(ចិន)៖ មន្ត្រីរដ្ឋាភិបាលហុងកុង និយាយថា ការបើកដំណើរការស្ពាន ហុងកុង-ជូហាយ-ម៉ាកាវ នឹងនាំមកនូវឱកាសជាច្រើន សម្រាប់ការអភិវឌ្ឍ ព្រមទាំងនាំយកអត្ថប្រយោជន៍ពិតប្រាកដ ជាក់ស្ដែងមកជូនដល់តំបន់ ទាំងបីនេះផងដែរ។
ស្ពានប្រវែង៥៥គីឡូម៉ែត ដែលលាតសន្ធឹងកាត់ជ្រោយទន្លេគុជនេះ តភ្ជាប់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយទីក្រុងជូហាយនៅចិនដីគោក និងតំបន់រដ្ឋបាលពិសេសម៉ាកាវ។ ការសាងសង់ បានចំណាយប្រាក់អស់ ជាង១៨ពាន់លានដុល្លារអាមេរិក។
លោក ចរដុន យីង សឹងវូ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Hopewell Holdings និយាយថា «ចំនុចដែលខ្ញុំចាប់អារម្មណ៍អំពីស្ពាននេះ គឺនៅត្រង់ទឹកដៃដ៏ពូកែរបស់ក្រុមអ្នកសាងសង់ ទាំងផ្នែកវិស្វកម្ម និង ផ្នែករចនារូបរាង។ កាលពី៤០ឆ្នាំមុន នៅជំនាន់ដែលយើងមិនទាន់ចាប់ផ្តើមធ្វើកំណែទម្រង់ និងបើកចំហរទីផ្សារ យើងមិនមានទឹកដៃល្អដូចសព្វថ្ងៃនេះទេ»។
គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ឆ្លងព្រំដែនជាច្រើន រវាងហុងកុងនិងចិនដីគោក ដូចជាផ្លូវដែកល្បឿនលឿន គ័ងចូវ-សិនជិន-ហុងកុង ស្ពានហុងកុង-ជូហាយ-ម៉ាកាវ និងប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន លានថាង ហឹងយានវ៉ៃ ត្រូវបានគេរំពឹង ថានឹងនាំយកឱកាសអភិវឌ្ឍមកកាន់តំបន់នេះ។
លោក តាំ យាវឈុង អតីតប្រធាន គណៈបក្សសម្ព័ន្ធប្រជាធិបតេយ្យដើម្បីការអភិវឌ្ឍទីក្រុងហុងកុង បានលើកឡើងថា «ពួកយើងទាំងអស់គ្នាសង្ឃឹមថា ក្រោយពីស្ពាននេះបើកឲ្យដំណើរការទៅ វានឹងប្រាកដជាលើកស្ទួយ ដល់សហប្រតិបត្តិការរបស់យើង ជាមួយចិនដីគោក និងនាំយកអត្ថប្រយោជន៍បន្ថែមទៀត មកជូនប្រជាពលរដ្ឋ»។
ប្រព័ន្ធដឹកជញ្ជូន គឺជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍតំបន់ជ្រោយទន្លេគុជ ដោយសារភាគច្រើន នៃប្រជាជនដែលនៅប៉ែកទាំងសងខាង គឺសុទ្ធតែធ្វើដំណើរតាមផ្លូវគោក។ កាលពីមុនពួកគាត់ត្រូវធ្វើដំណើរតាមសមុទ្រ។ តែឥឡូវ ដោយសារស្ពាននេះសាងសង់រួច វានឹងជួយលើកស្ទួយដល់ការអភិវឌ្ឍន៍នាពេលអនាគត បានច្រើនណាស់។
អ្នកជំនាញជាច្រើន សង្ឃឹមថាស្ពាននេះ នឹងជំរុញដល់ការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទេសចរណ៍នៃតំបន់ជ្រោយទន្លេគុជដែលតភ្ជាប់ខេត្តគ័ងតុង ជាមួយហុងកុង និងម៉ាកាវនេះ ព្រមទាំងធ្វើឱ្យតំបន់នេះ ក្លាយជាបណ្តុំតំបន់ឧស្សាហកម្មសម្រាប់ពហុវិស័យ។
លោក ចូ ហ្វ៉ាង ប្រធានក្រុមអ្នកស្រាវជ្រាវ វិទ្យាសា្ថនស្រាវជ្រាវប្រទេសមួយប្រព័ន្ធពីរ បានឲ្យដឹងថា «ទីក្រុងទាំងឡាយដែលស្ថិតនៅប៉ែកខាងកើត និងប៉ែកខាងលិចនៃស្ពាន នឹងជួយយឹតយោងគ្នាទៅវិញទៅមក។ ស្ពាននេះ នឹងជំរុញ យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ នៃតំបន់ជ្រោយទន្លេគុជ។ ប៉ែកទាំងសងខាង សុទ្ធតែសំបូរប្រភពទេសចរណ៍ដូចគ្នា ដូច្នេះស្ពាននេះនឹងជួយឲ្យតំបន់នេះ អាចបង្កើតបណ្តុំកន្លែងទេសចរណ៍មួយបាន»៕ (សារព័ត៌មាន CCTV របស់ចិន)