោះ ប៊ុន តេង ហៅ អាហ្គោ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបសរ ជាមន្ត្រីយោធាភូមិភាគ៥ មានឋានន្តរស័ក្តិវរសេនីយ៍ពីបទ (ប៉ុនប៉ងឃាតកម្ម) លើជនរងគ្រោះ ឈ្មោះ គង់ រ៉ាវិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរស្នាក់ នៅផ្ទះលេខ៣៣កា ផ្លូវលំ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែ និងឈ្មោះ សឺង វិន ហៅ ស្រីលក្ខណ៍ ភេទស្រី អាយុ២៥ឆ្នាំ។ តំណាងអយ្យការនៅតែរក្សាបទចោទ ដោយឥតកែប្រែ និងបានស្នើរដល់ចៅក្រម ប្រធានក្រុមប្រឹក្សាកាត់ទោសតាមកំណត់ច្បាប់។
នៅក្នុងសវនាការ ជនជាប់ចោទបានអះអាងថា កាំភ្លើងដែលខ្លួនយកទៅបាញ់នោះ ជាកេរមរតករបស់ខ្មោចឪពុកខ្លួន ដែលជាមន្ត្រីយោធាម្នាក់បន្សល់ទុកឱ្យខ្លួនដាក់តាមការពារខ្លួន គឺមិនមានច្បាប់អនុញ្ញាតឱ្យប្រើប្រាស់ទេ។
បើតាមជនជាប់ចោទបានបន្ថែមថា ខ្លួនអត់បានបាញ់ជនរងគ្រោះនោះឡើយ គឺកាំភ្លើងវារាលកៃទេ អស់ចំនួន៥គ្រាប់ ទើបហោះទៅចំជនរងគ្រោះទាំង ២នាក់ ដល់ក្នុងឡាន។ ហើយជនជាប់ចោទរូបនេះ ក៏បានស្នើសុំឱ្យតុលាការលើកលែងចោទប្រកាន់ ព្រោះខ្លួនអត់បានបាញ់ទេ គឺខុសមកពីកាំភ្លើងវាគ្រាន់តែរាលកៃ តែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយតុលាការ បានបញ្ជាក់នៅក្នុងសវនាការថា ការរាលកៃកាំភ្លើងមិនអាចចំគោលដៅ និងផ្ទុះរហូត៥គ្រាប់បានទេ មានន័យថា ការអះអាងរបស់ជនជាប់ចោទ ហាក់មិនស៊ីសង្វាក់នឹងអង្គហេតុសោះ និងចម្លើយដែលជនសង្ស័យបានប្រាប់តុលាការ។ សំណុំរឿងនេះផងដែរ ខាងជនរងគ្រោះបានប្តឹងទាមទារសំណងជំងឺចិត្តចំនួន៥ម៉ឺនដុល្លារ ពីជនដែលត្រូវចោទរូបនេះ។
គួររំលឹកផងដែរថា ហេតុការណ៍បាញ់ប្រហារមួយបានកើតឡើង កាលពីវេលាម៉ោង១២៖៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះជួលនៅ តាមបណ្តោយផ្លូវ១៩៧៤ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនជាប់ចោទខាងលើ ជិះរថយន្ត RANGE ROVER ពណ៌ស។ ហើយបណ្តាលឱ្យជនរងគ្រោះ២នាក់ខាងលើ រងរបួស និងត្រូវសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរទេព្យ។
ក្រោយពេលកើតហេតុ ២ថ្ងៃ ជនជាប់ចោទបានចូលខ្លួនសារភាពកំហុសនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងត្រូវបានសមត្ថកិច្ចជំនាញ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឱ្យសម្រេចតាមច្បាប់៕