(កណ្តាល)៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ថ្នាក់ឧដុង្គវេនរសៀល ឆ្នាំ២០១៨ នៃសាលាភូមិន្ទរដ្ឋបាល បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលា ដើម្បីសាងសង់បណ្ណាល័យ មួយខ្នងទំហំ 8m x 9.5m ជូនសិស្សានុសិស្សនៅអនុវិទ្យាល័យ និងបឋមសិក្សាគោកត្រប់មូនស្ទ័រ ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ណុប រ័ត្ននិមល ប្រធានក្រុមសម្របសម្រួលថ្នាក់ឧដុង្គវេនរសៀល នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
នៅក្នុងឱកាសនោះ លោក ណុប រ័ត្ននិមល បានលើកឡើងថា «ប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ដូច្នោះសូមក្មួយៗ ខិតខំសិក្សាឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីក្លាយជាធនធានមនុស្សដែលមានសមត្ថភាព និងនាំគ្នាចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនថែមទៀត»។
លោកបានសង្កត់ដោយណែនាំដល់ប្អូនសិស្សានុសិស្សថា ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ដែលនាំឲ្យមានគ្រោះថ្នាក់ដល់សង្គមគ្រួសារផង និងសង្គមជាតិផង។ លោកថា ក្រោយបណ្ណាល័យនេះ ត្រូវបានសង់រួចរាល់នោះ សិស្សានុសិស្សទាំងអស់អាចឆ្លៀតពេលវេលា ទៅអានសៀវភៅ និងស្វែងយល់បន្ថែមទៀតនូវចំណេះដឹងថ្មីៗ នៅក្នុងសៀវភៅដែលត្រូវបានដាក់តម្កល់នៅក្នុងបណ្ណាល័យមួយនេះ៕