(ភ្នំពេញ)៖ លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន SCG (អេសស៊ីជី) សម្រាប់ត្រីមាសទីបី និងរយៈពេល៩ខែ នៃឆ្នាំ២០១៨ បានបង្ហាញឲ្យឃើញពីការកើនឡើងនូវប្រាក់ចំណូល ប៉ុន្តែ ប្រាក់ចំណេញបានធ្លាក់ចុះដោយសារតែការកើនឡើងនូវតម្លៃវត្ថុធាតុដើម និងថាមពល ការធ្លាក់ចុះនៃពាណិជ្ជកម្មសកលលោក និងការខូចបង់នូវទ្រព្យសកម្ម។
ក្រុមហ៊ុន អេស ស៊ី ជី ពិតជាដឹងអំពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលលោក ហើយបានដាក់ចេញនូវទិសដៅចំនួន៦ សម្រាប់ជាផែនការបុរេសកម្ម រួមមានពង្រីកឱកាសនាំចេញ ស្របតាមលំហូរទីផ្សារសកលលោក គ្រប់គ្រងការចំណាយលើថាមពល ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងកាត់បន្ថយចំណាយ អភិវឌ្ឍនូវផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) ។
លើសពីនោះ ប្រកបដោយនវានុវត្តន៍ ពង្រឹងប្រសិទ្ធភាពទុនប្រតិបត្តិការ និងពិនិត្យឡើងវិញលើកម្មវិធីវិនិយោគ និងការចំណាយវិនិយោគរបស់ខ្លួន ក្នុងបំណងរក្សាឲ្យបាននូវភាពប្រកួតប្រជែងនៃអាជីវកម្មរបស់ក្រុមហ៊ុន។
លោក Roongrote Rangsiyopash ដែលជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន SCG បានបង្ហាញនូវលទ្ធផលប្រតិបត្តិការ មុនសវនកម្មរបស់ក្រុមហ៊ុន សម្រាប់ត្រីមាសទីបី ឆ្នាំ២០១៨ ដោយក្នុងនោះប្រាក់ចំណូលពីការលក់ដែលបានចុះបញ្ជីរួចគឺមានទំហំទឹកប្រាក់ ១៥.១៣៣ពាន់លានរៀល (3.716 លានដុល្លារសហរដ្ឋអាមេរិក) គឺកើនឡើង២% បើធៀបនឹងត្រីមាសមុន និងកើនឡើង៩% បើធៀបនឹងត្រីមាសទីបី ឆ្នាំ២០១៧ ដែលកំណើននេះ គឺដោយសារតែមានការលូតលាស់សម្រាប់គ្រប់ផ្នែកអាជីវកម្មទាំងអស់។
ចំណែកឯប្រាក់ចំណេញក្នុងរយៈពេលនេះ គឺមានចំនួន ១.១៧០ ពាន់លានរៀល (287 លានដុល្លារ) ដែលបានធ្លាក់ចុះ 24% បើធៀបនឹងត្រីមាសមុន ហើយធ្លាក់ចុះ ២០% បើធៀបនឹងត្រីមាសទីបីឆ្នាំ២០១៧ ដែលការធ្លាក់ចុះនេះ ក៏ដោយសារតែថ្លៃខូចបង់លើទ្រព្យសកម្មនានាក្នុងទំហំទឹកប្រាក់២០៦ ពាន់លានរៀន (51 លានដុល្លារ) ដោយយោងទៅតាមបទដ្ឋានគណនេយ្យ និងការចំណាយខ្ពស់លើសារធាតុ naphtha ដែលបានកើនឡើងព្រមជាមួយនឹងតម្លៃប្រេងសកលលោក។
ប្រសិនបើគ្មានការខូចបង់បែបនេះទេនោះ ក្នុងរយៈពេលនេះ អេសស៊ីជី ប្រហែលជាទទួលបានប្រាក់ចំណេញចំនួន១.៣៧៦ ពាន់លានរៀល (338 លានដុល្លារ)។
សម្រាប់ប្រតិបត្តិការក្នុងរយៈកាល៩ខែ ឆ្នាំ២០១៨ វិញ អេសស៊ីជី បានកត់ត្រាប្រាក់ចំណូលពីការលក់ ក្នុងទំហំទឹកប្រាក់ ៤៥.៤៥៧ពាន់លានរៀល (11.238 លានដុល្លារ) ដែលបានកើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែក្រុមហ៊ុនទទួលបានប្រាក់ចំណូលខ្ពស់ពីគ្រប់ផ្នែកអាជីវកម្មទាំងអស់។
ប្រាក់ចំណេញក្នុងរយៈពេលនេះមានចំនួនសរុប ៤.៣១៤ ពាន់លានរៀល (1.067 លានដុល្លារ) ដែលបានធ្លាក់ចុះ ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការធ្លាក់ចុះនេះភាគច្រើន គឺដោយសារតែលទ្ធផលទាប សម្រាប់អាជីវកម្មគីមី និងការខូចខាតទ្រព្យសកម្មកាលពីត្រីមាសទី៣។
បន្ថែមលើនេះ ប្រាក់ចំណូលពីការនាំចេញមានទំហំ ១២.៣២៣ ពាន់លានរៀល (3.047 លានដុល្លារ) ដែលបានកើនឡើង៧% បើធៀបនឹងឆ្នាំមុន ហើយដែលទំហំ ប្រាក់ចំណូលនេះគឺស្មើនឹង២៧% នៃប្រាក់ចំណូលសរុបពីការលក់របស់ក្រុមហ៊ុនអេសស៊ីជី។
លទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុន SCG ក្នុងតំបន់អាស៊ាននាត្រីមាសទីបី ឆ្នាំ២០១៨ លើកលែងប្រទេសថៃ
សម្រាប់ប្រតិបត្តិការរបស់ SCG ក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) ប្រាក់ចំណូលពីការលក់ក្នុងត្រីមាសទីបី ឆ្នាំ២០១៨ គឺមានទំហំទឹកប្រាក់ ៣.៨១៧ ពាន់លានរៀល (937 លានដុល្លារ) គឺបានកើនឡើង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទំហំទឹកប្រាក់នេះគឺស្មើនឹង២៥% នៃប្រាក់ចំណូលពីការលក់សរុបរបស់ក្រុមហ៊ុន SCG។
ប្រាក់ចំណូលនេះ រាប់បញ្ចូលទាំងការលក់តាមរយៈប្រតិបត្តិការក្នុងស្រុកនៃទីផ្សារអាស៊ាននីមួយៗ និងការនាំចូលពីប្រទេសថៃផង។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន SCG គឺមានទំហំទឹកប្រាក់ ៧៤.៦០០ ពាន់លានរៀល (18.294 លានដុល្លារ) ។ ចំណែកឯទ្រព្យសកម្មសរុបរបស់ SCG នៅក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) គឺមានទំហំទឹកប្រាក់១៩.៧៦១ពាន់លានរៀល (4.846 លានដុល្លារ) ដែលស្មើនឹង ២៦% នៃទ្រព្យសកម្មសរុបរបស់ SCG។
ក្រុមហ៊ុន SCG នៅក្នុងកម្ពុជា៖ ក្នុងទីផ្សារប្រទេសកម្ពុជា ប្រាក់ចំណូលពីការលក់សម្រាប់ត្រីមាសទីបី ឆ្នាំ២០១៨ របស់ក្រុមហ៊ុនអេសស៊ីជី គឺមានទំហំទឹកប្រាក់ ៤០០ពាន់លានរៀល (98 លានដុល្លារ) ដែលមានការកើនឡើង១៧% ដែលកំណើននេះគឺដោយសារតែមានតម្រូវការច្រើនសម្រាប់ស៊ីម៉ង់ត៍ និងសម្ភារសំណង់។
ក្នុងរយៈកាល៩ខែ នៃឆ្នាំ២០១៨ អេសស៊ីជីបានកត់ត្រាប្រាក់ចំណូលពីការលក់ក្នុងប្រទេសកម្ពុជាក្នុងទំហំទឹកប្រាក់ ១.២១២ ពាន់លានរៀល (ស្មើនឹង 300 លានដុល្លារ)។
អេសស៊ីជី តែងបានពិចារណាលើកំណើនជាបន្តបន្ទាប់នៃវិស័យសំណង់នៅកម្ពុជា ដូច្នេះហើយ អេសស៊ីជី បានបើកមជ្ឈមណ្ឌលសេវាកម្មប្រឹក្សា និងដំណោះស្រាយផ្នែកដំបូលដំបូងគេនៅរាជធានីភ្នំពេញ។
មជ្ឈមណ្ឌលសេវាកម្មប្រឹក្សា និងដំណោះស្រាយផ្នែកដំបូលនេះគឺជាទីតាំងផ្ដល់សេវាកម្មគ្រប់ជ្រុងជ្រោយសម្រាប់ឲ្យម្ចាស់លំនៅដ្ឋាន និងម្ចាស់គម្រោងសំណង់នានា អាចចាប់ផ្ដើមរចនាប្លង់ ជ្រើសរើសសម្ភារៈ និងស្វែងរកជាងសំណង់
ត្រឹមត្រូវសម្រាប់ការធ្វើដំបូល តាមរយៈការពិគ្រោះយោបល់ជាមួយនឹងអ្នកជំនាញ។ ជាងនេះទៅទៀត អេសស៊ីជី មានផែនការពង្រីកសេវាកម្មនេះឲ្យបានដល់បណ្ដាក្រុងធំៗបន្ថែមទៀតនៅឆ្នាំក្រោយ។
ជាងនេះទៅទៀត សេវាកម្មស្វែងរកជាងសំណង់របស់ក្រុមហ៊ុនអេសស៊ីជី ដែលទើបនឹងចាប់ផ្ដើមដំណើរការកាលពីត្រីមាសមុនក្នុងឆ្នាំនេះ បានជួយផ្គូផ្គងដោយជោគជ័យរវាងម្ចាស់លំនៅដ្ឋានដំបូងគេនៅខេត្តព្រះសីហនុ ជាមួយនឹងជាងសំណង់ដែលមានគុណវុឌ្ឍត្រឹមត្រូវ។ សេវាកម្មនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួលឲ្យអតិថិជនអាចស្វែងរកជាងសំណង់ តាមរយៈការទាក់ទងមកកាន់ការិយាល័យទំនាក់ទំនងរបស់អេសស៊ីជី តាមទូរស័ព្ទ៖ 095 999 500។
លោក Roongrote បានឲ្យដឹងថា លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនអេសស៊ីជី សម្រាប់ត្រីមាសទីបី ឆ្នាំ២០១៨ និងសម្រាប់រយៈពេល៩ខែ ឆ្នាំ២០១៨ បានបង្ហាញឲ្យឃើញពីការកើនឡើងនូវប្រាក់ចំណូលសម្រាប់ផ្នែកអាជីវកម្មទាំងអស់ ដោយសារតែស្ថានភាពមានភាពល្អប្រសើរសម្រាប់គ្រប់ទីផ្សារ តម្រូវការខ្ពស់ពីសំណាក់វិស័យរដ្ឋ និងឯកជន ចំពោះផលិតផលស៊ីម៉ង់ត៍ និងសម្ភារសំណង់ពីប្រទេសថៃ និងនៅតាមគម្រោងវិនិយោគបរទេសនានា លំនឹងតម្រូវការទីផ្សារសម្រាប់សារធាតុគីមី និងអាជីវកម្មក្រដាស ។
បើទោះបីជាប្រាក់ចំណេញបានធ្លាក់ចុះ ដោយសារតែតម្លៃវត្ថុធាតុដើម និងថាមពលកើនខ្ពស់ គួបផ្សំនឹងការធ្លាក់ចុះនៃពាណិជ្ជកម្មសកលលោក និងការខាតបង់ដោយសារការខូចទ្រព្យសកម្ម។
អេសស៊ីជីពិតជាបានដឹងអំពី ផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម ដែលកើតមានមកលើអាជីវកម្មទាំងមូល និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលលោក ហើយទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏ទទួលស្គាល់ពីសក្ដានុពលនៃឱកាសថ្មីៗផងដែរ។ ដូច្នេះ អេសស៊ីជី បានដាក់ចេញនូវទិសដៅចំនួន 6 នៃផែនការបុរេសកម្មសម្រាប់បញ្ហាប្រឈមនេះ ដែលនឹងត្រូវយកទៅអនុវត្តនៅគ្រប់កម្រិតទាំងអស់ ដើម្បីរក្សា ក៏ដូចជាជំរុញភាពរឹងមាំរបស់អាជីវកម្ម។ ទិសដៅទាំងនេះ មានដូចខាងក្រោម៖
១៖ ពង្រីកឱកាសនាំចេញ ស្របតាមលំហូរទីផ្សារសកលលោក ដែលមានការប្រែប្រួលបន្ទាប់ពីមានសង្គ្រាមពាណិជ្ជកម្ម ។ ឧទាហរណ៍ ការនាំចេញទៅទីផ្សារប្រទេសចិន និងសហរដ្ឋអាមេរិក ខណៈពេលដែលសង្គ្រាមពាណិជ្ជកម្មកំពុងកើតឡើង។
ក្រៅពីផែនការរយៈពេលវែង ដែលមានបំណងពង្រឹងមូលដ្ឋានទីផ្សារក្នុងប្រទេសថៃ ក្រុមហ៊ុនអេសស៊ីជីក៏ផ្ដោតលើការពង្រីកជាបន្តបន្ទាប់នូវមូលដ្ឋានទីផ្សាររបស់ខ្លួននៅតាមតំបន់ផ្សេងៗផងដែរ។
គម្រោង Petrochemicals Complex Project ក្នុងប្រទេសវៀតណាម (LSP) ដែលជាគម្រោងសំខាន់កាលពីពេលថ្មីៗ កំពុងមានវឌ្ឍនភាពដូចតាមការគ្រោងទុក ដោយក្នុងនោះការរចនាប្លង់វិស្វកម្ម លទ្ធកម្មម៉ាស៊ីនគ្រឿងចក្រ និងឧបករណ៍ផ្សេងៗ ក៏ដូចជាការរៀបចំទីតាំងសម្រាប់ការងារសាងសង់បានចាប់ផ្ដើមរួចមកហើយ ក្រោយពីមានកិច្ចព្រមព្រៀង ប្រាក់កម្ចីកាលពីថ្ងៃទី៦ ខែសីហា ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេទាំងនៅប្រទេសថៃ និងបរទេស។ គេរំពឹងថា ប្រតិបត្តិការអាជីវកម្មនឹងចាប់ផ្ដើមទាន់ពេលវេលា នៅឆមាសទីមួយឆ្នាំ ២០២៣។
អេសស៊ីជី ក៏កំពុងសំឡឹងរកទីផ្សារថ្មី ដែលមានសក្ដានុពល និងកំណើនលូតលាស់លឿន បើនិយាយពីតម្លៃទីផ្សារ ឧទាហរណ៍ការពង្រីកអាជីវកម្មដឹកជញ្ជូននៅក្នុងប្រទេសថៃ តាមរយៈអាជីវកម្មរួមគ្នាជាមួយនឹងក្រុមហ៊ុន Jusda Supply Chain Management International (JUSDA) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Foxconn ដើម្បីផ្ដល់សេវាដឹកជញ្ជូនសម្រាប់ទំនិញអេឡិចត្រូនិចក្នុងប្រទេសចិន ដោយរាប់បញ្ចូលទាំងការពង្រឹងដល់សេវាកម្ម Supply Chain Solutions ដែលជាការដឹកជញ្ជូនឆ្លងប្រទេសរវាងប្រទេសចិន និងតំបន់អាស៊ាន ដោយមានបច្ចេកវិទ្យាទំនើបសម្រាប់តាមដាន និងត្រួតពិនិត្យលើប្រព័ន្ធដឹកជញ្ជូន។
ដំណាក់កាលដំបូង នឹងផ្ដោតលើសេវាកម្មនៅក្នុងប្រទេសចិនភាគខាងត្បូង ដោយពង្រឹងភាពខ្លាំងរបស់ SCG ក៏ដូចជាត្រៀមរៀបចំការពង្រីកអាជីវកម្មទិញពីប្រភព និងអាជីវកម្មពាណិជ្ជកម្មអេឡិចត្រូនិចផងដែរ ដើម្បីនាំផលិតផលរបស់ថៃទៅកាន់ទីផ្សារចិន។
២៖ ការគ្រប់គ្រងការចំណាយលើថាមពល ឧទាហរណ៍ ការធានាឲ្យបាននូវការផ្គត់ផ្គង់ធ្យូងថ្ម ក្នុងចំណែកច្រើន ជាមួយនឹងតម្លៃប្រកួតប្រជែង បានជួយអេសស៊ីជីកាត់បន្ថយ ការចំណាយលើថាមពលក្នុងរយៈកាល៩ខែកន្លងមកនេះ រហូតដល់ទៅ១២លានដុល្លារ (បើធៀបនឹងផែនការរបស់អេសស៊ីជី) ហើយបានជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញនៅតាមបណ្ដារោងចក្រនានា ដើម្បីកាត់បន្ថយការចំណាយលើថាមពល ។
មានដូចជាការដំឡើងផ្ទាំងថាមពលពន្លឺព្រះអាទិត្យ នៅតាមរោងចក្ររបស់អេសស៊ីជី ជាដើម ដែលមានសមត្ថភាពបង្កើតថាមពល បាន៣៨មេហ្កាវ៉ាត់ បានកាត់បន្ថយនូវតម្រូវការឲ្យមានការផ្គត់ផ្គង់អគ្គិសនី ពីភាគីទីបី រហូតដល់ទៅ 5 លានដុល្លារក្នុងមួយឆ្នាំ។ បន្ថែមលើនេះ ក៏មានគម្រោងថាមពលចំនួនជាង១០០គម្រោងផ្សេងទៀតសម្រាប់ការកែលម្អគ្រឿងចក្រ ការអនុវត្តនូវប្រព័ន្ធ អ្វីៗប្រើអ៊ិនធឹណិត - Internet of Things (IoT) ដើម្បីបង្កើនប្រសិទ្ធភាពផ្នែកថាមពល ព្រមជាមួយនឹងគម្រោងថាមពលកកើតឡើងវិញ ដែលត្រូវបានរំពឹងថា នឹងជួយសន្សំសំចៃរហូតដល់ទៅ១៩លានដុល្លារក្នុងមួយឆ្នាំ នៅពេលដែលកសាងរួចរាល់។
៣៖ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់ការលើកកម្ពស់ប្រសិទ្ធភាព៖ ដើម្បីបង្កើនភាពប្រកួតប្រជែង និងជំរុញកំណើន ដើម្បីតាមឲ្យទាន់នឹងការវិវត្តន៍យ៉ាងលឿននាពេលសព្វថ្ងៃនេះ។ កិច្ចការកាលពីពេលថ្មីៗ គឺភាពជាដៃគូរបស់អេសស៊ីជីជាមួយនឹង Digital Ventures ដើម្បីអនុវត្តប្រតិបត្តិការសាច់ប្រាក់បែប Blockchain នៅក្នុងកម្មវិធីលទ្ធកម្មទូលំទូលាយជាមួយនឹងដៃគូពាណិជ្ជកម្ម ក៏ដូចជាអភិវឌ្ឍបច្ចេកវិទ្យា និងនវានុវត្តន៍ ដោយបុគ្គលិករបស់អេសស៊ីជី ឧទាហរណ៍ ប្រព័ន្ធស្វ័យកម្មដំណើរការដោយមនុស្សយន្ត ដែលនឹងជួយកាត់បន្ថយពេលវេលាសម្រាប់ការអនុវត្តការងារដោយបុគ្គលិកអេសស៊ីជី និងធានាបាននូវប្រសិទ្ធភាពខ្ពស់។
បន្ថែមលើនេះ AddVentures និង Corporate Venture Capital (CVC) របស់អេសស៊ីជីបានវិនិយោគទឹកប្រាក់ជាង 13 លានដុល្លារ នៅក្នុងអាជីវកម្មបង្កើតថ្មីថែមទៀតផង។
៤៖ អភិវឌ្ឍនវានុវត្តន៍ និង ផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) ដើម្បីបង្កើនគុណភាពជីវិតរបស់អតិថិជន ហើយជំរុញកំណើនប្រកបដោយចីរភាពសម្រាប់អាជីវកម្ម តាមរយៈការអនុវត្តការស្រាវជ្រាវថ្មីៗ ដើម្បីតម្រូវទៅតាមរឿងគេនិយមចូលចិត្តនាពេលអនាគតទាំង ៦ឧទាហរណ៍ អគារឆ្លាតវៃ ថាមពលកកើតឡើងវិញ ប្រាជ្ញានិម្មិត (AI) ទិន្នន័យធំ ជាដើម តាមរយៈការសហការថ្មីៗជាមួយនឹង CAS Innovation Cooperation Center (Bangkok) (CAS ICCB) ដែលមានវិទ្យាស្ថានស្រាវជ្រាវជាង១០០កន្លែង ក្នុងប្រទេសចិន។
ជាងនេះទៅទៀត ក្នុងរយៈកាល៩ខែ នៃឆ្នាំ២០១៨នេះ ប្រាក់ចំណូលរបស់អេសស៊ីជី ដែលបានមកពីការលក់ផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ មានទំហំទឹកប្រាក់សរុប ១៧.៥៤០ពាន់លានរៀល (4.336 លានដុល្លារ) ដែលកើនឡើង ៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងមានកម្រិត ៣៩% នៃប្រាក់ចំណូលពីការលក់សរុប។
ការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍នវានុវត្តន៍មានទំហំទឹកប្រាក់៤៤៥ពាន់លានរៀល (110 លានដុល្លារ) ឬស្មើនឹង១% នៃប្រាក់ចំណូលសរុប ដែលបានមកពីការលក់ ហើយទៅថ្ងៃអនាគតមានបំណងក្នុងការបង្កើនការចំណាយនេះឲ្យដល់១.៥ ទៅ ២% នៃប្រាក់ចំណូលសរុបបានមកពីការលក់។
៥៖ ពង្រឹងប្រសិទ្ធភាពទុនការងារ តាមរយៈការថែរក្សាទុនការងារនៅក្នុងកម្រិតសមស្រប។ នៅដំណាច់ត្រីមាសទីបីឆ្នាំ២០១៨ ទុនការងាររបស់អេសស៊ីជី មានទំហំទឹកប្រាក់សរុប ៩.៥៧២ពាន់លានរៀល (2.347 លានដុល្លារ) ហើយការគ្រប់គ្រងសាច់ប្រាក់ គឺមានទំហំរហូតដល់ ៦.៦២៥ពាន់លានរៀល (1.625 លានដុល្លារ) ដែលពាក់ព័ន្ធនឹងផែនការវិនិយោគអាជីវកម្ម និងបរិយាកាសអាជីវកម្មមិនច្បាស់លាស់។
៦៖ ការពិនិត្យឡើងវិញលើគម្រោងវិនិយោគ និងការចំណាយលើការវិនិយោគ ដើម្បីផ្ដោតលើគម្រោង ដែលអាចនាំទៅរកឱកាសអាជីវកម្ម គម្រោងកាត់បន្ថយថាមពល ឧទាហរណ៍ ការអភិវឌ្ឍន៍កសិដ្ឋានបន្ទះសូឡាបណ្ដែតទឹកសម្រាប់ការផលិតថាមពលអគ្គសនីដោយពន្លឺព្រះអាទិត្យ ក្នុងបំណងក្លាយជាអ្នកផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយដំបូងគេនៅក្នុងប្រទេសថៃ នៅឆ្នាំ២០១៩ ដោយផ្ដល់សេវាកម្មចាប់តាំងពីដំណាក់កាលនៃការរចនាទីតាំង ការដំឡើង រហូតដល់សេវាថែទាំក្រោយពេលលក់ ដល់អតិថិជនសក្ដានុពលទាំងនៅវិស័យរដ្ឋ និងឯកជន។
លោក Roongrote បានបញ្ជាក់ថា អេសស៊ីជីមានជំនឿចិត្តថា នឹងអាចពង្រឹងអាជីវកម្មរបស់ខ្លួន នៅប្រទេសថៃ និងនៅក្នុងតំបន់តាមរយៈយុទ្ធសាស្ត្ររយៈពេលខ្លី ដើម្បីផ្ដល់លទ្ធភាព ឲ្យអាចសម្របខ្លួនទាន់ពេលវេលាចំពោះការប្រែប្រួលកាលៈទេសៈ តាមរយៈការអនុវត្តនូវទិសដៅចំនួន៦ របស់ផែនការបុរេសកម្ម ដែលបានរៀបរាប់ខាងលើ និងតាមរយៈយុទ្ធសាស្ត្ររយៈពេលវែង ដែលបានជួយជំរុញកំណើនប្រកបដោយចីរភាពសម្រាប់អាជីវកម្មរបស់យើងរួចមកហើយ ៕