(សេអ៊ូល, កូរ៉េខាងត្បូង)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញ បានទទួលពានរង្វាន់ជាថ្នាក់ដឹកនាំឆ្នើមប្រចាំឆ្នាំ២០១៨ ក្នុងការបង្ហាញ និងផ្សព្វផ្សាយពីសេដ្ឋកិច្ច វប្បធម៌ និងអរិយធម៌របស់កម្ពុជាទៅកាន់សាធារណៈកូរ៉េ ដោយសមាគមអ្នកសារព័ត៌មាននៃសាធារណរដ្ឋកូរ៉េ នៅសាលសន្និសីទ នៃមន្ទីររដ្ឋសភាជាតិកូរ៉េ។ លទ្ធផលជាថ្មីម្តងទៀតនេះ ពិតជាមានមោទនភាពជាតិជាលើកទីពីរ របស់សហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េផងដែរ។
ឯកអគ្គរាជទូត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះថា «នេះមិនមែនគ្រាន់តែជាមោទនភាពសម្រាប់ខ្ញុំ និងក្រុមគ្រួសារផ្ទាល់នោះទេ តែជាកិត្តិយសដែលខ្ញុំសូមផ្តល់បន្តជូនទៅក្រុមការងារស្ថានឯកអគ្គរាជទូតកម្ពុជាទាំងមូល ដែលបានខឹតខំបំពេញភារកិច្ចរៀងខ្លួន ប្រកបដោយឆន្ទៈខ្ពស់ និងមិនគិតពីការនឿយហត់ ព្រមទាំងលក្ខខណ្ឌផ្សេងៗឡើយ។ ហើយនេះជាលទ្ធផល នៃស្មារតីធ្វើកិច្ចការជាក្រុម មិនអតនោម័ត មិនតួឯកនិយម»។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៧កន្លងទៅ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក៏បានទទួលពានរង្វាន់ «ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០១៧» នៅរដ្ឋសភាជាតិ នៃសាធារណរដ្ឋកូរ៉េ ពីសមាគមមិត្តភាពវប្បធម៌កូរ៉េ ដោយបានវាយតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែង នូវការបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការ គ្រប់វិស័យរវាងកម្ពុជា-កូរ៉េ និងការរៀបចំខួបលើកទី២០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ, ការដឹកនាំសម្របសម្រួលកិច្ចការងារសមាគមទូតអាស៊ាននៅកូរ៉េដែលកម្ពុជាជាប្រធាន, ការដឹកនាំសម្របសម្រួលរៀបចំ កម្មវិធីអបអរសាទរខួបគម្រប់៥០ឆ្នាំ នៃការបង្កើតសហគមន៍អាស៊ាន និងជាពិសេសការងារដឹកនាំ ដោះស្រាយគាំពារ បម្រើប្រយោជន៍ជាតិ-ប្រជាជន និងការផ្ដល់សេវាជូនប្រជាពលរដ្ឋ៕