(ព្រះវិហារ)៖ ត្រឹមរយៈពេលមួយខែ ពោលគឺចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ក្រុមត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ បានត្រួតពិនិត្យ រថយន្តសរុបចំនួន២៨៩គ្រឿង ក្នុងនោះពិនិត្យឃើញថា ត្រឹមត្រូវមានចំនួន៨៥គ្រឿង និងកាត់ទ្រុងចេញមានចំនួន៤គ្រឿង។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះថា ត្រឹមរយៈពេលមួយខែ គិតចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨នេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ បានត្រួតពិនិត្យរថយន្តសរុប២៨៩គ្រឿងរួមមាន៖
* ពិនិត្យឃើញថាត្រឹមត្រូវចំនួន៨៥គ្រឿង
* រថយន្តត្រូវបានកាត់ទ្រុងចំនួន៤គ្រឿង
* រថយន្តដឹកសំពីងសំពោង៤៦គ្រឿង
* រថយន្តខ្វះឯកសារ១០៤គ្រឿង
* រថយន្តឯកសារក្លែងក្លាយ៣គ្រឿង
* រថយន្តត្រូវដោះរានក្រោយ១៦គ្រឿង
* គ្មានបណ្ណ័បើកបរ១១នាក់
* រថយន្តគ្មានស្លាកលេខ១០គ្រឿងផងដែរ។
លោក សំ លាងទ្រី បានបញ្ជាក់ថា ផ្អែកតាមតួលេខដែលធ្វើការពិនិត្យរយៈពេលមួយខែនេះ ឃើញថា ម្ចាស់រថយន្តភាគច្រើនមិនបានគោរពតាមច្បាប់ស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ ដែលករណីនេះ លោកអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ពោលគឺកុំដឹកលើសទម្ងន់ កុំកែឆ្នៃរថយន្តខុសលក្ខណៈបច្ចេកទេស និងកុំដឹកសំពីងសំពោងជាដាច់ខាត។
សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ អនុវត្តតាមបទបញ្ជារបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាការណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ។
ក្នុងនោះ មន្ទីរសាធារណការខេត្ត បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើការត្រួតពិនិត្យយានយន្តកែឆ្នៃ ខុសលក្ខណៈបច្ចេកទេស នៅតាមដងផ្លូវជាតិសំខាន់ៗជាប្រចាំ ក្នុងគោលបំណងត្រួតពិនិត្យ ការដឹកជញ្ជូនលើសទម្ងន់ រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងរថយន្តដឹកសំពីងសំពោងជាដើម៕