Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកោះកុង ជំរុញឲ្យមន្ត្រីគ្រប់បណ្តាអង្គភាពចូលរួមថែរក្សាបរិស្ថាន ដើម្បីអបអរពិធីបុណ្យសមុទ្រ នៅថ្ងៃទី១៤-១៦ ខែធ្នូ ខាងមុខ

26-10-2018 11:27

(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានជំរុញឲ្យមន្រ្តីរាជការ គ្រប់បណ្តាអង្គភាពត្រូវយកចិត្តទុកដាក់ពីបញ្ហាអនាម័យបរិស្ថាន កែលំអរសោភ័ណ្ឌភាព សួនច្បារ និងបរិវេណមន្ទីរសាមី ល្អប្រសើរ ស័ក្កសមជាទីក្រុងស្អាត ឆ្នេរសមុទ្រស្អាត ដើម្បីអបអរសាទរ នៃពិធីបុណ្យសមុទ្រនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ដែលខេត្តកោះកុងជាអ្នករៀបចំ។

ការជំរុញយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលលោកស្រី មិថុនា ភូថង​ អញ្ជើញចូលរួមអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ច ដល់មន្រ្តីរាជការ ដែលរៀបចំធ្វើឡើង នៅសាលមហោស្របខេត្តកោះកុង នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨។

លោកស្រី បានបន្ថែមថា ក្នុងនាមជាមន្ត្រីរាជការ ដែលមានវត្តមានក្នុងខេត្ត ត្រូវជួយជំរុញធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យបរិស្ថាន នៅតាម លំនៅដ្ឋាន និងតាមដងផ្លូវសាធារណៈ ដើម្បីសុខមាលភាព និងដើម្បីហេដ្ឋារចនា ទីក្រុងស្អាត រម្មណីដ្ឋានស្អាត សេវ៉ាល្អ ដើម្បីវិស័យទេសចរណ៍ មានភាពរីកចំរើន និងទទួលភ្លៀវទេសចរជាតិ អន្តរជាតិ ក្នុងដំណើរកំសាន្ត លើដែនដីសុវណ្ណភូមិទិសនិតី។

លោកស្រី មិថុនា ភូថង បានបញ្ជាក់ទៀតថា ដូច្នេះហើយសូមឲ្យមន្ត្រីរាជការគ្រប់បណ្តាអង្គភាព ចូលផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ឲ្យគាត់ចូលរួមថែរក្សាអនាម័យបរិស្ថាន ឲ្យបានគ្រប់ៗគ្នា ដើម្បីខេត្តកោះកុងទាំងអស់គ្នា៕