(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តរួចហើយ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ។
នៅឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំណាយប្រមាណ ២៧ ១៦៤ ៩៩៦លានរៀល ដែលប្រហាក់ប្រហែលនឹង ៦.៧ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការចំណាយទូទៅរបស់រដ្ឋ ក្នុងឆ្នាំ២០១៩។ ចំនួនបានកើនឡើង១១.៤% បៀបនឹងគម្រោងចំណាយថវិការដ្ឋ ឆ្នាំ២០១៨ ដែលមានចំនួនសរុបចំនួន ២៤,៣៧៥,១០២លានរៀល។ នេះបើតាម ខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
តាមសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩, ចំណូលក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២១,១៨៦,២២៨ លានរៀល ស្មើនឹង១៩,២៨ភាគរយ នៃ ផ.ស.ស និងមានកំណើន១៤,០ភាគរយ បើធៀបនឹងច្បាប់ឆ្នាំ២០១៨។ ចំណែកឯចំណាយសរុបថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងទុកចំនួន២៧,១៦៤,៩៩៦លានរៀល ស្មើនឹង២៤,៧២ ភាគរយ នៃ ផ.ស.ស និងមានកំណើន១១,៤ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៨។
សេចក្តីព្រាងច្បាប់របស់ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា ការរៀបចំថវិកាឆ្នាំ ២០១៩ ទោះបីជាជួបប្រទះនឹងបញ្ហាប្រឈម និងហានិភ័យមួយចំនួនក្តី ក៏បញ្ហាទាំងអស់ត្រូវបានដោះស្រាយ ហើយថវិកាត្រូវបានវិភាជន៍ សម្រាប់អាទិភាពគោលនយោបាយសំខាន់ៗជាសារវ័ន្ត។
ក្រសួងសេដ្ឋកិច្ចសង្កត់ធ្ងន់ថា «ថវិកាឆ្នាំ ២០១៩ នឹងដើរតួនាទីជាឧបករណ៍នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងការរក្សា ការពារ និងពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេងដែលកម្ពុជា សម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើ ឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត»។
ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងថា អាទិភាពចំណាយថវិកាឆ្នាំ២០១៩ គឺជាការឆ្លើយតបទៅនឹងអាទិភាព និងតម្រូវការចាំបាច់របស់ក្រសួងស្ថាប័ននានាក្នុងការសម្រេចបាននូវគោលបំណង គោលនយោបាយរបស់ខ្លួន ក៏ដូចជាគោលនយោបាយជា អាទិភាពរួមរបស់រាជរដ្ឋាភិបាល ដែលរួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបញ្ចុះថ្លៃអគ្គិសនីនិងទឹកស្អាត ការជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រីកវិសាលភាព និងពង្រឹងគុណភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ជាពិសេសសេវាអប់រំ សេវាសុខាភិបាល សេវាយុត្តិធម៌ និងសេវាមូលដ្ឋានចាំបាច់ដទៃទៀត និង ការពង្រឹងសមត្ថភាពស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងការអនុវត្តរបបគាំពារសង្គម ដោយឈរលើគោលការណ៍ប្រសិទ្ធភាព ទាំងក្នុងកម្រិតវិភាជន៍ និងទាំងក្នុងកម្រិតប្រតិបត្តិការ និងបច្ចេកទេស៕