(ភ្នំពេញ)៖ នៅឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំណាយប្រមាណ ២៧ ១៦៤ ៩៩៦លានរៀល ដែលប្រហាក់ប្រហែលនឹង ៦.៧ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការចំណាយទូទៅរបស់រដ្ឋ ក្នុងឆ្នាំ២០១៩។ ចំនួនបានកើនឡើង១១.៤% បៀបនឹងគម្រោងចំណាយថវិការដ្ឋ ឆ្នាំ២០១៨ ដែលមានចំនួនសរុបចំនួន ២៤,៣៧៥,១០២លានរៀល។ នេះបើតាម ខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
តាមសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩, ចំណូលក្នុងប្រទេសថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២១,១៨៦,២២៨ លានរៀល ស្មើនឹង១៩,២៨ភាគរយ នៃ ផ.ស.ស និងមានកំណើន១៤,០ភាគរយ បើធៀបនឹងច្បាប់ឆ្នាំ២០១៨។ ចំណែកឯចំណាយសរុបថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងទុកចំនួន២៧,១៦៤,៩៩៦លានរៀល ស្មើនឹង២៤,៧២ ភាគរយ នៃ ផ.ស.ស និងមានកំណើន១១,៤ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៨។
តាមការព្យាករណ៍ ជាលទ្ធផល អតិរេកថវិកាចរន្ត អាចរក្សាបានក្នុងកម្រិតប្រមាណ២,៨១ភាគរយ នៃផ.ស.ស នៅឆ្នាំ២០១៩ និងមានឱនភាពថវិកាសរុប ស្មើនឹង-៥,៤៤ភាគរយ នៃ ផ.ស.ប ស្របតាមគោលនយោបាយពង្រឹងការគ្រប់គ្រងថវិកា (Fiscal Consolidation)។
ឱនភាពនេះ ត្រូវបានបំពេញបន្ថែមដោយហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ៤,៨៤ភាគរយ នៃ ផ.ស.ស, មូលនិធិទ្រទ្រង់ថវិកាប្រមាណ០,២៣ភាគរយ នៃ ផ.ស.ស និងប្រាក់បញ្ញើរាជរដ្ឋាភិបាលក្នុងទំហំ ០,៣៧ភាគរយ នៃ ផ.ស.ស ស្មើនឹង ៤០៤,០០០លានរៀល ឬសមមូលនឹង១០០លានដុល្លារអាមេរិក ដែលត្រូវបានគ្រោងយកមកប្រើប្រាស់សម្រាប់ផ្តល់ទុកដល់ការបង្កើតធនាគារ សហគ្រាសធុនតូច និងមធ្យម (SMEs Bank) របស់រដ្ឋ។
ដូច្នេះ បើមិនគិតអំពីតម្រូវការទុនសម្រាប់បង្កើតធនាគារធុនតូច និងមធ្យមនេះទេ គឺថវិកាឆ្នាំ២០១៩ មានតុល្យភាព ដោយមិនចាំបាច់ប្រើប្រាក់បញ្ញើ ឬហៅកាត់ថា «ប្រាក់សន្សំ» របស់រាជរដ្ឋាភិបាលនោះទេ។ ខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕