(ភ្នំពេញ)៖ ក្នុងគោលបំណងចូលរួម លើកស្ទួយសុខុមាលភាពប្រជាពលរដ្ឋ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ មន្ត្រីកាំកុងត្រូលសាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាព ផលិតផលទំនិញម្ហូបអាហារ នៅផ្សារពោធិ៍ចិនតុង រាជធានីភ្នំពេញ រកមិនឃើញមានសារធាតុគីមីហាមឃាត់នោះឡើយ ពោលគឺ១០០ភាគរយ សុទ្ធតែរបស់ល្អ។
ការចុះត្រួតពិនិត្យគុណភាពសុវត្ថិភាព ខាងលើនេះ ដឹកនាំដោយលោកអនុប្រធានប៉ុស្តិ៍ លោក ទិត សុខហ៊ីម, លោក ចាន់ ភាហឿន, លោកស្រី ឈីន ឆាយសោភានារី, លោក តន់ បូរ៉ា និងដោយមានកិច្ចសហការពី មន្ដ្រីមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល និងរថយន្តពិសោធន៍ចល័ត, មន្រី្តមន្ទីរពាណិជ្ជកម្ម, គណៈកម្មការផ្សារពោធិ៍ចិនតុង។
ក្នុងឱកាសនោះ មន្ដ្រីកាំកុងត្រូល ក៏បានអប់រំផ្សព្វផ្សាយ ស្តីពី សុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ក៏ដូចជាការប្រឈមនឹងមុខច្បាប់ ដល់អាជីវករដែលបាននាំយក និងទទួលមកដាក់លក់ នូវរាល់មុខទំនិញដែលគ្មានគុណភាព និងគ្មានប្រភពដើមច្បាស់លាស់ជាដើម។
មន្ត្រីកាំកុងត្រូល បានយកគំរូផលិតផល ម្ហូបអាហារជាងដប់គំរូ មានដូចជា៖ ផលិតផលគ្រឿងសមុទ្រ, ប្រហិត ប៉ាតេ, ផ្អកម៉ាំ, ប្រហុកជាដើម -ល- ដើម្បីយកមកធ្វើវិភាគបឋម រកសារធាតុគីមី ដែលច្បាប់ហាមឃាត់ នាំឲ្យប៉ះពាល់ដល់សុខភាព អ្នកបរិភោគ និងអ្នកប្រើប្រាស់។
ជាលទ្ធផលក្រោយពីបានធ្វើវិភាគបឋម នៅនឹងកន្លែងដោយមន្ត្រីមន្ទីរពិសោធន៍ រថយន្តពិសោធន៍ចល័ត ពុំមានឃើញសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលខាងលើឡើយ។ មន្ត្រី ក៏បានណែនាំដល់អាជីវករ អំពីការរក្សាទុកទំនិញឲ្យបានត្រឹមត្រូវ និងយល់ដឹងអំពីការទទួលខុសត្រូវចំពោះមុខច្បាប់ លើផលិតផលទំនិញ ម្ហូបអាហាររបស់ខ្លួន ដែលបានយកមកដាក់តាំងលក់។
សូមជម្រាបថា ក្នុងគោលបំណងអនុវត្តតាមតួនាទី និងភារកិច្ចស្នូលរបស់ខ្លួន ក្រសួងពាណិជ្ជកម្ម បានចាត់ឲ្យមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកាំកុងត្រូល ចុះឈរជើងប្រចាំការ ប្រតិបត្តិការការងារ នៅតាមគោលដៅទីផ្សារ សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ រួមមាន៖ ផ្សារធំថ្មី, ផ្សារអូឫស្សី, ផ្សារអូឡាំពិក, ផ្សារដើមគ, ផ្សារទួលទំពូង, ផ្សារស្ទឹងមានជ័យ, ផ្សារជម្ពូវ័ន, ផ្សារស៊ិនជូរីផ្លាហ្សា, ផ្សារច្បាអំពៅ និងផ្សារព្រែកឯង៕