(កំពង់ចាម)៖ បន្ទាប់ពីទទួលបានបទបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមហើយនោះ កម្លាំងសមត្ថកិច្ចចម្រុះ មានទាំងកម្លាំងនគរបាល ខណ្ឌរដ្ឋបាលជនផល អាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបបទល្មើសនេសាទចំនួន៣ទីតាំងផ្សេងគ្នា នៅស្រុកកំពង់សៀមរាប ដោយដកហូតបានវត្ថុតាងមួយចំនួន និងចាក់លែងកូនត្រីចូលបឹងវិញ ជាង២០០គីឡូក្រាម។
របាយការណ៍ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែតុលាម្សិលមិញ ដោយកម្លាំងអធិការនគរបាលស្រុកកំពង់សៀម សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រក-គៀនជ្រៃ អាជ្ញាធរឃុំ និងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម។
របាយការណ៍ដដែលបញ្ជាក់ថា ទីតាំងទី១៖នៅចំណុចវត្តល្ពាក ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាលទ្ធផល ដកហូតបាន លូស្បៃមុង ចំនួន៥៦មាត់, របាំងព្រួល ប្រវែង២,៨០០ម៉ែត្រ, បង្គោលឬស្សី ចំនួន១,១២០ដើម និងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិចំនួន១៦៨គីឡូក្រាម។ ទីតាំងទី២៖នៅចំណុចព្រែកកៀនជ្រៃ ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ដកហូតបាន ដាយចំនួន១មាត់ និងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិចំនួន២គីឡូក្រាម។ ទីតាំងទី៣៖ នៅចំណុចទួលចង្អើរ ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ដកហូតបាន លូស្បៃមុង ចំនួន២៥មាត់, របាំងព្រួល ប្រវែង៧៥០ម៉ែត្រ, បង្គោលឬស្សី ចំនួន៣៧៥ដើម និងចាក់លែងកូនត្រីចម្រុះ ចូលបឹងធម្មជាតិចំនួន៥១គីឡូក្រាម។
ចំពោះសម្ភារវត្ថុតាង បានសហការដុត និងកាប់បំផ្លាញចោលនៅចំណុចមុខវត្តកែវឧទ្យានល្ពាក ស្ថិតក្នុងភូមិល្ពាក ឃុំស្រក ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕