(ភ្នំពេញ)៖ ព័ត៌មានក្លែងក្លាយ និងក្លែងបន្លំ មិនមែនទើបតែកើតឡើងនៅលើពិភពលោកនោះឡើយ ពោលគឺវាបានកើតមាន និងនៅជាមួយមនុស្សតាំងដើមមក ប៉ុន្តែនៅពេលដែលពិភពលោកលោកចាប់ផ្ដើមរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យានោះ ព័ត៌មានមានក្លែងក្លាយកាន់តែវិវត្តខ្លាំងក្លាពាសពេញពិភពលោក ហើយកម្ពុជាក៏កំពុងជួបបញ្ហានេះដែរ។

តើអ្នកណាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ? ហេតុអ្វីបានជាពួកគេបង្កើតព័ត៌មានក្លែងក្លាយ? តើព័ត៌មានក្លែងក្លាយជះឥទ្ធិពលអ្វីខ្លះ? ត្រូវធ្វើដូចម្ដេចខ្លះ ដើម្បីដឹងច្បាស់ពីព័ត៌មានក្លែងក្លាយ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ?

ដើម្បីរួមគ្នាទប់ស្កាត់បញ្ហានេះ ទើបនាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ សារព័ត៌មានអេឡិចត្រូនិកថ្មីៗក្រោមការសហការឧបត្ថម្ភពីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្ដីពី ការប្រឆាំងព័ត៌មានក្លែងបន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជា នៅទីស្នាក់ការសារព័ត៌មានថ្មីៗ ក្រោមអធិបតីភាពលោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក Michael NEWBILL អនុប្រធានបេសកកម្មស្ថានទូតអាមេរិកប្រចាំកម្ពុជា និងមានការចូលរួមពីវាគ្មិនជនជាតិអាមេរិក និងវាគ្មិនមកពីអង្គភាពព័ត៌មានមួយចំនួនផងដែរ។

គណៈអធិបតី និងវាគ្មិនក្នុងអង្គសិក្ខាសាលា បានលើកបង្ហាញថា ខណៈដែលប្រព័ន្ធបច្ចេកវិទ្យាមានការរីកចម្រើន ប្រភពព័ត៌មានក្លែយក្លែង និងក្លែងបន្លំច្រើនតែចេញពីបណ្តាញទំនាក់ទំនងសង្គម គេហទំព័រ ឬព័ត៌មាន Online ដែលគ្មានប្រភពច្បាស់លាស់ ដែលមានការចែកចាយព័ត៌មានក្លែងក្លាយតាមបណ្ដាញសង្គមច្រើនឡើងៗ ធ្វើឱ្យសាធារណជនមានការយល់ច្រឡំច្រើនទៅៗដែរ ដែលនេះជាកង្វល់ដ៏ធំរបស់ពិភពលោក។

បើតាមលោក មាស សុភ័ណ្ឌ ទោះបីជាមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនក៏ពិតមែន ក៏ប៉ុន្តែនិន្នាការរីកចម្រើនដ៏ឆាប់រហ័សនេះ ក៏បានបង្កើតនូវបញ្ហាប្រឈមនានាផងដែរ ពិសេសបញ្ហាដែលបណ្ដាលមកពីព័ត៌មានក្លែងបន្លំ ព័ត៌មានក្លែងក្លាយ ដែលបញ្ហានេះបានក្លាយជាបញ្ហាសកលលោកទាំងមូល ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។

លោកថា នៅក្នុងប្រទេសកម្ពុជា បញ្ហាព័ត៌មានក្លែងបន្លំកំពុងក្លាយជាបញ្ហាធំមួយ ដែលតម្រូវឱ្យរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ភាគីពាក់ព័ន្ធទាំងអស់ រួមជាមួយអ្នកសារព័ត៌មាន ត្រូវយកចិត្តទុកដាក់រួមគ្នាទប់ទល់ការរីកសាយភាយនៃព័ត៌មានក្លែងបន្លំ ដែលអាចបង្កភាពអន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្ដាប់ធ្នាប់សាធារណៈ ការរើសអើងនឹងវប្បធម៌ប្រពៃណីជាតិ។

អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ថា ព័ត៌មានក្លែងបន្លំមាននៅគ្រប់វិស័យ ទាំងវិស័យនយោយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងវិស័យជាច្រើនទៀត។

លោក លាង ដឺលុច អគ្គនាយកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ បានថ្លែងថា បញ្ហាព័ត៌មានក្លែងក្លាយ និងក្លែងបន្លំនេះ ត្រូវបានប្រយុទ្ធប្រឆាំងទប់ស្កាត់ជាបន្តមកហើយ ទាំងកម្រិតជាតិ តំបន់ និងកម្រិតពិភពលោក ប៉ុន្តែបញ្ហានេះនៅតែបន្តរីករាលដាលទៅមុខ ដូច្នេះហើយភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តចូលរួមទប់ស្កាត់បញ្ហាដ៏មុតស្រួចនេះ ឱ្យមានប្រសិទ្ធភាពខ្លាំងក្លាបន្ថែមទៀត។

វាគ្មិនបានបង្ហាញពីការសង្កេតឃើញថា ដើម្បីកេងចំណេញផលប្រយោជន៍អ្វីមួយ ឬច្រើនសម្រាប់អាជីវកម្មពួកគេ ឬដើម្បីកេងចំណេញនយោបាយ ពួកគេបានប្រើប្រាស់វិធីសាស្ត្របញ្ជូន ឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទៅកាន់សាធារណជន តាមរយៈបណ្ដាញទំនាក់ទំនងសង្គម គេហទំព័រ ឬធ្វើឱ្យអ្នកសារព័ត៌មានដែលចងម៉ុងសរសេរព័ត៌មាន មានការយល់ច្រឡំ និងសរសេរព័ត៌មានទាំងមិនដឹងច្បាស់លាស់ផងដែរ។

លោក Michael NEWBILL បានលើកឡើងថា ប្រភពព័ត៌មានមិនពិត ក៏បានបំផ្លាញតួនាទីព័ត៌មានដែលមានវិជ្ជាជីវៈនៅក្នុងសង្គមផងដែរ។

លោក លាង ដឺលុច បានថ្លែងទៀតថា ដើម្បីចូលរួមក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ គឺផ្ដើមចេញពីយើងម្នាក់ៗ ពោលគឺនៅពេលដឹង ឬឃើញព័ត៌មានក្លែងក្លាយហើយ យើងគប្បីតែផ្សព្វផ្សាយទៅកាន់អ្នកនៅជុំវិញខ្លួន ឬអ្នកធ្វើការជាមួយគ្នា ឬសាច់ញាតិរបស់ខ្លួន ដើម្បីទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយនោះបន្ត។

លោក មាស សុភ័ណ្ឌ បានបន្តដែរថា ក្រសួងព័ត៌មានបានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់នូវចំណុចមួយចំនួន រួមមាន៖ គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន ខិតខំពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន បន្ថែមសកម្មភាពចុះទៅយកព័ត៌មានដល់ទីកន្លែងផ្ទាល់ ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិតប្រាកដ ផ្សព្វផ្សាយតែព័ត៌មានពិតគ្មានការក្លែងបន្លំ។

ទន្ទឹមនឹងនោះ លោកក៏បានលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានទាំងអស់ ខិ​តខំផលិតអត្ថបទជាការអប់រំ ការផ្ដល់ចំណេះដឹងដល់សាធារណជនឱ្យបានយល់កាន់តែទូលំទូលាយ អំពីផលវិបាកនៃព័ត៌មានក្លែយក្លាយ និងក្លែងបន្លំ។

លោក អាន គុន្ធធារ៉ា ការីព័ត៌មាននៃអង្គភាពព័ត៌មាន Fresh News ដែលបានចូលរួមក្នុងសិក្ខាសាលាខាងលើនេះក៏យល់ឃើញថា បច្ចុប្បន្ននេះ កម្ពុជាគឺពិតជាជួបនូវបញ្ហាកង្វល់យ៉ាងខ្លាំងចំពោះព័ត៌មានក្លែងក្លាយ ឬហៅថា Fake News នេះ ដូច្នេះបានជាអង្គភាពព័ត៌មាន Fresh News ក្រោមការដឹកនាំរបស់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិ ក៏បាននិងកំពុងខិតខំយកចិត្តទុកដាក់ និងចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬក្លែងបន្លំនេះផងដែរ ដោយលោកតែងតែណែនាំដល់ការីព័ត៌មាន និងបុគ្គលិកពាក់ព័ន្ធទាំងអស់ ត្រូវយកព័ត៌មានណាដែលមានប្រភពច្បាស់លាស់ មានការបញ្ជាក់ពីប្រភពព័ត៌មានទាំងឡាយ មុននឹងសរសេរព័ត៌មានចេញផ្សាយ ពោលដំណឹងណាដែលគ្មានប្រភពច្បាស់លាស់ គ្មានឯកសារយោង ដាច់ខាតមិនឱ្យផ្សព្វផ្សាយនោះទេ៕