(ចិន)៖ ក្រុមហ៊ុនធំៗផ្នែកលក់ទំនិញតាមអនឡាញ នៅប្រទេសចិន កំពុងរៀបចំក្រុមអ្នកទិញតាមប្រព័ន្ធឌីជីថលមួយ សម្រាប់ព្រឹតិ្តការណ៍ ពិព័រណ៍នាំចូលអន្តរជាតិចិន ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ ដើម្បីជួយឱ្យអតិថិជន អាចទិញផលិតផល ដែលមានដាក់លក់ក្នុងពិព័រណ៍បាន ដោយមិនចាំបាច់ចេញពីផ្ទះនោះទេ។

មុនពេលពិព័រណ៍ចាប់ផ្តើម ហាងលក់អាហារស្រស់ៗ ហ្វ្រេសហ័រម៉ា (Freshhema) របស់ក្រុមហ៊ុនអាលីបាបា បានបើកហាងមួយនៅក្នុងមជ្ឈមណ្ឌលពិព័រណ៍ជាតិតែម្ដង ជាកន្លែងដែលពិព័រណ៍នេះ នឹងត្រូវរៀបចំឡើង។ ហាងនេះ សង្ឃឹមថានឹងលក់ផលិតផលបានជាង2ពាន់មុខ។

ក្រុមហ៊ុនមួយទៀតរបស់អាលីបាបាដែរនោះ ឈ្មោះថា ធីមលដតខុម (Tmall.com) ក៏នឹងផ្ដល់វិធីទិញទំនិញតាមបែបថ្មីមួយ ជូនដល់អតិថិជនដែលមកទិញនៅនឹងពិធីពិព័រណ៍ផ្ទាល់ ក៏ដូចជាអតិថិជនដែលមិនអាចមកចូលរួមផងដែរ។ ក្រុមហ៊ុន ធីមលដតខុម គឺជាវេបសាយមួយ ដែលមានអ្នកជំនួញ ដាក់លក់ទំនិញជាលក្ខណៈរាយ ជូនដល់អ្នកប្រើប្រាស់ ដោយសរសេរជាអក្សរចិន។

លោក វ៉ាង ហាវយ៉ាង នាយកផ្នែកនាំចេញនិងនាំចូល ក្រុមហ៊ុន Tmall និយាយថា «ពួកយើងគឺជាក្រុមហ៊ុនតែមួយគត់ ដែលបង្កើតក្រុមអ្នកទិញរបស់យើងផ្ទាល់ នៅក្នុងវិស័យលក់ទំនិញតាមអនឡាញនេះ ហើយយើងមានអ្នកទិញបែបអាជីព ដល់ទៅជាង៤០០នាក់ឯណោះ»គូប្រជែងរបស់ក្រុមហ៊ុន Tmall គឺក្រុមហ៊ុន ជេឌីដតខុម (JD.com) បានអញ្ជើញម្ចាស់ផលិតផលបរទេសរាប់សិប ឱ្យមកចូលរួមក្នុងពិព័រណ៍នេះ ព្រមទាំងនឹងដាក់លក់ផលិតផលខ្លះ នៃផលិតផលបរទេសទាំងនោះ នៅលើអ៊ីនធើណេតទៀតផង នៅពេលដែលពិព័រណ៍នេះចាប់ផ្តើម។

លោក ផឹង ឆឹង អនុប្រធាន ក្រុមហ៊ុន JD.com ប្រចាំតំបន់ខាងកើតប្រទេសចិន និយាយថា «ពិព័រណ៍នេះ នឹងធ្វើឡើង នៅអំឡុងពេលប្រូមូសិនធំ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលស្រដៀងនឹងព្រឹតិ្តការណ៍ Black Friday របស់អាមេរិកដែរ។ ដូច្នេះយើងនឹងរៀបចំកម្មវិធីប្រូមូសិនជាច្រើននៅថ្ងៃនោះ»

ស្របពេលដែលក្រុមហ៊ុនលក់ទំនិញ តាមអនឡាញរបស់ចិន បន្តរីកចម្រើនដើម្បីបំពេញឱ្យគ្រប់តាមតម្រូវការប្រើប្រាស់ក្នុងស្រុក ក្រុមហ៊ុនទាំងនោះក៏កំពុងសម្លឹងរកមើល ឱកាសពង្រីកខ្លួនទៅកាន់ទីផ្សារក្នុងតំបន់ផងដែរ។

ក្នុងនាមជាម្ចាស់ភាគហ៊ុនមួយភាគធំនៃក្រុមហ៊ុន ឡាហ្សាដា ហ្គ្រុប (Lazada Group) ដែលមានស្នាក់ការធំ នៅប្រទេសសឹង្ហបុរី ក្រុមហ៊ុន អាលីបាបា កំពុងសង្ឃឹមថា នឹងលក់ទំនិញបានកាន់តែច្រើន នៅតាមទីផ្សារថ្មីៗ រួមមានដូចជាប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងសឹង្ហបុរី៕ (សារព័ត៌មាន CCTV របស់ចិន)