(ភ្នំពេញ)៖ នៅវេលាម៉ោងជិត១១៖០០ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានអនុម័តគាំទ្រទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់របស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន។ របៀបវារៈទាំងនោះមានដូចជា៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
២៖ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
៣៖ បញ្ហាផ្សេងៗ: សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
* ៣.១៖ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល រវាងកម្ពុជា-វៀតណាម និងកម្ពុជា-ឥណ្ឌូនេស៊ី។ * ៣.២៖ សន្ធិសញ្ញារវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្តីពីបត្យាប័នជាដើម។
បើតាម លោក ផៃ ស៊ីផាន, សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ត្រូវបានរៀបចំ និងវិភាជន៍ ដើម្បីអនុវត្តសកម្មភាពអាទិភាព ដែលត្រូវបានកំណត់ក្នុងកម្មវិធី និងអាទិភាព គោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងនោះរួមមាន៖ ការអភិវឌ្ឍធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបន្តអភិវឌ្ឍ និងបង្កើនតម្លៃបន្ថែមនៃវិស័យ កសិកម្ម ការលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ ការកែលម្អប្រព័ន្ធអប់រំឱ្យកាន់មានគុណភាពខ្ពស់ ការលើកកម្ពស់ប្រព័ន្ធគាំពារសង្គម, ជាពិសេសការអនុវត្តកម្មវិធី កែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីបន្តគាំទ្រនិងជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយគុណភាព និងមានភាពធន់ខ្ពស ធានាបានសមធម៌សង្គម ដែលមានបរិយាប័ន្ន និងពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងដំណើរឆ្ពោះទៅ សម្រេចឱ្យបាននូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជា ជា «ប្រទេសដែលមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០»៕