(ភ្នំពេញ)៖ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្តើមធ្វើអង្គកឋិនទានសាមគ្គី១ដង្ហែរទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តព្រះបារមីវង្គដ្ឋបុរីកបិលភស្ត័ ស្ថិកក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយទទួលបានបច្ច័យ ជាង២៥ម៉ឺនដុល្លារ ដើម្បីកសាងព្រះវិហារ និងឧបដ្ឋានសាលា ដែលកំពុងបន្តសាងសង់នូវឡើយ។
ពាក់ព័ន្ធនឹងពិធីសាសនានេះ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ បានជួបជុំពុទ្ធបរិសទ្ធ័ បងប្អូនញាតិមិត្ត មន្ត្រីរាជការអ្នកផ្តើមបុណ្យដើម្បីប្រារព្ធពិធីក្រុងពាលី និងនមស្ការព្រះរតនះត្រៃយ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត និងសម្ដែងធម៌ទេសនា នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ដោយមានការចូលបច្ច័យទៅតាមកម្លាំងសទ្ធា ជ្រះថ្លារៀងៗខ្លួន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការី ជនមានមាតា បិតាជីដូនជីតា ញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណ ក្ខន្ធវីរៈយុទ្ធជន វីរៈយុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិដែល ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា អង្គកឋិនទានដង្ហែរទៅកាន់វត្តព្រះបារមីវង្គដ្ឋបុរីកបិលភស្ត័នេះ បានបច្ច័យចំនួន២៥៩,៨៧៥ដុល្លារ ដើម្បីកសាងព្រះវិហារ និងឧបដ្ឋានសាលា ដែលកំពុងបន្តសាងសង់នូវឡើយ។
ផ្អែកតាមសៀវភៅព្រះរាជពិធីទ្វារទសមាស ដែលជាការផ្សាយរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត កត់ត្រាថា ពុទ្ធបរិសទ័នាំគ្នាធ្វើបុណ្យ កឋិននេះ គឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនា ស្តីពីកឋិនទាន ថាជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។ អាស្រ័យហេតុនេះ ទើបមានការសំគាល់ថា បើវត្តណាដែលដល់រដូវកាលកឋិនហើយ គ្មាននរណាហែអង្គកឋិនចូលទេ គឺជាវត្តមិនស្មើមុខនឹងវត្តដែលមិនបានទទួលអង្គកឋិនទាន។
តាមពុទ្ធបញ្ញត្តិ ភិក្ខុសង្ឃ ដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំ ព្រះវស្សាអស់វរៈបីខែដោយបរិបូណ៌ ពុំមានដាច់កិច្ចចូលវស្សា ព្រោះកន្លងវិន័យដោយប្រការណាមួយឡើយ។ រីឯវត្តដែលពុំមានភិក្ខុសង្ឃគង់ចាំព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសទ័បានដែរ៕