(ហ្សឺណែវ, ស្វីស)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបលោក លី យ៉ុង (Li Yong) អគ្គលេខាធិការអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម របស់អង្គការសហប្រជាជាតិ (UNIDO) នៅស្ថានបេសកកម្មអចិន្រ្តៃយ៍នៃកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ជាកិច្ចចាប់ផ្ដើម លោក លី យ៉ុង បានជម្រាបជូនដោយសង្ខេបនូវគម្រោង និងសកម្មភាពមួយចំនួនដែលអង្គការ UNIDO បាននិងកំពុងតែអនុវត្តនៅប្រទេសកម្ពុជា ជាពិសេសកម្មវិធីស្ដីពីភាពជាដៃគូ ប្រចាំប្រទេស (Programme for Country Partnership-PCP) ដែលជាកម្មវិធីចម្បងរបស់ UNIDO ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍឧស្សាហកម្មនៅប្រទេសជាដៃគូ។
សម្រាប់កម្មវិធីនេះ UNIDO នឹងសហការយ៉ាងជិតស្និតជាមួយនឹងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការកៀងគរធនធានបន្ថែមដើម្បីអនុវត្តកម្មវិធីនេះ ជាពិសេសសម្របសម្រួលជាមួយក្រុមហ៊ុនចិន និងជប៉ុន ដែលមានចំណាប់អារម្មណ៍វិនិយោគក្រោមក្របខណ្ឌភាពជាដៃគូនេះ។ ក្រៅពីនេះផងដែរ លោកអគ្គនាយក បានឲ្យដឹងថា UNIDO កំពុងតែអនុវត្តគម្រោងមួយចំនួនទៀតផងដែរទាក់ទងទៅនឹង ការអភិវឌ្ឍឧស្សាហកម្ម រួមមានតំបន់សេដ្ឋកិច្ចពិសេស និងខ្សែសង្វាក់តម្លៃកសិកម្ម គម្រោងកាត់បន្ថយជាតិកាបូន គម្រោងជលផល CaPFish ដែលនឹងធ្វើការពង្រឹងលើប្រព័ន្ធគុណភាព អនាម័យ និងភូតគាមអនាម័យនៅក្នុងវិស័យជលវប្បកម្ម និងកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣។
ជាកិច្ចឆ្លើយតប លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានថ្លែងអំណរគុណចំពោះ UNIDO ដែលបានសហការគ្នាល្អ ជាមួយក្រសួងពាណិជ្ជកម្ម ជាពិសេសតាមរយៈគម្រោងមួយចំនួន ដែលស្ថាប័នទាំងពីរបានអនុវត្តរួមគ្នា។ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើកិច្ចសហការ នៅក្នុងការរៀបចំយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្មកម្ពុជា ជាពិសេសលើជំពូកស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិក ដែលជាគោលដៅអាទិភាពមួយរបស់ក្រសួងពាណិជ្ជកម្ម ជាពិសេសការជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទាញយកផលចំណេញតាមរយៈការធ្វើពាណិជ្ជកម្មបែបថ្មី និងមិនមានព្រំដែន។
នៅក្នុងការងារពាណិជ្ជកម្មតាមអេឡិចត្រូនិកនេះ លោករដ្ឋមន្ដ្រី ក៏បានជម្រាបជូនផងដែរថា លោកបានស្វះស្វែងជួបជាមួយប្រតិបត្តិករពាណិជ្ជកម្ម តាមអេឡិចត្រូនិកមួយចំនួនរួចហើយដែរ ដើម្បីឲ្យគេមកសិក្សា និងជួយរៀបចំប្រព័ន្ធ Ecosystem សម្រាប់វិស័យនេះនៅកម្ពុជា។
ក្រៅពីនោះផងដែរ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានស្នើសុំឲ្យ UNIDO បន្តគាំទ្រលើការបណ្ដុះបណ្ដាលបច្ចេកទេសវិចខ្ចប់ អភិវឌ្ឍន៍សមត្ថភាព និងជំរុញការកែឆ្នៃ ដើម្បីបង្កើតតម្លៃបន្ថែមសម្រាប់នាំចេញ។ ចំពោះការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានជំរុញការអភិវឌ្ឍវិស័យកម្ម ន្ដសាលធុនស្រាល ជាពិសេសការផលិតផ្នែក និងគ្រឿងផ្សំរថយន្ត និងគ្រឿងផ្សំដទៃទៀតនៅតាមតំបន់សេដ្ឋកិច្ចពិសេសតាមព្រំដែន ដើម្បីនាំចេញទៅប្រទេសជិតខាង ដែលមានរោងចក្រផ្សំផ្គុំផលិតផលសម្រេច។
ជាមួយគ្នានេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានកោតសរសើរ UNIDO ដែលបានសហការយ៉ាងជិតស្និតជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានស្នើសុំឲ្យ UNIDO ជួបបន្ថែមទៀត នៅក្នុងការជំរុញការកែឆ្នៃផលិតផលជលផលសមុទ្រ និងបណ្ដុះបណ្ដាលជលវប្បកម្ម មិនត្រឹមតែសម្រាប់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងសំដៅដល់ការនាំចេញបន្ថែមទៀត។
លោករដ្ឋមន្ត្រីកសិកម្ម ក៏បានស្នើសុំឲ្យ UNIDO សិក្សា និងពង្រឹងប្រព័ន្ធអនាម័យ និងភូតគាមអនាម័យលើផលិតផលសក្ដានុពល សម្រាប់នាំចេញ ជាពិសេសទៅកាន់ទីផ្សារប្រទេសចិនមួយចំនួន ដូចជាអង្ករ ពោត ស្វាយ និងរុក្ខផលដទៃទៀត ដែលកម្ពុជាមានលទ្ធភាពផលិត ប៉ុន្តែមិនទាន់អាចនាំចេញបាន។
លោក លី យ៉ុង បានឯកភាពលើការលើកឡើង និងគំនិតផ្ដួចផ្ដើម ដែលសុទ្ធតែជាចំណុចល្អៗ សម្រាប់ជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងកសិកម្មនៅកម្ពុជា និងបានទទួលយកសំណើរបស់លោករដ្ឋមន្ត្រីទាំងពីររូប និងសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នទាំងពីរ ឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។
មុននឹងបញ្ចប់ លោក ប៉ាន សូរស័ក្ដិ បានថ្លែងអំណរគុណ និងសេចក្ដីស្វាគមន៍យ៉ាងកក់ក្ដៅដល់ លោក លី យ៉ុង ដែលបានឯកភាពអញ្ជើញ មកប្រជុំពិភាក្សាការងារ នៅស្ថានបេសកកម្មអចិន្រ្តៃយ៍នៃកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិ ពាក់ព័ន្ធវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ដែលជាស្ថានបេសកកម្មពេញសិទ្ធិ ទទួលបន្ទុកទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម៕